នៅថ្ងៃទី៤ ខែធ្នូ គេហទំព័រឈ្មោះថា "នារីរតនៈ" និងកាសែតក្នុងស្រុកមួយឈ្មោះ "រស្មីកម្ពុជា" បានចុះផ្សាយថា មានមន្ត្រីក្នុងជួរគណបក្សសង្គ្រោះជាតិ បានទម្លាយអាថ៌កំបាំងនៃអំពីពុករលួយពាក់ព័ន្ធនឹងលុយមូលនិធិសង្គ្រោះជាតិ ជាង ១០ម៉ឺនដុល្លារ ត្រូវបាត់បង់ដោយពុំមានមូលហេតុ។ ប៉ុន្តែការចេញផ្សាយអត្ថបទនេះត្រូវបានមន្ត្រីបក្សប្រឆាំងចាត់ទុកថា គឺជាចេតនានយោបាយរបស់គណបក្សម្ខាងទៀត ដើម្បីបំបាក់ស្មារតី និងបំភាន់ភ្នែកចំពោះអ្នកគាំទ្រគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។
ក្រោយពីអត្ថបទរបស់សារព័ត៌មានក្នុងស្រុកបានទម្លាយពីអំពីពុករលួយក្នុងជួរនៃថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិភ្លាមៗ គេហទំព័រឈ្មោះថា នារីរតនៈ ដែលត្រូវគេដឹងថា គឺមានប្រភពចេញពីទីស្ដីការគណៈរដ្ឋមន្ត្រី បានវាយប្រហារយ៉ាងចាស់ដៃប្រឆាំងនឹងអំពើពុករលួយដែលមានអ្នកអះអាងថា មានមន្ត្រីផ្ទៃក្នុងនៃគណបក្សសង្គ្រោះជាតិ ទម្លាយឯកសារឲ្យធ្លាក់ដល់ដៃអ្នកកាសែត កាលពីថ្ងៃអង្គារ ទី៣ ធ្នូ ដើមសប្ដាហ៍នេះ។
អត្ថបទកម្រាស់ពីរទំព័រដែលមានលក្ខណៈបែបអត្ថាធិប្បាយ ចុះថ្ងៃទី៤ ខែធ្នូ សរសេរថា ថ្មីៗនេះ រឿងរ៉ាវអំពើពុករលួយនៅក្នុងគណបក្សសង្គ្រោះជាតិ បានបែកធ្លាយដោយសារទំនាស់ផលប្រយោជន៍ និងទំនាស់ផ្ទៃក្នុងគណបក្សរបស់មន្ត្រីដែលទទួលបន្ទុកថវិការបស់បក្សបានយកទៅចាយវាយ ឬប្រើប្រាស់ជាប្រយោជន៍បុគ្គល។
អត្ថបទដែលដាក់ចំណងជើងថា "ខ្លួនឯងជាចោរតែបែរជាស្រែកឲ្យគេចាប់ចោរវិញ" បានសរសេរបែបចំអកដោយគេហទំព័រឈ្មោះនារីរតនៈ ថា គណបក្សសង្គ្រោះជាតិ លើកឡើងថា ខ្លួនគ្រោងនឹងទម្លាយពីអំពើពុករលួយ និងអត្រាការប្រាក់ខ្ពស់ក្នុងការប្រើប្រាស់ជំនួយរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅកម្ពុជា ប្រាប់ដល់ប្រធាន IMF ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។ អត្ថបទដដែលបន្តការរិះគន់ថា វាជារឿងដែលប្លែក ព្រោះសូម្បីការគ្រប់គ្រងថវិកាក្នុងគណបក្សដ៏តូចមួយនេះ ក៏មានអំពើពុករលួយដែរនោះ។
ប្រតិកម្មទៅនឹងបញ្ហានេះ អគ្គនាយកហិរញ្ញវត្ថុរបស់គណបក្សសង្គ្រោះជាតិ លោក គី វណ្ណដារ៉ា ចាត់ទុកការចេញអត្ថបទបែបនេះ គឺជាចេតនាក្នុងរឿងនយោបាយប៉ុណ្ណោះ។ លោកបន្តថា ស្ថាប័នទាំងពីរ គឺនារីរតនៈ និងកាសែតរស្មីកម្ពុជា គឺជាស្ថាប័នមាននិន្នាការគាំទ្រគោលនយោបាយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ យ៉ាងណាក៏ដោយ លោកអះអាងថា ការរៀបចំថវិកាដែលបានពីសប្បុរសជន គឺចាត់ចែងដោយតម្លាភាព និងត្រូវឆ្លងកាត់គណៈកម្មការរួមជាអ្នកសម្រេចតាមក្រោយថែមទៀត។ ហេតុនេះការប្រព្រឹត្តអំពើពុករលួយ គឺមិនអាចទៅរួចឡើយ។
លោកបន្តថា៖ «ការចុះហ្នឹង គឺគ្រាន់តែមិនដឹងបានព័ត៌មានពីណាមក ហើយយើងខ្ញុំទាំងអស់គ្នានៅក្នុងគណបក្សសង្គ្រោះជាតិ ទាំងថ្នាក់ដឹកនាំ អត់ដែលមានបញ្ហាប្រកែកគ្នា ឬក៏ឈ្លោះគ្នាទាក់ទងនឹងរឿងលុយហ្នឹងផង អត់ផង! ព្រោះយើងបានធ្វើត្រឹមត្រូវទាំងអស់គ្នា យើងគ្រប់ ទាំងប្រើតាមរយៈបច្ចេកទេស ឃ្វីកប៊ុក (Quick book) ទាំងការចុះបញ្ជីផ្ទាល់ដៃ គឺយើងមានលក្ខណៈគ្រប់គ្រាន់ទាំងអស់នៅក្នុងបច្ចេកទេសគណនេយ្យហ្នឹង»។
កាលពីថ្ងៃទី៣ ខែធ្នូ កាសែតរស្មីកម្ពុជា បានចេញផ្សាយដោយស្រងសម្ដីរបស់មន្ត្រីក្នុងជួរគណបក្សសង្គ្រោះជាតិ ដោយមិនបញ្ចេញឈ្មោះ ដែលទម្លាយរឿងបាត់លុយជាង ១០ម៉ឺនដុល្លារក្នុងបក្សមួយនេះ។ កាសែតបានសរសេរទៀតថា ការលេចចេញព័ត៌មានពុករលួយនេះ ដោយសារបញ្ហាផ្ទៃក្នុងបក្សកំពុងប្រឈមមុខនឹងការរង្គោះរង្គើ។
ទោះជាបែបណា មន្ត្រីទទួលបន្ទុកផ្នែកហិរញ្ញវត្ថុរបស់បក្សសង្គ្រោះជាតិ ព្យាយាមមិនបញ្ចេញពីចំណូលនិងចំណាយជាសាធារណៈនៅឡើយទេ ដោយត្រូវរង់ចាំការសម្រេចពីគណៈអចិន្ត្រៃយ៍ជាមុនសិន។ ម្យ៉ាងទៀត រឿងនេះគេចាត់ទុកជាការសម្ងាត់ផ្ទៃក្នុងបក្ស។ ប៉ុន្តែទោះយ៉ាងណាក្តី មន្ត្រីទទួលបន្ទុកផ្នែកហិរញ្ញវត្ថុបានទម្លាយឲ្យដឹងខ្លះៗថា គិតចាប់ពីខែឧសភា រហូតដល់ខែធ្នូ នេះ ចំណូលដែលទទួលបានពីសប្បុរសជនតាមរយៈមូលនិធិសង្គ្រោះជាតិ បានប្រហែល ៦០ម៉ឺនដុល្លារ។ ចំណែកការចំណាយទៅវិញ គឺប្រហាក់ប្រហែលនឹងចំណូលនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
