លោក ហ៊ុន សែន នឹងថ្លែងពីជ័យជំនះ និងឧបសគ្គរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចចាស់វស្សាមួយនេះ នៅថ្ងៃខួបបង្កើតបក្ស ថ្ងៃទី២៨ ខែមិថុនា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឲ្យដឹងថា ប្រធានថ្មីគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ក៏អាចនឹងថ្លែងសារនយោបាយខ្លះៗទៅសមាជិកបក្ស ទាក់ទងដំណើរឆ្ពោះទៅមុខរបស់គណបក្ស។ បន្ថែមពីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ថ្លែងឲ្យដឹងនៅថ្ងៃទី២៧ ខែមិថុនា ថា នឹងមានអ្នកចូលរួមរាប់ម៉ឺននាក់ ជាសមាជិកគណបក្ស តំណាងសមាជិកគណបក្សគ្រប់ខេត្ត រាជធានី ថ្នាក់ដឹកនាំបក្ស និងភ្ញៀវជាតិ និងអន្តរជាតិរបស់បក្ស។
អ្នកនាំពាក្យរូបនេះឲ្យដឹងបន្ថែមទៀតថា អ្នកចូលរួមដែលជាសមាជិកបក្ស អាចនឹងបញ្ចេញទស្សនៈខ្លះៗដែរ។ លោកបញ្ជាក់ថា គណបក្សប្រជាជន ទទួលស្គាល់ការពិតនៃកំណើតរបស់ខ្លួន និងការជួបប្រទះនូវផលលំបាកនៃរបត់នយោបាយ៖ «កម្មវិធីដែលសំខាន់គឺបទសន្ទរកថារបស់សម្ដេចតេជោប្រធានគណបក្ស ទាក់ទងកំណើនគណបក្ស ការវិវឌ្ឍន៍គណបក្ស និងការជួបប្រទះរបស់គណបក្ស ហើយអ្វីដែលគណបក្សត្រូវធ្វើនៅពេលខាងមុខដើម្បីគណបក្សដើរតួនាទីជាកម្លាំងស្នូលជាតិ»។
ពិធីអបអរសាទរខួបលើកទី៦៤ នៃការបង្កើតគណបក្សកម្មវិធីអបអរសាទរនោះនឹងចាប់ពីម៉ោង ៧ និង ៣០នាទី រហូតដល់ម៉ោង ៩ និង ៣០នាទីព្រឹក នៅទីស្នាក់ការកណ្តាលបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
