តុលាការ​កោះ​ហៅ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចូល​បំភ្លឺ​រឿង​ហិង្សា​នៅ​មុខ​រដ្ឋសភា

សាលាដំបូង​រាជធានី​ភ្នំពេញចេញ​ដីកា​កោះហៅ​តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ ២រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃទី២៨ ធ្នូ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​ហិង្សា​នៅ​មុខ​មន្ទីរ​រដ្ឋសភាកាល​ពី​ចុង​ខែ​តុលា។

មេធាវី​ការពារ​ក្ដី​តំណាងរាស្ត្រ​ទាំងពីរគឺ​លោក ជូង ជូងី។ លោក​ឲ្យ​ដឹង​នៅ​ថ្ងៃទី២៥ខែ​ធ្នូ ថា តុលាការ​បាន​កោះហៅ លោក ញ៉យ ចំរើន និង​លោក គង់ សភា ចូល​បំភ្លឺ​នៅ​ថ្ងៃទី២៨ ធ្នូ គឺ​នៅ​ពេល​ព្រឹក​ម្នាក់និង​នៅ​ពេល​ថ្ងៃ​ម្នាក់។ប៉ុន្តែ​លោក​មិន​ទាន់​ប្រាកដ​ទេ​ថាតើ​តំណាងរាស្ត្រ​ទាំងពីរ អាច​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​នៅ​សប្ដាហ៍​ក្រោយឬ​យ៉ាងណា​នោះ​ទេព្រោះ​ថាពេល​នេះ​ពួកគេ​កំពុង​ស្ថិត​នៅ​សហរដ្ឋអាមេរិក​នៅ​ឡើយ។

យ៉ាងណា លោក ជូង ជូងី ថា​ក្នុង​នាម​ជា​មេធាវីលោក​អាច​ចូល​ឆ្លើយ​បំភ្លឺ​ជំនួស​លោក ញ៉យ ចំរើន និង​លោក គង់ សភា បាន៖ «មិន​ទៀង​ទេ មិន​ដឹង​ជា​គាត់​មក​ទាន់ ឬ​មិន​ទាន់​យ៉ាងម៉េច​ទេ ប៉ុន្តែ​គាត់​មាន​មេធាវី​ការ ពារ មាន​តំណាង​ជាដើម​បណ្ដឹង​រួច​ទៅ​ហើយ អ៊ីចឹង​ករណី​គាត់​មក​មិន​ទាន់​ខ្ញុំ​ចូល​ទៅ​អាច ឆ្លើយ​ជំនួស​បាន​ពីព្រោះ​ថា គាត់​ជា​ជនរងគ្រោះ ជាដើម​បណ្ដឹង អ៊ីចឹង​អាច​មាន​មេធាវី​តំណាង បាន »

តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវ​បាន​បាតុករគំាទ្រ​គណបក្ស​ប្រជាជន​កម្ពុជាព្រួត​គ្នា​វាយ​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​កាល​ពីថ្ងៃទី​២៦ តុលា ក្នុង​ពេលបាតុករ​ទាំងអស់​នោះ បាន​ប្រមូល​ផ្ដុំ​នៅ​មុខ​រដ្ឋសភា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋសភា​បោះឆ្នោតទម្លាក់​លោក កឹម សុខា ចេញ​ពី​មុខ​តំណែង​អនុប្រធានទី១ រដ្ឋសភា។

ក្នុង​ពេល​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ តំណាងរាស្ត្រ​ទាំង​ពីរ​បាន​ដាក់ពាក្យ​ប្ដឹង​ទៅ​កាន់​តុលាការ​ដើម្បី​ផ្ដន្ទាទោស​ជន​ដៃដល់និង​ទាមទារ​សំណង​ក្នុង​ម្នាក់​ចំនួន​១០០​លាន​រៀល។

ក្នុង​សំណុំ​រឿង​នេះ​ដែរជន​ដៃដល់​ចំនួន​៣នាក់បាន​ចូល​ខ្លួន​សារភាព​ក្រោយ​ពី​ការ​ប្រកាសរបស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចំណែក​ជន​ដៃដល់​ជាច្រើន​ផ្សេង​ទៀតនៅ​មិន​ទាន់ត្រូវ​បាន​សមត្ថកិច្ច​វែក​មុខ​ចាប់​ខ្លួន​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។