តុលាការ​បដិសេធ​ការ​ស្នើសុំ​របស់​មេធាវី​ឲ្យ​លោក មាជ សុវណ្ណារ៉ា នៅ​ក្រៅ​ឃុំ

ដោយ ទីន ហ្សាការីយ៉ា
2014.11.20
មាជ សុវណ្ណារ៉ា ៦២០ រូប​ថត​លោក មាជ សុវណ្ណារ៉ា ក្នុង​ហ្វ្រូហ្វាល(Profile) ហ្វេសប៊ុក (Facebook) ផ្ទាល់​ខ្លួន​របស់​គាត់។
Photo Courtesy of Meach Sovannara

ការ​ស្វះស្វែង​រក​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី លោក មាជ សុវណ្ណារ៉ា ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោង​ទុក​នោះ​ទេ។ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​ការ​ស្នើសុំ​នេះ។

លោក មាជ សុវណ្ណារ៉ា គ្រោង​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​ការិយាល័យ​សហព័ន្ធ​ស៊ើប​អង្កេត អែហ្វប៊ីអាយ (FBI) អំពី​ករណី​ចាប់​ខ្លួន​នេះ ដោយសារ​លោក​ជា​ខ្មែរ​អាមេរិកកាំង។

ការ​គ្រោង​ប្ដឹង​ទៅ​សហព័ន្ធ​ស៊ើប​អង្កេត អែហ្វប៊ីអាយ សហរដ្ឋ​អាមេរិក នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា មិន​ព្រម​ដោះ​លែង លោក មាជ សុវណ្ណារ៉ា ឲ្យ​នៅ​ក្រៅ​ឃុំ​តាម​សំណើ​របស់​មេធាវី​របស់​លោក។

ក្នុង​លិខិត​សរសេរ​ដោយ​ដៃ​ផ្ទាល់​របស់ លោក មាជ សុវណ្ណារ៉ា តាម​រយៈ​មេធាវី​របស់​លោក​នោះ បញ្ជាក់​ថា លោក​នឹង​ប្ដឹង​ទៅ​សហព័ន្ធ​ស៊ើប​អង្កេត អែហ្វប៊ីអាយ របស់​រដ្ឋាភិបាល​អាមេរិក ក្នុង​នាម​លោក​ជា​ពលរដ្ឋ​អាមេរិកកាំង​ដើម​កំណើត​ខ្មែរ​ម្នាក់ ដើម្បី​ឲ្យ​ស៊ើប​អង្កេត​ករណី​ចាប់​ខ្លួន​លោក​ក្នុង​ហេតុផល​នយោបាយ តុលាការ​មិន​ឯករាជ្យ និង​មិន​យុត្តិធម៌​នោះ។

មេធាវី​ការពារ​ក្ដី លោក មាជ សុវណ្ណារ៉ា គឺ​លោក ចាន់ ចេន មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​តុលាការ​នេះ ជា​រឿង​អយុត្តធម៌​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​កូន​ក្ដី​របស់​លោក ដែល​មិន​អាច​ទទួល​យក​បាន៖ «សំឡេង»

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា បាន​ចាប់​ឃុំ​ខ្លួន លោក មាជ សុវណ្ណារ៉ា ជា​ខ្មែរ-អាមេរិកាំង និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទ​ប្រកាន់ ផ្ដើម​គំនិត​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ដឹក​នាំ​ចលនា​កុបកម្ម។ បើ​សិន​ជា​តុលាការ​រក​ឃើញ​ថា លោក​ពិត​ជា​មាន​ទោស​មែន លោក មាជ សុវណ្ណារ៉ា នឹង​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣០​ឆ្នាំ។

លិខិត​ជូន​ដំណឹង​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៤ វិច្ឆិកា ដែល​មេធាវី​របស់ លោក មាជ សុវណ្ណារ៉ា ទទួល​បាន​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា នេះ មិន​បាន​បញ្ជាក់​ពី​មូលហេតុ​អ្វី​ច្រើន​ទេ គ្រាន់​តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា ពាក្យ​ស្នើសុំ​ឲ្យ​ដោះ​លែង​កូន​ក្ដី​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ចុះ​ថ្ងៃ​ទី​១១ វិច្ឆិកា នោះ តុលាការ​បាន​សម្រេច​មិន​ព្រម​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រិះរក​គ្រប់​វិធី​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង លោក មាជ សុវណ្ណារ៉ា។ លោក យឹម សុវណ្ណ អះអាង​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រក​វិធី​សម្រប​សម្រួល​ផ្នែក​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដោះ​លែង​នេះ ដូច​ដែល​ធ្លាប់​ធ្វើ​កន្លង​មក ព្រោះ​ថា ការ​ចាប់​ខ្លួន​នេះ​ជា​រឿង​នយោបាយ។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន លោក មាជ សុវណ្ណារ៉ា នេះ ជា​រឿង​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​របស់​គណបក្ស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​២២ កក្កដា៖ «សំឡេង»

មេធាវី​ការពារ​ក្ដី លោក មាជ សុវណ្ណារ៉ា គឺ​លោក ចាន់ ចេន ឲ្យ​ដឹង​ថា លោក​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត ដើម្បី​ស្នើសុំ​ឲ្យ​កូន​ក្ដី​របស់​លោក​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។