ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ចាប់ផ្ដើមនៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែឧសភា។
ការបោះឆ្នោតនេះ ធ្វើឡើងជាលក្ខណៈអសកល ដោយមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែងសរុបជាង ១ម៉ឺននាក់ចូលរួមបោះឆ្នោត។
នៅមណ្ឌលបោះឆ្នោតខ្លះនារាជធានីភ្នំពេញ ដូចជានៅមណ្ឌលបឋមសិក្សានរោត្តម និងមណ្ឌលវិទ្យាល័យយុគន្ធរ ដំណើរការបោះឆ្នោតជាធម្មតា ដោយការិយាល័យបោះឆ្នោតចាប់ផ្តើមបើកតាំងពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល ហើយអង្គបោះឆ្នោតបានទៅបោះឆ្នោតក្នុងបន្ទប់បោះឆ្នោតក្រោមការសង្កេតការណ៍របស់មន្រ្តីអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងគណបក្សនយោបាយ។
អ្នកសង្កេតការណ៍នៅតាមការិយាល័យនីមួយៗ គឺបន្ទប់ខ្លះមានអ្នកសង្កេតការណ៍ ២ ឬ ៣នាក់ ប៉ុណ្ណោះ ដែលចំនួនអ្នកសង្កេតការណ៍នេះ គឺតិចតួចជាងអ្នកសង្កេតការណ៍កាលពីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាលពីខែកក្កដា ឆ្នាំ២០១៣។ រីឯកម្លាំងសន្តិសុខការពារសុវត្ថិភាពវិញ ក៏ឃើញដាក់កម្លាំងតិចតួចដែរនៅតាមមណ្ឌលបោះឆ្នោតនីមួយៗ។
ស្របពេលនេះដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានធ្វើសន្និសីទកាសែតស្ដីអំពីដំណើរការបោះឆ្នោតនេះដែរនៅថ្ងៃទី១៨ ឧសភា នេះ។
សមាជិក គ.ជ.ប លោក ម៉ៅ សុភារិទ្ធិ បានប្រកាសថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សា ស្រុក ខណ្ឌ ខេត្ត និង រាជធានី នេះ បានដំណើរការប្រកបដោយជោគជ័យ និងសន្តិភាព
សូមស្ដាប់សេចក្ដីរាយការណ៍បន្ថែមរបស់លោក វណ្ណ វិចារ៖
បក្សប្រជាជននាំមុខគេនៅខេត្តភាគពាយ័ព្យ
ដោយ សួន សុផលមុន្នី
នៅខេត្តភាគពាយ័ព្យប្រទេសកម្ពុជា គេសង្កេតឃើញថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានប្រព្រឹត្តិទៅជាធម្មតាពុំមានបញ្ហាអ្វីកើតមានឡើងគួរឲ្យកត់សម្គាល់នោះឡើយ។ ទន្ទឹមគ្នានេះ អង្គបោះឆ្នោតមកពីគណបក្សនយោបាយនីមួយៗបានទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា នៅតាមមណ្ឌលនិងការិយាល័យបោះឆ្នោតនៅក្នុងខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តបាត់ដំបង។
ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅខេត្តចំនួនបី ឋិតនៅភាគពាយ័ព្យប្រទេសកម្ពុជា បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើននាំមុខគេ បន្ទាប់មកគណបក្សសង្គ្រោះជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិចធ្លាក់នៅលំដាប់លេខរៀងក្រោមគេបង្អស់ក្នុងចំនួនអាសនៈ ៤០៣ របស់ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តបាត់ដំបង។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង លោក វន ពន ថ្លែងថា ការបោះឆ្នោតនៅថ្ងៃទី១៨ ខែឧសភា នេះ បានប្រព្រឹត្តិទៅជាធម្មតា ពុំកើតមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ។ លោកបន្តថា លទ្ធផលបណ្ដោះអាសន្នបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានចំនួនអាសនៈច្រើនជាងគេ បន្ទាប់មកគឺគណបក្សសង្គ្រោះជាតិ៖ «បឋមនេះនៅ CPPដដែលហ្នឹង នាំមុខ ប៉ុន្តែរឿងបាត់បង់សំឡេងអីយើងអត់ទាន់គិតកើតទេ ប៉ុន្តែជារួមគឺថា CPP នាំមុខហើយ ព្រោះថា ក្រុមប្រឹក្សាឃុំសង្កាត់របស់គាត់វាច្រើន។ មានគណបក្សបីដែលបានសំឡេង គឺ CPP សង្គ្រោះជាតិ ហើយនិងហ៊្វុនស៊ិន ប៉ិច។ ថ្ងៃទី២០ (ឧសភា) យើងនឹងធ្វើការត្រួតពិនិត្យបញ្ជាក់រាល់លទ្ធផលបណ្ដោះអាសន្ន និងធ្វើការបែងចែកអាសនៈ»។
នៅខេត្តបាត់ដំបង មានចំនួនអាសនៈក្រុមប្រឹក្សាសរុបចំនួន២១៦។ ក្នុងនោះអាសនៈក្រុមប្រឹក្សាខេត្តមានចំនួន ១៩អាសនៈ ក្រុមប្រឹក្សាក្រុងមានចំនួន ១៥អាសនៈ ក្រុមប្រឹក្សាស្រុកមានចំនួន ១៨២។ រីឯអង្គបោះឆ្នោតមានចំនួន ១.០២៣នាក់ ដែលមកពីគណបក្សនយោបាយចំនួន៤។ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។
ចំណែកនៅខេត្តប៉ៃលិនវិញ មានអាសនៈសរុបចំនួន២៥។ ក្នុងនោះ អាសនៈក្រុមប្រឹក្សាខេត្តមានចំនួន ៩អាសនៈក្រុមប្រឹក្សាក្រុងប៉ៃលិនមានចំនួន១៣អាសនៈ ក្រុមប្រឹក្សាស្រុកសាលាក្រៅមានចំនួន១៣។ អង្គបោះឆ្នោតមានចំនួន ៥២នាក់ មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន លោកស្រី ប៊ុន សុភី បញ្ជាក់ថា ដំណើរការបោះឆ្នោតនៅខេត្តប៉ៃលិន បានប្រព្រឹត្តិជាធម្មតា ពុំមានអ្វីជាឧបសគ្គនោះឡើយ។ លោកស្រីបន្តថា លទ្ធផលបណ្ដោះអាសន្ន គឺគណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលនាំមុខគណបក្សសង្គ្រោះជាតិ៖ «ក្រុមប្រឹក្សាខេត្តដែលយើងមានចំនួន ៩អាសនៈហ្នឹងគណបក្សប្រជាជនកម្ពុជាទទួលបានចំនួន៧ គណបក្សសង្គ្រោះជាតិទទួលបាន ២អាសនៈ។ ក្នុងក្រុមប្រឹក្សាក្រុងប៉ៃលិន មានអាសនៈចំនួន១៣ គណបក្សប្រជាជនទទួលបាន ១១អាសនៈ គណបក្សសង្គ្រោះជាតិទទួលបាន ២ នៅស្រុកសាលាក្រៅ មាន ១៣អាសនៈដូចគ្នា គណបក្សប្រជាជនកម្ពុជា ១០អាសនៈ គណបក្សសង្គ្រោះ៣»។
យ៉ាងណាក៏ដោយ លោកស្រីបញ្ជាក់ថា ទាំងនេះគ្រាន់តែជាលទ្ធផលបណ្ដោះអាសន្នតែប៉ុណ្ណោះ។
ក្រៅពីខេត្តប៉ៃលិននិងខេត្តបាត់ដំបង នៅមានខេត្តបន្ទាយមានជ័យ។ នៅខេត្តបន្ទាយមានជ័យ មានអង្គបោះឆ្នោតចំនួន ៥១៥នាក់ មកពីគណបក្សនយោបាយចំនួនបី។ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ចំនួនអាសនៈសរុបមានចំនួន១៥២។ ក្នុងនោះអាសនៈក្រុមប្រឹក្សាខេត្តមានចំនួន ១៧ និងអាសនៈក្រុមប្រឹក្សា ក្រុងស្រុក មានចំនួន ១៣៥។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ លោក គី គឹមសេង ថ្លែងថា លទ្ធផលជាបណ្ដោះអាសន្នរកឃើញថា គណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលនាំមុខគេ។ រីឯគណបក្សសង្គ្រោះជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលទ្ធផលប្រកិតគ្នានៅតាមស្រុកមួយចំនួន។
លោកបន្តថា នៅក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅឆ្នាំនេះ បានប្រព្រឹត្តិទៅល្អជាងបណ្ដាឆ្នាំកន្លងទៅ៖ «បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈយើងរលូនល្អនៅឆ្នាំនេះ ទាំងការចូលរួមបោះឆ្នោតរបស់ក្រុមប្រឹក្សាឃុំសង្កាត់ក៏មានរបៀបរៀបរយល្អជាងអាណត្តិមុខ ឆ្នាំមុន ពេលយើងតម្រង់ជួរ បានផុតពីតម្រង់ជួរសម្រុកនាំគ្នាចូល»។
ទន្ទឹមគ្នានេះដែរ គេសង្កេតកងកម្លាំងប៉ូលិសត្រូវបានគេដាក់ពង្រាយការពារសន្តិសុខសណ្ដាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់នៅតាមចំណុចគោលដៅសំខាន់ៗដូចគ្នាដែរ។ មន្ត្រីសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តបាត់ដំបង លោក ស៊ុន តឹក ដែលបានចុះអង្កេតដល់កន្លែងបោះឆ្នោតថ្លែងថា ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកនៅឆ្នាំ២០១៤នេះ មានលក្ខណៈល្អប្រសើរ។ តាមការចុះអង្កេតផ្ទាល់ លោកថា ពុំមានបាតុភាពអ្វីកើតមានដែលនាំឲ្យមានការព្រួយបារម្ភនោះឡើយ។
ភាពមិនប្រក្រតីនៅមណ្ឌលបោះឆ្នោតនៅព្រៃវែង
ដោយ ហ៊ុំ ចំរើន
លទ្ធផលការបោះឆ្នោតបណ្ដោះអាសន្នក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ នៅខេត្តព្រៃវែង និងខេត្តស្វាយរៀង ពុំមានអ្វីប្រែប្រួលជាដុំកំភួនទេ។ ប៉ុន្តែក្នុងការិយាល័យបោះឆ្នោត លេខ០០១២ នៅវត្តតាកោ ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង មានការប្រកែកតឹងសរសៃកដាក់គ្នារឿងភាពមិនប្រក្រតីនៃសន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតគណបក្សសង្គ្រោះជាតិ ផ្ទុះឡើងក្នុងពេលរាប់សន្លឹកឆ្នោតនៅព្រឹកថ្ងៃ ទី១៨ ឧសភា។ ការតវ៉ានោះត្រូវបានបញ្ចប់ទៅវិញក្នុងរយៈពេលប្រមាណ ២ម៉ោង បន្ទាប់ពីមានការសម្របសម្រួលរបស់គណៈកម្មការរៀបចំការបោះឆ្នោត។
ការប្រកែកគ្នាមួយប្រាវក្នុងការិយាល័យបោះឆ្នោតនេះ កើតឡើងដោយសារសន្លឹកឆ្នោតរបស់គណបក្សសង្គ្រោះជាតិ មួយសន្លឹក មានស្នាមប្រឡាក់ទឹកត្រាក្រហមក្នុងពេលដែលរាប់សន្លឹកឆ្នោតក្រុមប្រឹក្សាស្រុកពោធិ៍រៀង។ ពេលនោះមន្ត្រីរៀបចំការបោះឆ្នោតប្រចាំនៅការិយាល័យពុំទទួលស្គាល់សន្លឹកឆ្នោតដែលប្រឡាក់ទឹកត្រាក្រហមនោះទេ ហើយបានចាត់ទុកសន្លឹកឆ្នោតនោះជាសន្លឹកឆ្នោតមិនបានការ។ ភ្លាមនោះមន្ត្រីគណបក្សសង្គ្រោះជាតិ ប្រមាណ ២០នាក់ បានប្រកែកមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅក្នុងការិយាល័យ ០០១២ នោះឡើយ។
ការប្រកែកគ្នានេះដោយសារសំឡេងឆ្នោតនៅស្រុកពោធិ៍រៀង គណបក្សសង្គ្រោះជាតិ មានសន្លឹកឆ្នោតនាំមុខគណបក្សប្រជាជនកម្ពុជា ៣សំឡេង ហើយប្រសិនបើបាត់សន្លឹកមួយសន្លឹក ធ្វើឲ្យក្រុមសមាជិកក្រុមក្នុងស្រុកនេះ បាត់បង់ម្នាក់ទៅឲ្យគណបក្សប្រជាជន។ ការឈ្លោះប្រកែកគ្នានេះបានបញ្ចប់ទៅវិញក្នុងរយៈពេលប្រមាណ ២ម៉ោង បន្ទាប់ពីមានការសម្របសម្រួលពីគណៈកម្មការរៀបចំ ការបោះឆ្នោតខេត្ត។ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត សម្រេចឲ្យសន្លឹកដែលប្រឡាក់នោះជាសន្លឹកឆ្នោតបានការរបស់គណបក្សសង្គ្រោះជាតិ។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រៃវែង លោក ហួត ផាន មានប្រសាសន៍នៅថ្ងៃទី១៨ ឧសភា ថា ការបោះឆ្នោតនៅខេត្តព្រៃវែង ប្រកបដោយរលូន មកទល់ពេលនេះមានពាក្យបណ្ដឹងរបស់គណបក្សប្រជាជន ចំណែកគណបក្សសង្គ្រោះជាតិ ពុំទាន់មាននៅឡើយទេ៖ «រឿងសន្លឹកឆ្នោតបានការមិនបានការហ្នឹងមានប្រទ្រូសប្រទ្រាស់គ្នា ហើយដល់អ៊ីចឹងសព្វថ្ងៃសម្រេចសើរើឡើងវិញអាហ្នឹង។ សន្តិសុខក៏ល្អ សណ្ដាប់ធ្នាប់ល្អ ហើយសរុបទាំងការងារ មន្ត្រីបច្ចេកទេសហ្នឹងគាត់ធ្វើទៅបានល្អ។ ហើយឥឡូវហ្នឹងក៏មានកញ្ចប់សុវត្ថិភាពក៏ហ្នឹង គឺថា ពេលដែលរាប់ភ្លាមចប់ភ្លាមហ្នឹងបិទផ្សាយជួនគណបក្សនយោបាយបានជ្រាបហើយ គេនឹងបញ្ជូនយកមកដល់កន្លែងគណៈកម្មការបោះឆ្នោតខេត្តបណ្ដើរៗហើយឥឡូវហ្នឹង»។
ចំពោះលទ្ធផលនៃការបោះឆ្នោតខេត្តព្រៃវែង និងខេត្តស្វាយរៀង មានតែគណបក្សនយោបាយ២ទេដែលប្រកួតប្រជែងក្នុងការបោះឆ្នោត ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២នេះ។
នៅឯខេត្តព្រៃវែង ក្រុមប្រឹក្សាខេត្តមានចំនួន ១៩អាសនៈ ហើយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតនៅខេត្តព្រៃវែង ក្រុមប្រឹក្សាខេត្តគណបក្សប្រជាជនកម្ពុជា ទទួលបាន ១២អាសនៈ គណបក្សសង្គ្រោះជាតិ ទទួលបាន ៧អាសនៈ។ ចំណែកឯក្រុមប្រឹក្សាទាំង ១៣ស្រុក ក្រុងវិញ ក្រុមប្រឹក្សា ស្រុកមានចំនួន ២១៣អាសនៈ ហើយលទ្ធផលបោះឆ្នោតនៅក្រុងព្រៃវែង គណបក្សប្រជាជនកម្ពុជា ទទួលបាន ៩អាសនៈ គណបក្សសង្គ្រោះជាតិ ទទួលបាន ២អាសនៈ គណបក្សសង្គ្រោះជាតិ ឈ្នះជាប្រធានក្រុមប្រឹក្សាស្រុកចំនួន ១កន្លែង គឺនៅស្រុកពោធិ៍រៀង នៅស្រុកនេះគណបក្សប្រជាជនទទួលបាន ៦អាសនៈ គណបក្សសង្គ្រោះជាតិ ឈ្នះបាន ៧អាសនៈ។
ក្រៅពីនោះលទ្ធផលការបោះឆ្នោតក្រុមប្រឹក្សាស្រុកផ្សេងទៀត គណបក្សប្រជាជនកម្ពុជា នាំមុខគណបក្សសង្គ្រោះជាតិ។ ចំណែកឯលទ្ធផលការបោះឆ្នោតនៅខេត្តស្វាយរៀងវិញ នៅខេត្តនេះក្រុមប្រឹក្សាខេត្តមានចំនួន ១៥អាសនៈ និងក្រុមប្រឹក្សាស្រុកចំនួន ១២២អាសនៈ ក្រុមប្រឹក្សាខេត្តគណបក្សសង្គ្រោះជាតិ ទទួលបាន ២អាសនៈ គណបក្សប្រជាជនកម្ពុជា ទទួលបាន ១៣អាសនៈក្រុមប្រឹក្សាក្រុងបាវិត គណបក្សប្រជាជនកម្ពុជា ឈ្នះបាន ១០អាសនៈ គណបក្សសង្គ្រោះជាតិ ទទួលបាន១អាសនៈ។ ចំពោះក្រុងស្វាយរៀង និងស្រុកស្វាយទាប គណបក្សប្រជាជនទទួលបាន ១៥អាសនៈ គណបក្សសង្គ្រោះជាតិ ពុំឈ្នះអាសនៈនៅក្នុងស្រុកទាំង២នេះទេ។ ក្រៅពីនោះគណបក្សប្រជាជនកម្ពុជា ឈ្នះនាំមុខទាំងអស់។
ខេត្តកំពង់ឆ្នាំង
ដោយ ជិន ជេដ្ឋា
ចំណែកនៅឯខេត្តកំពង់ឆ្នាំង មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តនេះអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២នេះ មានអង្គបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា មួយចំនួនងាកមកបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ បើទោះបីជាមានការគំរាមកំហែងនិងទិញទឹកចិត្ត។
ការលើកឡើងនេះ ត្រូវបានមន្ត្រីគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តនេះបដិសេធនិងបញ្ជាក់ថា ការបោះឆ្នោតនៅថ្ងៃទី១៨ ខែឧសភា នេះប្រព្រឹត្តទៅដោយរលូនគ្មានការគំរាមកំហែង ឬទិញទឹកចិត្តអង្គបោះឆ្នោតអ្វីនោះទេ។ស្ទើរគ្រប់ការិយាល័យបោះឆ្នោតទាំង ៨ នៅទូទាំងខេត្តកំពង់ឆ្នាំង មិនសូវមានការចាប់អារម្មណ៍ពីមហាជន និងមន្ត្រីសង្គមស៊ីវិលឡើយ ប៉ុន្តែមានតំណាងគណបក្សនយោបាយដែលមានឈ្មោះចូលរួមប្រកួតប្រជែងចុះសង្កេតការណ៍យ៉ាងយកចិត្តទុកដាក់។ មន្ត្រីគណបក្សសង្គ្រោះជាតិ សង្ឃឹមថា ខ្លួននឹងទទួលបានសមាជិកក្រុមប្រឹក្សាស្រុកចំនួន ៣១រូប និងក្រុមប្រឹក្សាខេត្តចំនួន ៤រូប ដែលចំនួននេះបានកើនឡើងជាងអាណត្តិទី១ ពោលគឺក្រុមប្រឹក្សាស្រុកកើនចំនួន ១១រូប និងក្រុមប្រឹក្សាខេត្តចំនួន ១រូប។
ប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តកំពង់ឆ្នាំង នៃគណបក្សសង្គ្រោះជាតិ លោក កែវ ថៃ មានប្រសាសន៍ថា អង្គបោះឆ្នោតក្រោយបូកបញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី មានចំនួន ១០៨រូប ប៉ុន្តែលទ្ធផលនៃសំឡេងឆ្នោតបានកើនដល់ ១១៣សំឡេងនៅទូទាំងខេត្ត។
លោកថា ក្នុងនោះមានអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ងាកមកបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិដែរ៖ «មានហេតុផលត្រង់ការគាបសង្កត់ និងការទិញនៅតាមស្នាក់ការធំៗរបស់គណបក្សកាន់អំណាច អ៊ីចឹងឃើញថា វាពិបាកនឹងធ្វើការក្នុងការសម្រេចចិត្តជ្រើសរើសអ្នកដឹកនាំរបស់ខ្លួនបានដោយសេរី និងយុត្តិធម៌ត្រឹមត្រូវណាស់ អ៊ីចឹងយើងឃើញថា សកម្មភាពជួញដូរ គឺកើតឡើងគគ្រឹកគគ្រេងទូទាំងខេត្ត គ្រប់ស្រុក គ្រប់ឃុំទាំងអស់»។
ឆ្លើយតបនឹងការលើកឡើងនេះ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង លោក ម៉ាត់ ម៉ូត មិនទាន់អាចអត្ថាធិប្បាយយ៉ាងណាបាននៅឡើយទេ ដោយសំអាងថា លទ្ធផលបោះឆ្នោតមិនទាន់ចេញជាផ្លូវការ។ ប៉ុន្តែលោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនដែលគំរាមកំហែង ឬទិញទឹកចិត្តអង្គបោះឆ្នោតដូចការចោទប្រកាន់នោះទេ ជាក់ស្ដែងការបោះឆ្នោតនៅថ្ងៃទី១៨ ខែឧសភា នេះពុំមានបញ្ហា ឬមានពាក្យបណ្ដឹងណាមួយដែលលោកទទួលបាននោះឡើយ៖ «ខ្ញុំអត់មានទិញដូរអត់មានអីទេ ព្រោះខាងខ្ញុំអត់មានគំនិតទិញដូរនណាទេ។ ហើយលទ្ធផលហ្នឹង គឺខាងខ្ញុំទទួលបានតាមការបោះឆ្នោតហ្នឹង»។
ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង អ្នកស្រី នួន ចាន់នី ថ្លែងថា បើទោះបីជាលទ្ធផលបឋមបានបិទផ្សាយជាសាធារណៈ ប៉ុន្តែការគណនារកចំនួនអាសនៈក្រុមប្រឹក្សាស្រុក ខណ្ឌ ខេត្តក្រុងរបស់គណបក្សនយោបាយនីមួយៗនោះ លុះត្រាតែមានការអនុញ្ញាតពីថ្នាក់ជាតិ៖ «ទាក់ទងនឹងការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី២នេះ គឺនៅ PEC កំពង់ឆ្នាំង មានសេចក្ដីរីករាយណាស់ ព្រោះយើងដំណើរការបានល្អរលូនទៅតាមបទបញ្ជានីតិវិធីរបស់ គ.ជ.ប ដោយសារថាមានការចូលរួមរបស់គណបក្សនយោបាយ កម្លាំងការពារសន្តិសុខ និងមន្ត្រីបោះឆ្នោតយើង»។
នៅខេត្តកំពង់ឆ្នាំង មានការិយាល័យបោះឆ្នោតចំនួន ៨ និងមានអង្គបោះឆ្នោតចំនួន ៤១៩នាក់ ក្នុងនោះមានអង្គបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ចំនួន ៣០០រូប គណបក្ស សម រង្ស៊ី ចំនួន ៨៧រូប គណបក្សសិទ្ធិមនុស្សចំនួន ២១រូប គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ៤រូប និងគណបក្សនរោត្ដម រណឫទ្ធិ ចំនួន ៧រូប។ លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកខណ្ឌ ខេត្តក្រុងអាណត្តិទី២ ឆ្នាំ២០១៤ ដែលចេញដោយគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន ៣០៦សំឡេង និងគណបក្សសង្គ្រោះជាតិចំនួន ១១២សំឡេង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។