លោក កឹម សុខា មិនទាន់សម្រេចថាត្រូវចូលបំភ្លឺតាមដីកាកោះរបស់តុលាការនៅឡើយ
2015.03.31
អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅមិនទាន់សម្រេចថាយ៉ាងណានៅឡើយ បន្ទាប់ពីទទួលបានដីកាកោះរបស់តុលាការ ដែលតម្រូវឲ្យលោកចូលទៅបំភ្លឺនៅសាលាដំបូងនៅថ្ងៃទី៨ ខែមេសា ខាងមុខ។
មេធាវីការពារក្ដី ហៅដីកាកោះនោះថាខុសនីតិវិធី។ ចំណែកមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល លើកឡើងថា ករណីនេះជារឿងនយោបាយ ដែលគួរតែបិទបញ្ចប់នៅពេលចរចានយោបាយបានស្រុះស្រួល។
មេធាវីការពារក្ដីឲ្យ លោក កឹម សុខា លើកឡើងថា ការកោះហៅកូនក្ដីរបស់លោកដែលជាតំណាងរាស្ត្រកំពុងមានអភ័យឯកសិទ្ធិ និងជាអនុប្រធានរដ្ឋសភា គឺជាការរំលោភអំណាចរវាងនីតិប្បញ្ញត្តិ និងតុលាការ។
លោកមេធាវី ចាន់ ចេន ដែលការពារក្តីនេះមានប្រសាសន៍ថា ករណីនេះលោកនៅមិនទាន់បានជួបពិភាក្សានឹងកូនក្តី ថាត្រូវចូលទៅឆ្លើយបំភ្លឺតាមដីកាកោះនេះនៅឡើយ៖ «ដីកាដែលផ្ញើទៅគាត់ បើគិតតាមបែបបទរដ្ឋបាលគួរតែទៅតាមរយៈក្រសួងយុត្តិធម៌ ទៅស្ថាប័នរដ្ឋសភា។ តុលាការគួរធ្វើតាមបែបបទហ្នឹងប្រសើរជាង។ គាត់មានអភ័យឯកសិទ្ធិ ហើយបានការពារដោយរដ្ឋធម្មនុញ្ញ។ ទោះជាកូនក្តីខ្ញុំគាត់ទៅឆ្លើយបំភ្លឺនៅតុលាការ ក៏ខ្ញុំគិតថា គឺជាការរំលោភអំណាច វាប៉ះពាល់ដល់អភ័យឯកសិទ្ធិ ចឹងតុលាការដូចមិនមានសិទ្ធិណាសាកសួរទេតាមខ្ញុំយល់»។
ចំណែក លោក កឹម សុខា ក៏នៅមិនទាន់ឆ្លើយយ៉ាងណាដែរ នៅពេលចោទសួរថា តើលោកនឹងចូលទៅបំភ្លឺតាមដីកាកោះ ឬយ៉ាងណា? ដោយលោកទុកភារៈនេះឲ្យមេធាវីលោកធ្វើការ។
ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បានចេញដីកាកោះហៅ លោក កឹម សុខា ជាអនុប្រធានទី១រដ្ឋសភា ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ ខាងមុខនេះ ដើម្បីសាកសួរបន្ថែមក្នុងសំណុំរឿងអំពើហិង្សានៅផ្លូវវ៉េងស្រេង កាលពីដើមឆ្នាំ២០១៤។
សំណុំរឿងនេះ លោក កឹម សុខា ធ្លាប់បានចូលទៅបំភ្លឺនៅតុលាការម្ដងហើយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ កាលនោះចៅក្រមបានចំណាយពេលពេញមួយព្រឹកសាកសួរ។ ពេលនោះ លោក សម រង្ស៊ី ក៏ត្រូវចៅក្រមសាកសួរដែរ។ ការសាកសួរប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ពេលនោះ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កភាពវឹកវរដល់សន្តិសុខសង្គម នៅក្រោយការតវ៉ាដំឡើងប្រាក់ខែកម្មករនៅផ្លូវវ៉េងស្រេង និងក្បែររោងចក្រយ៉ាកជីន (Yakjin) ដែលត្រូវអាជ្ញាធរបង្ក្រាបដោយហិង្សា។
នាយកប្រតិបត្តិរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មានប្រសាសន៍ថា ករណីនេះជារឿងនយោបាយ ដែលគួរបន្តដោះស្រាយតាមការចរចា ហើយម្យ៉ាង លោក កឹម សុខា ជាតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិការពារ៖ «គួរតែខិតខំពង្រឹងវប្បធម៌សន្ទនារបស់គណបក្សទាំងហ្នឹងទៅ ហើយដោះស្រាយបញ្ហាជាតិដោយយកគោលការណ៍រួមឲ្យបានច្រើន។ ទោះបីករណីហ្នឹងជារឿងចាស់ក៏ដោយ មិនអាចចេះតែកោះហៅដែរ។ វាអត់មានអីតុលាការចេះតែកោះហៅ ព្រោះមានអភ័យឯកសិទ្ធិណាមួយវាមានចែងក្នុងរដ្ឋធម្មនុញ្ញ ថាអំណាចដាច់ពីគ្នា ម្ល៉ោះហើយសមាជិកនៃអំណាចទាំងបីហ្នឹងមិនអាចចេះតែប្រើអំណាចរំលោភលើគ្នាបានទេ»។
ដីកាកោះហៅ លោក កឹម សុខា នេះធ្វើឡើងក្រោយពី លោក ហ៊ុន សែន ព្រមានថា លោក កឹម សុខា នឹងមិនអាចរួចខ្លួនឡើយ មិនថាមានឋានៈណាឡើយ រឿងក្ដីរបស់លោកនៅតុលាការពាក់ព័ន្ធនឹងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល៕