សមាជិក​ក្រុមប្រឹក្សា​ឃុំ​បក្ស​ប្រឆាំង​នៅ​កំពង់ចាម​ចោទ​មេ​ឃុំ​រើសអើង​នយោបាយ

0:00 / 0:00

ក្រុមប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ប្រឆាំង​ចំនួន​ពីរ ចោទ​ប្រកាន់​មេ​ឃុំ​បុស្បខ្នុរ ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​បំពេញ​ការងារ​ដោយ​រើសអើង​គណបក្ស។

ការ​លើក​ឡើង​ដូច​នេះ ដោយសារ​ការងារ​នៅ​ក្នុង​ឃុំ ខាង​ភាគី​គណបក្ស​ប្រឆាំង​ហាក់​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​នោះ​ឡើយ។ ចំណែក​ឯ​មេ​ឃុំ​បដិសេធ​ថា មិន​ដូច​អ្វី​ដែល​ក្រុមប្រឹក្សា​គណបក្ស​ប្រឆាំង​លើក​ឡើង​នោះ​ទេ ប៉ុន្តែ​ការងារ​ខ្លះ​បន្ទាន់ ដូច​នេះ​ខាង​ឃុំ​មិន​អាច​ប្រាប់​ពួក​គាត់​ទាន់​នោះ​ទេ។

ក្រុមប្រឹក្សា​ឃុំ​បុស្បខ្នុរ នៃ​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី លើក​ឡើង​ថា ពួក​គាត់​ពុំ​សូវ​បាន​ទទួល​ព័ត៌មាន​ពី​ការ​សម្រេច​នានា នៅ​ក្នុង​កិច្ចការ​ក្នុង​ឃុំ​ឡើយ ហើយ​ប្រការ​នេះ​អាច​កើត​ចេញ​ពី​ការ​រើសអើង​និន្នាការ​គណបក្ស។ ការ​រើសអើង​ទាំង​នោះ រួម​មាន ការ​ប្រជុំ​ដោះដូរ​ស្មៀន ការ​មិន​បាន​ប្រាប់​ឱ្យ​សមាជិក​បក្ស​ប្រឆាំង​ចូលរួម​ប្រជុំ​ក្នុង​ការ​ប្រកាស​សមាសភាព​ក្រុមប្រឹក្សា​ស្រុក កាល​ពី​ថ្ងៃ​ទី​៦ មិថុនា ជាដើម។

សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សិទ្ធិ​មនុស្ស លោក ហ៊ុន សុគង់ ឱ្យ​ដឹង​ថា តាំង​ពី​ទទួល​តំណែង​ជា​ក្រុមប្រឹក្សា​នៅ​ក្នុង​ឃុំ​មក ពួក​គាត់ ៦​រូប ដែល​មក​ពី​គណបក្ស​ប្រឆាំង​ទាំង​ពីរ កាល​នោះ គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ហាក់​មិន​សូវ​បាន​ដឹង​ការងារ​នៅ​ក្នុង​ឃុំ​ច្រើន​នោះ​ទេ។ លោក​បន្ត​ថា លោក​មិន​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ តែ​លោក​សង្ស័យ​ថា អាច​ជា​ការ​រើសអើង​គណបក្ស។ ម្យ៉ាង​ទៀត ការ​លាក់លៀម​ព័ត៌មាន​អាច​ជា​មធ្យោបាយ​បិទ​បាំង​អំពើ​មិន​ស្រប​ច្បាប់​ណា​មួយ។

លោក ហ៊ុន សុគង់៖ «កាល​ពី​មុន​មក មិន​អី​ទេ ប៉ុន្តែ​នៅ​ពេល ឯកឧត្តម កឹម សុខា គាត់​មក គាត់​លែង​ចង់​ហៅ​ពួក​ខ្ញុំ​ប្រជុំ​យ៉ាង​ម៉េច​ទេ។ អ៊ីចឹង​បាន​ន័យ​ថា ពួក​គាត់​រើសអើង​ផ្នែក​នយោបាយ ហើយ​គាត់​មិន​ចង់​ឱ្យ​ពួក​យើង​ដឹង​ការងារ​ផ្ទៃ​ក្នុង គាត់​ប្រជុំ​អី​មិន​ដែល​ប្រាប់​ពួក​យើង​ទេ។ ទោះ​នៅ​សាលា​ឃុំ​ក៏ដោយ មាន​តែ​ប៉ុន្មាន​នាក់​គ្នា​គាត់​ហ្នឹង។ គាត់​ស៊ុមគ្រលុំ​ស៊ី​លុយ​តែ​ប៉ុន្មាន​គ្នា​គាត់​ទៅ តែ​ពួក​ប្រឆាំង​គាត់​មិន​ដែល​រាប់​អាន​អី​ទេ»

លោក​បន្ថែម​ទៀត​ថា ក្រៅ​ពី​ការ​លាក់​បាំង​ការងារ​នៅ​ក្នុង​ឃុំ​ខ្លះ​ហើយ​នោះ ពេល​ខ្លះ​នៅ​គ្រា​ដែល​មេ​ឃុំ​អវត្តមាន​ពី​ការងារ ជំទប់​ទី​១ ដែល​មក​ពី​បក្ស​ប្រឆាំង​នោះ កម្រ​បាន​ទទួល​ការ​ផ្ទេរ​សិទ្ធិ ដើម្បី​កាន់​ត្រា​ណាស់។ លោក​បញ្ជាក់​ថា បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ឃុំ តែង​តែ​សម្ដែង​ការ​មិន​ពេញ​ចិត្ត ចំពោះ​សកម្មភាព​របស់​មេ​ឃុំ​នោះ​ឡើយ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មេ​ឃុំ​បុស្បខ្នុរ លោក គឹម ឃួន មាន​ប្រសាសន៍​ថា អ្វី​ដែល​ខាង​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ប្រឆាំង​លើក​ឡើង​នោះ គឺ​ជា​រឿង​មិន​ពិត​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​ផ្លាស់​ប្ដូរ​ស្មៀន​នោះ គឺ​ធ្វើ​ឡើង​ដោយ​ថ្នាក់​ខេត្ត​ជា​បន្ទាន់ ដូច​នេះ​លោក​មិន​អាច​ជម្រាប​ប្រាប់​ពួក​គាត់​បាន​ឡើយ។ លោក​បន្ត​ថា ចំណែក​រឿង​ដែល​គេ​ប្រកាស​ឱ្យ​ក្រុមប្រឹក្សា​ឃុំ​ទាំងអស់ ឱ្យ​ទៅ​ចូលរួម​ការ​ប្រកាស​តែង​តាំង​ក្រុមប្រឹក្សា​ស្រុក​នោះ លោក​បាន​ប្រាប់​ក្រុមប្រឹក្សា​ទាំង​នោះ​តាម​ទូរស័ព្ទ​រួច​ហើយ​ដែរ ប៉ុន្តែ​ក្រុមប្រឹក្សា​ទាំង​នោះ​រវល់​ទៅ​ចម្ការ​វិញ​នោះ​ទេ។

លោក គឹម ឃុន៖ «អើ! ឥឡូវ​វា​ប្រាប់! ឥឡូវៗ​ម៉ោង​មួយ ខ្ញុំ​ប្រជុំ​នៅ​វេទិកា​ថ្នាក់​ជាតិ​នៅ​សាលា​ស្រុក​ស្វាយទាប។ ដល់​បក​មក​វិញ​ដល់​ណា​ដល់​ណី​ហើយ ទើប​ចុច​ទូរស័ព្ទ​មក​ពី​ណា​ដើរ​ទៅ​ប្រាប់​ទាន់​ទាំងអស់​គ្នា។ ជិះ​ម៉ូតូ​ដើរ​ប្រាប់​ទាំងអស់​គ្នា​ទេ កុំ​អី​បាន​ទៅ​ប្រជុំ​ទាំងអស់​គ្នា​នោះ​ទេ។ ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​បាន​ទូរស័ព្ទ​ដែរ ប៉ុន្តែ​អា​ខ្លះ​ថា​អត់​បាន​ដឹង​ព័ត៌មាន​ទេ គេ​មក​ចម្ការ​អស់​ទៅ»

លោក​បន្ថែម​ទៀត​ថា រាល់​សកម្មភាព​នៅ​ក្នុង​ឃុំ លោក​តែង​តែ​បញ្ជូន​សមាជិក​ឃុំ​គ្រប់​គ្នា ដើម្បី​ទៅ​ចូលរួម និង​បំពេញ​ការងារ មិន​ថា​គណបក្ស​ណា​នោះ​ឡើយ។

មិន​ខុស​គ្នា​ពី​បញ្ហា​នៅ​ឃុំ​បុស្បខ្មុរ នេះ ទស្សនៈ​របស់​សមាជិក​គណបក្ស​នយោបាយ​ដែល​បម្រើ​ការងារ​សាធារណៈ​របស់​រដ្ឋ​តាំង​ពី​ថ្នាក់​ឃុំ រហូត​ដល់​ថ្នាក់​ជាតិ គេ​កម្រ​នឹង​ឃើញ​មាន​ភាព​ចុះ​សម្រុង​គ្នា​ណាស់។ យ៉ាង​ណា​ក៏ដោយ សមាជិក​ក្រុមប្រឹក្សា​ឃុំ​បុស្បខ្នុរ ក៏​បាន​ស្នើសុំ​ឱ្យ​មាន​ការ​ចែក​រំលែក​ព័ត៌មាន និង​ការងារ​ពី​សំណាក់​មេ​ឃុំ​ទាំងអស់ ទៅ​ដល់​សមាជិក​របស់​ខ្លួន កុំ​បី​មាន​ការ​រើសអើង​គណបក្ស​នយោបាយ​នោះ​ឡើយ ពីព្រោះ​ពួក​គាត់​បាន​ទទួល​ប្រាក់​ខែ​ពី​ប្រជាពលរដ្ឋ គប្បី​មាន​ការ​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ប្រសើរ​ដូចៗ​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។