សាលាឧទ្ធរណ៍នៅថ្ងៃទី៤ ខែកក្កដា សម្រេចច្រានចោលបណ្ដឹងសុំមោឃភាព ឬបញ្ឈប់នីតិវិធីលើប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ហើយបញ្ជូនសំណុំរឿងនេះឲ្យសាលាដំបូងរាជធានីភ្នំពេញ បន្តចំណាត់ការរបស់ខ្លួនដដែល។ ការច្រានចោលនេះ ត្រូវបានអ្នកវិភាគយល់ថា ជារឿងនយោបាយដែលមានតែវិធីសាស្ត្រស្វះស្វែងរកការចរចាជាមួយគណបក្សកាន់អំណាច ទើបអាចដោះស្រាយបញ្ចប់រឿងបាន។
វាមិនមែនជារឿងចម្លែកនោះទេចំពោះប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា ដែលគេដឹងថា ភាគច្រើនឲ្យតែសាលាដំបូងសម្រេចយ៉ាងណាហើយ ពេលទៅប្ដឹងបន្តនៅសាលាឧទ្ធរណ៍ ឬតុលាការកំពូលនោះ លទ្ធផលអាចនៅដដែល ឬជួនកាលអាចធ្វើឲ្យផុងខ្លួនជាងមុនទៀតផង។
ជាក់ស្តែងសវនាការលើបណ្ដឹងមោឃភាពរបស់ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា ដែលស្នើសុំឲ្យសាលាឧទ្ធរណ៍ទម្លាក់ចោលបទចោទ "បដិសេធមិនចូលខ្លួន" មកលើលោក កឹម សុខា នោះ ត្រូវបានសាលាឧទ្ធរណ៍រក្សាសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដដែល។
តំណាងមេធាវីការពារក្តីលោក កឹម សុខា គឺលោក ហែម សុជាតិ ឲ្យដឹងថា មូលហេតុដែលសាលាឧទ្ធរណ៍សម្រេចបញ្ជូនរឿងនេះត្រឡប់ទៅសាលាដំបូងរាជធានីភ្នំពេញ ឲ្យបន្តស៊ើបសួរទៀតនោះ ក្រោមហេតុផលថា សាលាឧទ្ធរណ៍គ្មានមូលភាព ឬសមត្ថភាពពិចារណាលើរឿងនេះ៖ « សភាស៊ើបសួរថាអ្វីដែលមេធាវីបានលើកឡើងពាក់ព័ន្ធនឹងអភ័យឯកសិទ្ធិដែលកំណត់ក្នុងមាត្រា៨០ រដ្ឋធម្មនុញ្ញ មាត្រា៧ និងមាត្រា៩ នៃលក្ខន្តិកៈតំណាងរាស្ត្រនោះ គឺខាងសភាស៊ើបសួរបញ្ជាក់ថា គ្មានមូលភាព និងគ្មានសមត្ថកិច្ចពិចារណាលើរឿងនេះទេ។ ហើយអ្វីដែលជាការលើកឡើងរបស់មេធាវីនៅក្នុងសវនាការនោះ គឺអត់មានការឆ្លើយតបត្រឡប់មកវិញនោះទេ»។
ក្រោយពីបរាជ័យនៅសាលាឧទ្ធរណ៍ ក្រុមមេធាវីនឹងពិចារណាដាក់បណ្ដឹងសារទុក្ខទៅតុលាការកំពូល និងពិនិត្យមើលលទ្ធភាពដើម្បីប្ដឹងទៅឧត្តមក្រុមប្រឹក្សាអង្គចៅក្រមអំពីករណីតុលាការធ្វើខុសនីតិវិធីនេះដែរ។
ចំពោះសេចក្តីសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍នេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថា គឺជាការសម្រេចមានចរិតនយោបាយ ដោយមិនផ្អែកលើមូលដ្ឋានច្បាប់ឡើយ។ ក្នុងសេចក្តីថ្លែងការណ៍នោះ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បង្ហាញការព្រួយបារម្ភអំពីភាពលម្អៀងរបស់តុលាការនៅកម្ពុជា ដែលនាំឲ្យចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការខ្លះធ្វើការអនុវត្ត និងធ្វើសេចក្តីសម្រេចដោយរំលោភលើនីតិវិធី និងច្បាប់ជាធរមាន រហូតដល់ហ៊ានរំលោភលើរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិទៀតផង។
ជាក់ស្តែង ការសម្រេចឲ្យចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន និងឃុំខ្លួនសមាជិកសភាកន្លងមក គឺមិនបានលើកអភ័យឯកសិទ្ធិសភាជាមុន ស្របតាមមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ និងមាត្រា៧ នៃច្បាប់លក្ខន្តិកៈតំណាងរាស្ត្រ។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានទេនៅថ្ងៃទី៤ ខែកក្កដា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ប៉ុន្តែលោក គឹម សន្តិភាព បានប្រាប់សារព័ត៌មានហ្វ្រែសញ៉ូវ (Fresh News) ថា ការសម្រេចរបស់តុលាការ គឺជាការសម្រេចតាមនីតិវិធីនៃច្បាប់ជាធរមាន ពុំមានលក្ខណៈត្រង់ណាមួយដែលបង្ហាញអំពីចរិតនយោបាយ ដូចការចោទប្រកាន់នោះទេ។ លោកថា មានតែថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទេ ដែលយកចរិតនយោបាយដាក់ខ្លួនជាលេសការពារខ្លួន ក្នុងខណៈដែលខ្លួនប្រព្រឹត្តបទល្មើសជាលក្ខណៈបុគ្គលផ្ទាល់ខ្លួន។
រីឯសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា នៅក្នុងប្រទេសដែលមិនទាន់មានប្រជាធិបតេយ្យពិតប្រាកដនោះ គឺប្រព័ន្ធតុលាការគ្រាន់តែជាឧបករណ៍របស់អ្នកនយោបាយមានអំណាចប៉ុណ្ណោះ។ លោកបន្ថែមថា ការដោះស្រាយបណ្ដឹងភាគច្រើននៅកម្ពុជា គឺមានចរិតនយោបាយ ដោយតែងតែសង្កេតឃើញថា តុលាការតែងចាត់វិធានការយ៉ាងតក់ក្រហល់ និងមានប្រសិទ្ធភាព បន្ទាប់ពីមានបញ្ជារបស់អ្នកនយោបាយធំៗ៖ « បើខ្ញុំមើលឫសគល់បញ្ហារបស់លោក កឹម សុខា គឺវាកើតចេញពីបញ្ហានយោបាយ។ ដូច្នេះការដោះស្រាយ គួរតែត្រូវបានដោះស្រាយតាមបែបនយោបាយ ដោយភាគីទាំងពីរធ្វើការចរចាគ្នា ដើម្បីរកដំណោះស្រាយមួយដែលអាចទទួលយកបាន ហើយដែលធ្វើឲ្យកម្ពុជា យើង ទទួលបានផលចំណេញទាំងអស់គ្នា ដោយមិនត្រូវឲ្យភាគីណាមួយគ្មានផ្លូវដើរនោះទេ។ ខ្ញុំគិតថា នោះគឺជាសារមួយដ៏សំខាន់ដែលប្រាប់ទៅប្រជាពលរដ្ឋថា កម្ពុជា មានឯកភាពជាតិ ហើយបរទេសដែលនៅជិតខាងមិនអាចកេងចំណេញពីការបែកបាក់ជាតិរបស់កម្ពុជា នោះទេ »។
លោក កឹម សុខា ត្រូវបានព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ថា បានប្រព្រឹត្តបទល្មើសជាក់ស្ដែង បន្ទាប់ពីលោកបានបដិសេធមិនចូលខ្លួនទៅបំភ្លឺចំនួនពីរលើកក្នុងសំណុំរឿងសញ្ចារកម្ម ពាក់ព័ន្ធនឹងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ ករណីចោទប្រកាន់ពីបទល្មើសជាក់ស្ដែងនេះ លោក កឹម សុខា បានសម្រេចទៅស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ អស់រយៈពេលជាងមួយខែមកហើយ ក្រោយពីមានការប៉ុនប៉ងចាប់ខ្លួនរូបលោក។ លោកអាចប្រឈមនឹងការជាប់ពន្ធនាគារពី ១ខែទៅ ៦ខែ ប្រសិនបើតុលាការរកឃើញកំហុស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
