អ្នក​ឃ្លាំមើល​ស្នើ​ឲ្យ​ពិនិត្យ​មើល​ប្រភព​ថវិកា​បក្ស​ប្រជាជន​នឹង​ផ្គត់ផ្គង់​ដល់​មន្ត្រី​បក្ស​ថ្នាក់​មូលដ្ឋាន

ដោយ ខែ សុណង
2017.01.03
មាស នី ៨៥៥ អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​ក២០១៥។
Photo: RFA

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា មេ​ឃុំ ចៅ​សង្កាត់ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កូតា​គណបក្ស​នេះ ដែល​បាន​បម្រើ និង​ស្មោះស្ម័គ្រ​ចំពោះ​បក្ស​ជា​យូរ​មក​ហើយ ដែល​មិន​បាន​ជាប់​ជា​បេក្ខជន​នៅ​ពេល​បោះឆ្នោត​ឈរ​ឈ្មោះ​ជ្រើសរើស​ក្នុង​ក្របខ័ណ្ឌ​គណបក្ស​មូលដ្ឋាន និង​មិន​ជាប់​ឆ្នោត​នៅ​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ពេល​ខាង​មុខ​នោះ គណបក្ស​មាន​គោលនយោបាយ​ទ្រទ្រង់ និង​ផ្ដល់​តួនាទី​ក្នុង​ក្របខ័ណ្ឌ​បក្ស​ជា​ការ​លើក​ទឹក​ចិត្ត។ អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​បាន​ចោទ​ជា​សំណួរ​ថា តើ​គណបក្ស​ប្រជាជន​កម្ពុជា យក​ថវិកា​មក​ពី​ណា​ដើម្បី​ផ្គត់ផ្គង់​សមាជិក​មូលដ្ឋាន​របស់​ខ្លួន​ដ៏​ច្រើន​លើសលប់​នោះ?

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម ស្នើ​ឲ្យ​អ្នក​ច្បាប់​ពិនិត្យ​មើល​ប្រភព​ថវិកា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ផ្ដល់​ការ​ផ្គត់ផ្គង់​ដល់​មន្ត្រី​គណបក្ស​ណា​ដែល​ស្មោះស្ម័គ្រ និង​បម្រើ​គណបក្ស​ជា​យូរ​មក​ហើយ ប៉ុន្តែ​មិន​ជាប់​ឆ្នោត​មេ​ឃុំ ឬ​ចៅ​សង្កាត់​នោះ។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ថា ការ​រៀបចំ​គោលនយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ជួយ​ទ្រទ្រង់​មន្ត្រី​របស់​ខ្លួន​នោះ គឺ​មិន​មាន​អ្វី​ជា​ខុស​ឆ្គង​នោះ​ទេ។ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​ត្រៀម​លក្ខណៈ​ថា ខ្លួន​នឹង​បាត់បង់​សំឡេង និង​អាសនៈ​បន្ថែម​ទៀត​នៅ​ក្នុង​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៧ ខាង​មុខ​នេះ។ ទោះ​យ៉ាង​ណា​លោក​មាន​សំណួរ​ត្រង់​ថា តើ​ថវិកា​បាន​មក​ពី​ណា​សម្រាប់​ជួយ​គាំទ្រ​សមាជិក​គណបក្ស? ដែល​បញ្ហា​នេះ គួរ​តែ​មាន​ការ​ពិនិត្យ​មើល​ក្នុង​ក្របខ័ណ្ឌ​ផ្លូវ​ច្បាប់​ចំពោះ​ប្រភព​ថវិកា​សម្រាប់​ការ​ទ្រទ្រង់​នេះ៖ «សម្រាប់​ជួយ​ឲ្យ​មន្ត្រី​គណបក្ស​របស់​ខ្លួន​ទទួល​បាន​បៀវត្ស​រហូត​ដូច​មន្ត្រី​រាជការ​នោះ ខ្ញុំ​គិត​ថា វា​គ្មាន​និរន្តរភាព​ទេ លើកលែង​តែ​គណបក្ស​នោះ​មាន​លុយ​ទុក​នៅ​កន្លែង​ណា? ឬ​ក៏​មាន​ជំនួយ​ពី​ប្រទេស​ជិត​ខាង​ណា​សម្រាប់​គាំទ្រ​ឲ្យ​រស់នៅ​បន្ត​ទៀត។ បើ​យើង​មើល​គណបក្ស​ប្រជាជន ប្រវត្តិ​គឺ​វៀតណាម បាន​ចិញ្ចឹម​គណបក្ស​នេះ ៦៥​ឆ្នាំ​ហើយ គណបក្ស​នេះ​មាន​ដើម​កំណើត​នៅ​ប្រទេស​វៀតណាម ឡើង​កាន់​អំណាច​ក្នុង​ទសវត្សរ៍​ឆ្នាំ​៨០ បើ​សិន​ជា​មាន​ថវិកា​បែប​នេះ​ទៀត ជា​រឿង​មួយ​គេ​អាច​ចិញ្ចឹម​គ្នា​បាន ប៉ុន្តែ​ត្រូវ​ពិនិត្យ​មើល​លក្ខខណ្ឌ​ផ្លូវ​ច្បាប់»

ជុំ​វិញ​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​គោលនយោបាយ​មួយ​ដែល​មាន​ឈ្មោះ​ថា "គោលនយោបាយ​វប្បធម៌​ចែក​រំលែក" ដើម្បី​ទ្រទ្រង់​មន្ត្រី​គណបក្ស​ដែល​ធ្លាប់​មាន​តួនាទី និង​អ្នក​ស្មោះស្ម័គ្រ និង​បម្រើ​គណបក្ស​យូរ​មក​ហើយ។ លោក​ថា គណបក្ស​នឹង​ផ្ដល់​តួនាទី ផ្ដល់​ការ​ឧបត្ថម្ភ​បៀវត្ស ជា​ការ​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​ណា​ដែល​គ្មាន​ជោគ​វាសនា ហើយ​ធ្លាក់​ក្នុង​បញ្ជី​បេក្ខជន​ដែល​នឹង​ដាក់​យក​ទៅ​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខែ​មិថុនា ខាង​មុខ។

មួយ​វិញ​ទៀត គោលនយោបាយ​នេះ នឹង​ផ្ដល់​ឲ្យ​មន្ត្រី​ចាស់​ជរា មន្ត្រី​មាន​ជំងឺ និង​បាត់បង់​សមត្ថភាព​បំពេញ​ការងារ រួម​ទាំង​មន្ត្រី​ចូល​និវត្តន៍ ដោយ​ផ្ដល់​តួនាទី​ទុក​ជា​ជំនួយការ ទីប្រឹក្សា ឬ​ព្រឹទ្ធាចារ្យ​នៅ​តាម​ឃុំ សង្កាត់ ខណ្ឌ ខេត្ត ឬ​ក្រសួង​មន្ទីរ ដែល​អាច​ធ្វើ​ទៅ​បាន។ លោក​បញ្ជាក់​ថា ការ​ឧបត្ថម្ភ​នេះ​ទៀត​សោត គឺ​ថវិកា​ផ្ទាល់​ខ្លួន​របស់​ក្រុម​ការងារ​នៅ​តាម​ឃុំ ស្រុក ខេត្ត និង​ក្រសួង​មួយ​ចំនួន តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត ក្នុង​ទិសដៅ​ភ្ញាក់​រលឹក​ក្របខ័ណ្ឌ​គណបក្ស​មិន​ពាក់ព័ន្ធ​នឹង​ថវិកា​រដ្ឋ​នោះ​ទេ។ លោក​ថា មន្ត្រី​ដល់​ថ្ងៃ​ចូលនិវត្តន៍​ក្នុង​មុខងារ​សាធារណៈ គាត់​អាច​តែងតាំង​ឲ្យ​ទៅ​ជា​ទីប្រឹក្សា​របស់​រដ្ឋមន្ត្រី ឬ​ក្រសួង​បាន​ដែរ ដោយ​ផ្អែក​ក្នុង​ក្របខ័ណ្ឌ​បក្ស៖ «មិន​មែន​យើង​ត្រៀម​ចាញ់​ទេ ឧបមា​ថា មន្ត្រី​យើង​ចាស់ៗ ខ្លះ​គាត់​ឈរ​ឈ្មោះ ដល់​តែ​បោះឆ្នោត​សំងាត់​ទៅ​វា​អាច​ថា បង​ប្អូន​មួយ​ចំនួន​វា​អាច​បាត់បង់​មិន​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ទេ ពីព្រោះ​យើង​រើស​នេះ​គឺ​រើស​ក្មេង រើស​នារី​មាន​ន័យ​ថា គាត់​ចាស់ៗ​ហើយ អ្នក​ខ្លះ​សុខភាព​មិន​ធានា​ផង ច្បាស់​ជា​បង​ប្អូន​មិន​បោះ​ជូន​ទេ គាត់​គ្មាន​កំហុស​អី​ទេ តាម​ពិត​គឺ​អាស្រ័យ​ទៅ​លើ​សន្និបាត​គណបក្ស​មូលដ្ឋាន​គេ​បោះឆ្នោត»

កាល​ពី​អាណត្តិ​ទី​៣ ឆ្នាំ​២០១២ មេ​ឃុំ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ មាន​ចំនួន ១.៥៩២ ក្នុង​ចំណោម​មេ​ឃុំ​ដែល​ឈរ​ឈ្មោះ ១.៦៣៣។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​បញ្ជាក់​ថា គណបក្ស​មិន​ទាន់​បូក​សរុប​បាន​នៅ​ឡើយ​ថា មាន​បេក្ខជន​ពី​គណបក្ស​របស់​ខ្លួន​ប៉ុន្មាន​ដែល​នឹង​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ ក្នុង​ចំណោម ១.៦៤៦​ឃុំ​សង្កាត់​នេះ។

លោក សុខ ឥសាន ឲ្យ​ដឹង​ទៀត​ថា គោលការណ៍​ទ្រទ្រង់​នេះ គឺ​ជា​ការ​ចាប់​អារម្មណ៍​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​អង្គ​សន្និបាត​របស់​គណបក្ស កាល​ពី​ថ្ងៃ​ទី​១៧ ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៦ ដែល​ជា​គោលការណ៍​ស្ម័គ្រ​ចិត្ត និង​ភ្ញាក់​រលឹក ដោយ​រដ្ឋមន្ត្រី​នៅ​តាម​ក្រសួង​មួយ​ចំនួន​បាន​ទទួល​យក និង​កាន់​ខេត្ត ២ ៣ ឬ​៤ ខេត្ត ជា​ការ​ឆ្លើយ​តប​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​មន្ត្រី​ចាស់ៗ តាម​រយៈ​ការ​ឧបត្ថម្ភ។

រដ្ឋមន្ត្រី​ដែល​ទទួល​បន្ទុក​ការងារ​នេះ មាន​ដូចជា ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ទទួល​បន្ទុក​ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី។ លោក ស៊ុន ចាន់ថុល ទទួល​បន្ទុក​ខេត្ត​ឧត្ដរមានជ័យ ព្រះវិហារ ប៉ៃលិន បន្ទាយមានជ័យ។ លោក ថោង ខុន ទទួល​ប៉ែក​មាត់​សមុទ្ទ ដូចជា ខេត្ត​កោះកុង កែប កំពត រួម​ជាមួយ​ខេត្ត​កំពង់ធំ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ទទួល​បន្ទុក​ខេត្ត​កំពង់ចាម។ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន ទទួល​បន្ទុក​រាជធានី​ភ្នំពេញ និង​កន្លែង​ដទៃ​ទៀត។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ទទួល​បន្ទុក​ខេត្ត​បាត់ដំបង និង​ឧប​នាយក រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ទទួល​ខេត្ត​សៀមរាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។