អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ហៅ​មន្ត្រី​២​រូប​សាកសួរ​រឿង​ពុករលួយ

0:00 / 0:00

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទម្លាយ​ជា​សាធារណៈ​នូវ​ករណី​សង្ស័យ​កើត​មាន​អំពើ​ពុករលួយ​ចំនួន​ពីរ ក្នុង​រយៈពេល​១​ខែ​ចុង​ក្រោយ​នេះ។ ករណី​ទី​១ ជា​បណ្ដឹង​របស់​និស្សិត​ផ្នែក​កសិកម្ម​ដែល​ប្ដឹង​មន្ត្រី​រៀបចំ​ការ​ប្រឡង​ចូល​ក្របខ័ណ្ឌ​មេព្រៃ​ពី​បទ​ស៊ី​សំណូក។ ករណី​ទី​២ ជា​បណ្ដឹង​របស់​ពលរដ្ឋ​ដែល​ប្ដឹង​ថា មន្ត្រី​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ ពី​បទ​បង្កើត​ការិយាធិបតេយ្យ និង​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ដែល​ទៅ​រក​សេវា​ធ្វើ​លិខិត​ស្នាម​រៀបការ​ជាមួយ​ជន​បរទេស។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ដើម​ខែ​មេសា នេះ ប្រកាស​ស្នើ​ឲ្យ​មន្ត្រី​ក្រសួង​កសិកម្ម ឈ្មោះ ថៃ វុទ្ធី ចូល​មក​បំភ្លឺ​ក្នុង​រឿង​ប្រព្រឹត្ត​អំពើ​ពុករលួយ ដើម្បី​ឆ្លើយ​តប​នឹង​បណ្ដឹង​របស់​ក្រុម​និស្សិត​សកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការដូង និង​សាលា​ជាតិ​កសិកម្ម​ព្រែក​លៀប។

ក្រុម​និស្សិត​ប្ដឹង​ចូល​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១២ និង​ចុង​ខែ​មីនា ឆ្នាំ​២០១៣ ដោយ​លើក​ឡើង​ថា ការ​ប្រឡង​ចូល​ក្របខ័ណ្ឌ​ក្រសួង​កសិកម្ម មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ដូច​ជា ការ​ទទួល​សំណូក​ចំនួន ៤​ពាន់ ទៅ ៥​ពាន់​ដុល្លារ ពី​និស្សិត​ម្នាក់ៗ​ជា​ថ្នូរ​នឹង​ប្រឡង​ជាប់​ចូល​ក្របខ័ណ្ឌ​ផ្នែក​រដ្ឋបាល​ព្រៃឈើ។ និស្សិត​ដែល​មាន​សមត្ថភាព​ធ្វើ​វិញ្ញាសា​បាន​ពី ៨០ ទៅ ៩០% ប្រឡង​មិន​ជាប់​ជាដើម។

លិខិត​មួយ​ទៀត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក៏​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​រៀបចំ​ឯកសារ​សុំ​រៀបការ​ជាមួយ​ជនបរទេស។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ស្រង់​ខ្លឹមសារ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ដែល​លើក​ឡើង​ថា មន្ត្រី​ធ្វើ​ការ​នៅ​ក្នុង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ទារ​លុយ​ក្រៅ​ផ្លូវ​ការ​ពី​ប្រជាពលរដ្ឋ​ដែល​ដាក់​ពាក្យ​ស្នើ​សុំ​រៀបការ​ជាមួយ​ជនបរទេស ឬ​អាណិកជន​ខ្មែរ​នៅ​បរទេស ពី ១០ ទៅ ២០​ដុល្លារ​ក្នុង​មួយ​កន្លែងៗ ដែល​គិត​ជា​រួម ប្រជាពលរដ្ឋ​ម្នាក់ៗ​ត្រូវ​ចំណាយ​ប្រាក់​អស់​ជាង ១០០​ដុល្លារ និង​អូស​បន្លាយ​រយៈពេល​បំពេញ​បែប​បទ​ថែម​ទៀត។

ប្រធាន​បណ្ដាញ​រួបរួម​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក ប្រចាំ​នៅ​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា បណ្ដឹង​ពីរ​ករណី​នេះ​ជា​សញ្ញា​វិជ្ជមាន​ថ្មី​មួយ​នៃ​ការ​ចូល​រួម​ប្រឆាំង​អំពើ​ពុករលួយ​របស់​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​តែ​ឆ្លើយ​តប​ឲ្យ​បាន​ឆាប់​រហ័ស និង​ប្រកប​ដោយ​តម្លាភាព ដើម្បី​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឲ្យ​ចូល​រួម​ប្ដឹង​ពី​ករណី​ពុករលួយ​ត​ទៅ​ទៀត។

លោក​បញ្ជាក់​ថា កន្លង​មក​ការ​ចាត់​វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ហាក់​នៅ​មាន​កម្រិត ដោយ​មិន​ទាន់​គួរ​ឲ្យ​សាទរ​ទេ៖ «ទន្ទឹម​នឹង​បញ្ហា​ហ្នឹង យើង​ចង់​ឃើញ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ហ្នឹង​ចាត់​ការ​ស៊ើប​អង្កេត​ករណី​ហ្នឹង​តាម​ច្បាប់។ យើង​ឃើញ​ថា ចំណាត់ការ​របស់​អង្គភាព​ហ្នឹង​នៅ​មាន​កម្រិត​បើ​ធៀប​នឹង​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​យើង​មើល​ឃើញ​ថា មាន​អំពើ​ពុករលួយ​មាន​ច្រើន​ណាស់។ ក្រៅ​ពី​រឿង​និស្សិត​កសិកម្ម​ប្ដឹង​ហ្នឹង ក៏​មាន​តម្រុយ​ខ្លះ​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដែរ ដូចជា​ផ្លូវ​ជាតិ​ធំៗ​ហ្នឹង ដូច​ជា​ផ្លូវ​ជាតិ​ឆាប់​ខូច តើ​កិច្ច​សន្យា​ផ្លូវ​ហ្នឹង​ប៉ុន្មាន​ឆ្នាំ? ហើយ​ការ​ខូចខាត​ហ្នឹង​បណ្ដាល​មក​ពី​អី? អង្គភាព​នេះ​មិន​ទាន់​ចាត់​វិធានការ​នៅ​ឡើយ​ទេ»

លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ក៏​ត្រូវ​តែ​ចូល​រួម​បន្ត​ទៀត និង​តាម​ដាន​ឃ្លាំមើល​ការ​អនុវត្ត​របស់​ក្រុម​មន្ត្រី​រដ្ឋាភិបាល និង​ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាត់​វិធានការ​តាម​ច្បាប់​ចំពោះ​ជន​ពុករលួយ ដើម្បី​ឲ្យ​មាន​យុត្តិធម៌​សង្គម និង​ការ​អភិវឌ្ឍ។

ទាក់ទង​នឹង​សំណុំ​រឿង​ពុករលួយ​នេះ ក្រុម​និយោជិត​ទូរគមនាគមន៍​កម្ពុជា កាល​ពី​ដើម​ឆ្នាំ​នេះ ក៏​បាន​ស្នើ​សុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចុះ​ស៊ើប​អង្កេត​ករណី​ពុករលួយ​របស់​ថ្នាក់​ដឹកនាំ​ដែរ។

ក្រុម​និយោជិក​ប្រមាណ ២០០​នាក់ ​នៅ​ទូរគមនាគមន៍​កម្ពុជា (Telecom Cambodia) បាន​ធ្វើ​ពហិការ​មិន​ចូល​ធ្វើការ និង​ឈរ​លើក​បដា​ទាមទារ​នៅ​ខាង​មុខ​សហគ្រាស​ដើម្បី​ស្នើ​សុំ​ឲ្យ​អគ្គនាយក​ឈ្មោះ ឡៅ សារឿន ចុះ​ចេញ​ពី​តំណែង ដោយ​ហេតុផល​ថា អគ្គនាយក​រូប​នោះ​ដឹក​នាំ​មិន​មាន​ការ​រីក​ចំរើន មាន​បក្ស​ពួក​និយម និង​ប្រព្រឹត្ត​អំពើ​ពុករលួយ។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏​បាន​ទទួល​សំណើ​ស៊ើប​អង្កេត​លើ​ករណី​នេះ តែ​មិន​ទាន់​ប្រកាស​ពី​លទ្ធផល​ស៊ើប​អង្កេត​នៅ​ឡើយ។ ប៉ុន្តែ​មួយ​ខែ​ក្រោយ​មក លោក ឡៅ សារឿន ត្រូវ​បាន​ដំឡើង​តំណែង​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ទៅ​វិញ។ សង្គម​ស៊ីវិល​ក៏​ធ្លាប់​ចេញ​សេចក្ដី​ថ្លែងការណ៍​រិះគន់​ការ​ដោះដូរ​តំណែង​នេះ ថា​ជា​រឿង​មិន​សម​ហេតុ​ផល និង​ជំរុញ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​ឡើង​វិញ​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា​ក្តី ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មាន​បណ្ដឹង​រាប់​រយ​ដែល​ប្ដឹង​ចូល​អង្គភាព​នេះ។ ហើយ​អង្គភាព​នេះ​បាន​ចាត់​ចែង​ការងារ​តាម​ដំណាក់កាល ដើម្បី​ឆ្លើយ​តប​ទៅ​ពលរដ្ឋ​វិញ។ លោក​បន្តថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជា​អង្គភាព​វិជ្ជាជីវៈ ដែល​មាន​ភារកិច្ច​អនុវត្ត​ច្បាប់ ដូចនេះ​មន្ត្រី​ពុករលួយ​ត្រូវ​តែ​មាន​ទោស។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេសា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ឃាត់​ខ្លួន​មន្ត្រី​នៃ​មន្ទីរ​សង្គមកិច្ច​ខេត្ត​ពោធិ៍សាត់ ២​រូប ហើយ​មួយ​ថ្ងៃ​បន្ទាប់​បាន​ឃាត់​ខ្លួន​បន្ថែម ១​រូប​ទៀត សរុប​ទាំង​អស់ ៣​រូប។ ជន​សង្ស័យ​ចំនួន ២​រូប ត្រូវ​បាន​បញ្ជូន​មក​ឲ្យ​តុលាការ​ធ្វើ​ការ​ស៊ើបសួរ រួច​តុលាការ​ក៏​សម្រេច​ធ្វើ​ការ​ឃុំ​ខ្លួន​ពី​បទ​ប្រព្រឹត្ត​ខុស​វិតិក្រម​មាត្រា ៥៩២ និង ៥៩៣។ ចំពោះ​ករណី​សង្ស័យ​មាន​អំពើ​ពុករលួយ​ក្នុង​ការ​ប្រឡង​ចូល​ក្របខ័ណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ និង​ករណី​ពុករលួយ​នៅ​អង្គភាព​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នេះ​វិញ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​ស្ថាប័ន​ដែល​រង​ការ​ប្ដឹង​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។