អង្គភាពប្រឆាំងអំពើពុករលួយទាមទារឲ្យសមាជិកក្រុមប្រឹក្សារាជធានីខេត្ត និងក្រុងស្រុកខណ្ឌអាណត្តិទី២ ដែលទើបជាប់ឆ្នោតថ្មី ប្រកាសទ្រព្យសម្បត្តិ និងបំណុលក្រោយប្រកាសសុពលភាពយូរបំផុត ៣០ថ្ងៃ។
ច្បាប់ប្រឆាំងអំពើពុករលួយចែងឲ្យមន្ត្រីជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល មន្ត្រីសា្ថប័នតុលាការ មន្ត្រីសាធារណៈដែលមានអាណត្តិជ្រើសតាំង និងមន្ត្រីរាជការដែលតែងតាំងដោយព្រះរាជក្រឹត្យ និងអនុក្រឹត្យ ត្រូវប្រកាសទ្រព្យសម្បត្តិមុនពេលចូលកាន់តំណែង និងក្រោយពេលចាកចេញពីតំណែង។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានស្នើដល់ក្រសួងមហាផ្ទៃ ឲ្យផ្ដល់បញ្ជីឈ្មោះរបស់សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតអាណត្តិទី២ ជូនស្ថាប័នប្រឆាំងអំពើពុករលួយ ដើម្បីតម្រូវឲ្យមន្ត្រីទាំងនោះចូលប្រកាសទ្រព្យសម្បត្តិ និងបំណុលឲ្យស្របតាមច្បាប់ប្រឆាំងអំពើពុករលួយ។
សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុងស្រុកខណ្ឌ អាណត្តិទី២ ទើបជាប់ឆ្នោតថ្មីឆ្នាំ២០១៤ ហើយត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុល មានចំនួនជាង ៣ពាន់ ៣រយនាក់ (៣.៣២៤)។
លិខិតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ផ្ញើជូនលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ស្នើផ្ដល់បញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាថ្មី ចុះកាលបរិច្ឆេទថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤។
ទាក់ទិនបញ្ហានេះ លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ថ្លែងសាទរចំពោះសកម្មភាពរបស់ស្ថាប័នប្រឆាំងអំពើពុករលួយពេលនេះ។ ប៉ុន្តែស្នើឲ្យពិនិត្យកែប្រែច្បាប់ដែលឈានដល់បើកចំហការប្រកាសទ្រព្យសម្បត្តិនេះនៅថ្ងៃអនាគត៖ «វាល្អហើយនៅពេលដែលមន្ត្រីម្នាក់ៗ ចូលកាន់តំណែងហើយប្រកាសទ្រព្យសម្បត្តិ។ ប៉ុន្តែយើងត្រូវប្រកាសជាចំហ។ ជាមួយយើងត្រូវកែប្រែច្បាប់ប្រឆាំងអំពើពុករលួយ ហើយយើងត្រូវធ្វើការតាមដាន យើងត្រូវធ្វើការស៊ើបអង្កេតជាប្រចាំក្នុង ១ឆ្នាំៗយើងអាចពិនិត្យមើលទ្រព្យសម្បត្តិមុនគេហ្នឹង គឺនាយករដ្ឋមន្ត្រី ឬឧបនាយករដ្ឋមន្ត្រីជាដើម ជាប្រចាំឆ្នាំថា តើប្រាក់ខែគាត់ប៉ុណ្ណឹង ហើយគាត់កើនបានប៉ុណ្ណា។ បើមិនអ៊ីចឹងគ្រាន់តែប្រកាសឲ្យបានតែល្អមើល ហើយដើម្បីគំរាមកំហែងបន្តទៀត មិនឲ្យនរណាចេញពីប្រព័ន្ធបាន»។
ស្រដៀងគ្នាដែរ សម្រាប់ លោក សួន ប៊ុនសក្តិ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ឬហៅកាត់ ច្រាក់ (CHRAC) ក៏ចាត់ទុកសកម្មភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយថា កំពុងមានការវិវត្តន៍ទៅមុខ៖ «ខ្ញុំឯកភាពជាមួយការទាមទារឲ្យមានការប្រកាសទ្រព្យសម្បត្តិជាចំហ។ ប៉ុន្តែយ៉ាងហោចណាស់នៅប្រទេសកម្ពុជា យើងដែលមានឆន្ទៈប្រឆាំងអំពើពុករលួយប៉ុណ្ណឹង ហើយយើងធ្វើបានប៉ុណ្ណឹង ក្នុងឋានៈខ្ញុំជាប្រជាពលរដ្ឋខ្មែរ ក៏សុំសាទរផងដែរ។ ប៉ុន្តែថ្ងៃខាងមុខគួរមានយុទ្ធនាការមួយសូមឲ្យប្រកាសទ្រព្យសម្បត្តិហ្នឹងជាចំហដែរ ដើម្បីសាធារណជនកម្ពុជា ជាទូទៅ ងាយពិនិត្យមើលស្ថានភាពទ្រព្យសម្បត្តិនៃមន្ត្រីរាជការរបស់កម្ពុជា»។
នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញថា សមាជិកក្រុមប្រឹក្សាអាណត្តិទី២ សម្រាប់សមាជិកជាប់ឆ្នោតបន្តអាណត្តិមាន ១.៧៧៤នាក់ និងសមាជិកជាប់ឆ្នោតថ្មីមានចំនួន ១.៥៥០នាក់។ សរុបមានចំនួន ៣.៣២៤។
ច្បាប់ស្ដីពី ការប្រឆាំងអំពើពុករលួយបញ្ជាក់ថា សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ ទាំងអ្នកជាប់ឆ្នោតថ្មី និងផុតអាណត្តិ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចគ្នា គឺយ៉ាងយូរ ៣០ថ្ងៃ បន្ទាប់ពីបានចូលកាន់មុខតំណែង ឬផុតអាណត្តិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
