គណបក្សប្រជាជនកម្ពុជា ចេញគោលនយោបាយ ៩ចំណុច ដើម្បីឃោសនាក្នុងឱកាសបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាស្រុកក្រុង ខេត្តរាជធានី។ គោលនយោបាយត្រូវបានផ្សព្វផ្សាយជាសាធារណៈលើគេហទំព័រគណបក្សកាន់អំណាច ស្របពេលដែលប្រជាជាតិខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
គណបក្សប្រជាជនកម្ពុជា បានកំណត់យកឆ្នាំ២០១៨ ជាថេរវេលាចុងក្រោយដើម្បីសម្រេចឲ្យបាននូវគោលនយោបាយទាំង ៩ចំណុចរបស់ខ្លួន។ គោលនយោបាយទាំងនោះរួមមាន ការពារសិន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពពលរដ្ឋ ការពារលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាជន ធានាកំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍វិស័យកសិកម្ម ការពារសិទ្ធិដីធ្លីរបស់ពលរដ្ឋ បន្តអនុវត្តផ្លូវ អគ្គីសនី និងទឹកស្អាត លើកស្ទួយកម្រិតជីវភាពអ្នករាជការ អភិវឌ្ឍន៍វិស័យអប់រំ សុខាភិបាល សង្គមកិច្ច ព្រមទាំងពង្រឹងអភិបាលកិច្ចនិងសមត្ថភាពស្ថាប័នរដ្ឋ។
ដើម្បីសម្រេចគោលដៅនេះ គណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាចិត្តនឹងចាត់ការចំពោះទង្វើមួយចំនួនដែលជាឧបសគ្គរបស់ខ្លួន។ ទង្វើទាំងនោះដូចជា សកម្មភាពនិងការញុះញង់ដែលបង្កអស្ថិរភាពនិងចលាចលសង្គម ការប្រើប្រាស់សិទ្ធិតាមបែបអានាធិបតេយ្យ ការរំលោភសិទ្ធិលើអ្នកដទៃ និងប្រឆាំងរាល់ការរើសអើងជាតិសាសន៍។ លើសពីនេះ គណបក្សក៏សន្យាថា នឹងដំឡើងប្រាក់ខែទាបបំផុតម្តងបន្តិចៗជូនបុគ្គលិករដ្ឋឲ្យបានចំនួន ១លានរៀលដល់ឆ្នាំ២០១៨ ហើយកម្មករនឹងត្រូវបានប្រាក់ខែគោល ១៦០ដុល្លារ នៅឆ្នាំ២០១៨ ដូចគ្នា។ ចុងបញ្ចប់នៃកម្មវិធីនយោបាយនេះ គណបក្សប្រជាជនកម្ពុជា បានស្នើឲ្យសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ បោះឆ្នោតគាំទ្រគណបក្សរបស់ខ្លួនកុំបីខាន។
ទន្ទឹមនឹងនេះដែរ មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៉ី បានថ្លែងជាសាធារណៈកាលពីសប្ដាហ៍មុនដោយស្នើឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រជាជនកម្ពុជា ទាំងអស់ បោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ដើម្បីអភិវឌ្ឍន៍ជាតិដោយភាពស្អាតស្អំ។ យ៉ាងណាក៏ដោយ គណបក្សប្រឆាំងមិនទាន់បានចេញគោលនយោបាយសម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតអសកលនេះនៅឡើយទេ។ ក៏ប៉ុន្តែគណបក្សនេះ បានទទួលការគាំទ្រពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួនជាង ១០០នាក់មកពីគណបក្សជាតិនិយមរួចទៅហើយ។
មន្ត្រីជាន់ខ្ពស់នៃគណបក្សជាតិនិយម ក៏បានប្រកាសថា សមាជិកក្រុមប្រឹក្សាឃុំរបស់ខ្លួននឹងបោះឆ្នោតគាំទ្របក្សប្រឆាំងដែរ។
ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិរបស់គណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅថា និកហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គណបក្សនីមួយៗមានយុទ្ធសាស្ត្រផ្សេងៗគ្នា ក្នុងការទាក់ទាញម្ចាស់ឆ្នោត។ យុទ្ធសាស្ត្រនោះមានដូចជាការឃោសនាដោយផ្ទាល់មាត់ និងការផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួន។ លោកបន្តថា អ្នកមានសិទ្ធិបោះឆ្នោតក្នុងការបោះឆ្នោតអសកលនេះជាសមាជិករបស់គណបក្សសកម្មរបស់គណបក្សនីមួយៗរួចហើយ ហើយលទ្ធផលនៃការបោះឆ្នោតនោះ ក៏មិនសូវខុសពីការគណនាជាមុននោះដែរ ប៉ុន្តែអ្វីៗក៏អាចមានការប្រែប្រួលបានដែរ។
លោក ហង្ស ពុទ្ធា៖ «ខ្ញុំយល់ថា អាចនឹងមានការប្រែប្រួល ដោយសារការវិវត្តន៍នយោបាយថ្មីនេះឯង ឃើញថាពលរដ្ឋខ្លះមិននិយាយមិនស្តី តែទម្លាក់សន្លឹកឆ្នោតតាមការសម្រេចចិត្តរបស់គាត់ អ៊ីចឹងតំណាងរបស់ពលរដ្ឋអាចថានឹងធ្វើការសម្រេចចិត្តដោយខ្លួនឯង»។
ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សា នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។អ្នកដែលមានសិទ្ធិបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលឋិតនៅក្នុងតំណែងមកពីគណបក្សសិទ្ធិមនុស្ស គណបក្ស សម រង្ស៉ី គណបក្សជាតិនិយម គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ និងគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា បានបាត់សំឡេងឆ្នោត ២២អាសនៈក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
