អ្នក​ឃ្លាំមើល​សង្ស័យ​ថា​បក្ស​កាន់​អំណាច​យក​លុយ​រដ្ឋ​ខ្លះ​ដើម្បី​រៀបចំ​ទិវា ៧ មករា

0:00 / 0:00

សង្គម​ស៊ីវិល​សង្ស័យ​ថា ការ​រៀបចំ​រំលឹក​ខួប​ថ្ងៃ ៧ មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច គឺ​អាច​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​ថវិកា​ជាតិ​មួយ​ចំនួន​តូច។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា ថវិកា​រៀបចំ​ពិធី​អបអរ​ថ្ងៃ ៧ មករា ខាង​មុខ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ចំណាយ​ទាំង​ស្រុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា ការ​អបអរ​សាទរ​ខួប​លើក​ទី​៣៨ នៃ​ថ្ងៃ​៧ មករា ឆ្នាំ​២០១៧ នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​រំលឹក​ថ្ងៃ​ទទួល​បាន​ជ័យជំនះ និង​រំដោះ​ពលរដ្ឋ​ឱ្យ​រួច​ផុត​ពី​ការ​កាប់​សម្លាប់​របស់​ក្រុម ប៉ុល ពត ព្រមទាំង​ដើម្បី​បញ្ជាក់​ថា ថ្ងៃ​៧ មករា គឺ​ជា​ថ្ងៃ​មួយ​ដែល​អាច​ធ្វើ​ឱ្យ​កម្ពុជា ទទួល​បាន​សន្តិភាព​ពេញលេញ និង​ការ​អភិវឌ្ឍ​រីកចម្រើន​ដូច​សព្វថ្ងៃ​នេះ។

ថ្វី​ត្បិត​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រើប្រាស់​ថវិកា​រដ្ឋ​មួយ​ចំនួន​តូច គួប​ផ្សំ​នឹង​ថវិកា​បក្ស​ខ្លួន​មួយ​ចំនួន​ធំ ដើម្បី​ចាយ​វាយ​លើ​ការ​រៀបចំ​កម្មវិធី​ប្រារព្ធ​ខួប​នៃ​ថ្ងៃ​ចង​ចាំ (៧ មករា) មួយ​នេះ។ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី អះអាង​ថា ការ​ប្រើប្រាស់​ថវិកា​ជាតិ​ដើម្បី​ប្រយោជន៍​បក្ស និង​មិន​មែន​ជា​ប្រយោជន៍​រួម​របស់​ជាតិ គឺ​ជា​រឿង​ខុស​ច្បាប់៖ «»។

បណ្ឌិត មាស នី អះអាង​បន្ថែម​ថា មូលហេតុ​នាំ​ឱ្យ​មាន​ការ​សង្ស័យ​បែប​នេះ ព្រោះ​ដោយសារ​កន្លង​មក គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​យូរ​ឆ្នាំ​ទៅ​ហើយ​នោះ តែងតែ​ពង្រឹង​គោលនយោបាយ​បម្រើ​គណបក្ស​របស់​ខ្លួន​ឱ្យ​បាន​រឹងមាំ តាម​រយៈ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សន្ធឹក​សន្ធប់​ភាគ​ច្រើន ដូចជា​ស្ពាន ថ្នល់ និង​សាលារៀន​ជាដើម ហើយ​ដែល​ជា​ការ​ចំណាយ​ថវិកា​ជាតិ តែ​បែរ​ជា​ដាក់​ឈ្មោះ​របស់​គណបក្ស ឬ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ទៅ​វិញ៖ «»។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ថា កន្លង​មក​គណបក្ស​មិន​ដែល​ធ្វើ​ខុស​ច្បាប់​ម្ដង​ណា​ឡើយ រី​ឯ​ការ​រៀបចំ​រំលឹក​ខួប​ថ្ងៃ​៧ មករា ខាង​មុខ​នេះ ក៏​មិន​ប៉ះពាល់​ថវិកា​ជាតិ​បន្តិច​នោះ​ដែរ។ មន្ត្រី​បក្ស​កាន់​អំណាច​រូប​នេះ​បន្ត​ថា សមាជិក​គណបក្ស​គឺ​បាន​រ៉ៃ​អង្គាស​គ្នា​ដើម្បី​យក​ថវិកា​មក​រៀបចំ​កម្មវិធី​រំលឹក​ខួប​នេះ ម្យ៉ាង​វិញ​ទៀត គណបក្ស​មិន​ដែល​ខ្វះ​លុយ​ក្នុង​ការ​ធ្វើ​បុណ្យទាន​នោះ​ដែរ៖ «»។

ថ្វី​ត្បិត​យ៉ាង​នេះ​ក្ដី លោក​បណ្ឌិត មាស នី បញ្ជាក់​ថា រយៈពេល​កន្លង​មក ការ​ចេញ​មុខ​នឹង​ការ​ដាក់​ឈ្មោះ​ខ្លួន​ជា​ឯកជន ឬ​ឈ្មោះ​គណបក្ស​ជា​អ្នក​សាងសង់​ស្ពាន ផ្លូវ​ថ្នល់ និង​មន្ទីរពេទ្យ​ជាដើម​គេ​មិន​ដែល​ដឹង​ថា អ្នក​ទាំង​នោះ​ដែល​អាច​មាន​លុយ​រាប់​លាន​ដុល្លារ បាន​លុយ​ពី​ណា​ដើម្បី​យក​មក​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នេះ​ទេ។

​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៧ ដែល​មាន​ទំហំ​ទឹក​ប្រាក់​កើន​ឡើង​ជិត ៥​ពាន់​លាន​ដុល្លារ​អាមេរិក ថវិកា​ជាតិ​ទាំង​នេះ ក្រៅ​ពី​ចំណាយ​លើ​វិស័យ​សំខាន់ៗ​នានា គឺ​សល់​ជាង ៨៥០​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​បាន​ត្រៀម​ទុក​សម្រាប់​ចំណាយ​ផ្សេងៗ​ដែល​គ្មាន​មុខ​សញ្ញា។ កញ្ចប់​ថវិកា​បម្រុង​ទុក​នេះ សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ប្រឆាំង​ធ្លាប់​បារម្ភ​ថា អាច​ធ្លាក់​នៅ​ក្នុង​អំពើ​ពុករលួយ។

ពាក់ព័ន្ធ​ការ​ប្រារព្ធ​រំលឹក​ខួប​ថ្ងៃ​៧ មករា លោក សុខ ឥសាន បញ្ជាក់​ថា គឺ​រៀបចំ​ឡើង​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស នៅ​ទល់​មុខ​ស្ថានទូត​ប្រទេស​ថៃ និង​ជប៉ុន ហើយ​នឹង​មាន​អ្នក​ចូលរួម​ជាង​មួយ​ម៉ឺន​នាក់។ លោក​ថ្លែង​ថា បន្ទាប់​ពី​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​ថ្លែង​សារ​នយោបាយ​រំលឹក​អំពី​ថ្ងៃ​៧ មករា រួច​មក សមាជិក សមាជិកា ឬ​អ្នក​តំណាង​គណបក្ស​នឹង​លើក​ថ្លែង​អំពី​ការ​ប្ដេជ្ញា​ចិត្ត​បម្រើ​កិច្ច​ការ​ជូន​គណបក្ស​នៅ​ពេល​ខាង​មុន។ ក្រៅ​នេះ គឺ​នៅ​តាម​បណ្ដា​ខេត្ត ក៏​មាន​ការ​រៀបចំ​កម្មវិធី​ដូច​គ្នា​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។