គណបក្សប្រជាជនកម្ពុជា ចោទជាថ្មីថា បក្សប្រឆាំងមានបំណងប្រើអំណាចប្រជាជន ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ ការចោទនេះ ធ្វើឡើងក្នុងពិធីរំលឹកខួប ៦៣ឆ្នាំនៃការបង្កើតគណបក្ស និងនៅចំពោះមុខសកម្មជនរាប់ពាន់នាក់ នៅស្នាក់ការកណ្ដាលគណបក្ស នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤។
ថ្ងៃខួបកំណើតគណបក្សប្រជាជនកម្ពុជា លើកនេះ មិនមានវត្តមានប្រធានគណបក្ស លោក ជា ស៊ីម ដូចលើកមុនៗឡើយ។ មន្ត្រីគណបក្សខ្លះបញ្ជាក់ថា មេបក្សដែលមាន ៨០ឆ្នាំប្លាយរូបនេះ មានជំងឺមិនអាចមកចូលរួមបាន។ នៅចំពោះមុខសកម្មជនបក្សរាប់ពាន់នាក់ ប្រធានកិត្តិយសគណបក្ស លោក ហេង សំរិន មានតួនាទីជាអ្នកថ្លែងសន្ទរកថា ពង្រឹងគោលជំហរគណបក្ស។ សន្ទរកថាដែលមានកម្រាស់ ៧ទំព័រ រៀបរាប់ត្រួសៗពីគុណសម្បត្តិគណបក្ស តាំងពីថ្ងៃកកើតដំបូង រហូតមកដល់បច្ចុប្បន្ន បញ្ហាប្រឈមនានា និងការប្ដេជ្ញាចិត្តជារួមរបស់គណបក្ស។
លោក ហេង សំរិន លើកឡើងថា ប្រជាជនកម្ពុជា នៅតែគាំទ្រតួនាទីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេស ដោយបោះឆ្នោតគាំទ្រទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ។ លោកបន្តថា ការធ្វើពហិការមិនទទួលយកលទ្ធផលបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ជាការប៉ុនប៉ងចង់ឲ្យកម្ពុជា មានភាពច្របូកច្របល់ រដ្ឋគ្មានប្រសិទ្ធភាព ទំនាក់ទំនងអន្តរជាតិចុះខ្សោយ សេដ្ឋកិច្ចដើរថយក្រោយ ជីវភាពពលរដ្ឋកាន់តែលំបាក ដើម្បីឲ្យពលរដ្ឋបាត់បង់ជំនឿចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោកបញ្ជាក់ទំនងជាសំដៅបក្សប្រឆាំងថា គណបក្សនេះ និងមជ្ឈដ្ឋានមួយចំនួន បានប្រើពាក្យប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយកុហកប្រជាពលរដ្ឋ ក្នុងបំណងប្រើអំណាចប្រជាជន ដើម្បីផ្ដួលរំលំគណបក្សប្រជាជនកម្ពុជា ទៀតផង៖ «សំឡេង»។
លោក ហេង សំរិន ប្ដេជ្ញាចិត្តថានឹងប្រឆាំងដាច់ខាត់ ចំពោះអ្នកណាក៏ដោយដែលមានបំណងលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងកម្ពុជា។ លោកក៏ថែមទាំងសរសើររដ្ឋាភិបាលថា ធ្វើការងារបានល្អក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស និងរក្សារបៀបរៀបរយសង្គម។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ មិនដែលគិតម្តងណាឡើយថា ចង់រំលំរដ្ឋាភិបាលតាមរយៈកម្លាំងបាយនោះ។ លោកបន្តថា គណបក្សនេះធ្វើបាតុកម្មជាច្រើនដងច្រើនសា តែជាបាតុកម្មដោយសន្តិវិធីប៉ុណ្ណោះ ហើយលោកសោកស្ដាយដែល លោក ហេង សំរិន ប្រើប្រាស់វេទិកាថ្ងៃកំណើតបក្សរបស់ខ្លួន មកវាយប្រហារគណបក្សសង្គ្រោះជាតិ៖ «សំឡេង»។
គិតមកដល់ថ្ងៃទី២៨ ខែមិថុនា ទំនាស់នយោបាយកម្ពុជា បានអូសបន្លាយអស់រយៈពេល ១១ខែមកហើយ។ ដើម្បីប្រឆាំងនឹងលទ្ធផលឆ្នោត គណបក្សសង្គ្រោះជាតិ ធ្លាប់ធ្វើបាតុកម្មចំនួន ៤ដងធំៗ ហើយបាតុកម្មលើកចុងក្រោយ ធ្វើឡើងរយៈពេល ៣សប្ដាហ៍ជាប់គ្នា តែបាតុកម្មនោះត្រូវបានអាជ្ញាធររដ្ឋាភិបាល វាយបំបែក និងដាក់បម្រាមមិនឲ្យជួបជុំរហូតមកដល់ពេលនេះ។
គណបក្សប្រជាជនកម្ពុជា បង្កើតឡើងនៅឆ្នាំ១៩៥១ មានឈ្មោះដំបូងថា គណបក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលបក្សកុម្មុយនីស្តមួយនេះ បង្កើតដើម្បីប្រឆាំងអាណានិគមបារាំង។ បក្សនេះជាសាខារបស់បក្សកុម្មុយនីស្តឥណ្ឌូចិន ដែលមានវៀតណាម ជាអ្នកបោះមេ។ ឥស្សរជនសំខាន់ៗក្នុងបក្សនេះ រួមមាន ស្ថាបនិក លោក ទូ សាមុត ឬ សឺន ង៉ុកមិញ បន្តមកទៀតមាន លោក ខៀវ សំផន និងលោក សាឡុត ស ឬ ប៉ុល ពត និងអ្នកចុងក្រោយមាន លោក ជា ស៊ីម លោក ហេង សំរិន និងលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
