លោក កឹម សុខា ចោទ​បក្ស​កាន់​អំណាច​ថា​គ្មាន​ចេតនា​ដោះស្រាយ​វិបត្តិ​នយោបាយ

0:00 / 0:00

មេដឹកនាំ​គណបក្ស​ប្រឆាំង​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ថា​មាន​ចេតនា​គេចវេះ​មិន​ព្រម​ដោះស្រាយ​បញ្ហា​ទំនាស់​នយោបាយ។ ការ​បញ្ជាក់​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជា​សាធារណៈ​តាម​រយៈ​ទំព័រ​សារព័ត៌មាន​ថា ខ្លួន​មាន​រូបមន្ត​ថ្មី​មួយ​ដើម្បី​ជ្រើសរើស​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​នាំ​ឲ្យ​ចំណេញ​ប្រយោជន៍​ជាតិ​នោះ ប៉ុន្តែ​គ្មាន​ប្រតិកម្ម​ពី​គណបក្ស​កាន់​អំណាច។

​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គណបក្ស​ប្រឆាំង​កំពុង​ទន្ទឹង​ចាំ​មើល​ផ្លូវ​បក្ស​កាន់​អំណាច​ដើម្បី​វិល​រក​តុ​ចរចា​ជា​ថ្មី ឈាន​ទៅ​បញ្ចប់​វិបត្តិ​នយោបាយ​ឲ្យ​បាន​មុន​ខួប​មួយ​ឆ្នាំ​នៃ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​កក្កដា មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​បញ្ចប់​វិបត្តិ​នយោបាយ​ឲ្យ​បាន​ឆាប់ ប៉ុន្តែ​បក្ស​កាន់​អំណាច​បែរ​ជា​ព្រងើយ​កន្តើយ​ទៅ​វិញ។ លោក​បញ្ជាក់​ថា រូបមន្ត​ថ្មី​របស់​លោក​នឹង​អាច​មាន​ផល​ចំណេញ​ដល់​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ ហើយ​នាំ​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា អាច​ជា​ទី​ទុក​ចិត្ត​បាន​ទៀត​ផង។ ប៉ុន្តែ​បើ​បក្ស​កាន់​អំណាច​នៅ​តែ​មិន​ចេញ​មក​ចរចា​ទេ​នោះ បក្ស​សង្គ្រោះ​ជាតិ​ក៏​នឹង​មាន​វិធានការ​ផ្ទាល់​ខ្លួន​ដែរ។

​លោក កឹម សុខា៖ «រូប​មន្ត​ហ្នឹង​ជា​រូបមន្ត​មួយ​ដែល​អាច​ឲ្យ​មាន​ការ​ព្រមព្រៀង​គ្នា ជា​ចំណុច​កណ្ដាល​មួយ​ដែល​យើង​អាច​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ធ្វើ​ការងារ​ឲ្យ​ឯករាជ្យ​បាន ហើយ​បើ​មាន​រូបមន្ត​ហើយ​បក្ស​កាន់​អំណាច​គាត់​មិន​ពិចារណា បាន​ន័យ​ថា គាត់​អត់​ចង់​កែ»

​ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច លោក ព្រុំ សុខា បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ផ្ដាច់​មុខ​ជាមួយ​វិទ្យុ​អាស៊ីសេរី​ថា បក្ស​កាន់​អំណាច​នឹង​នៅ​តែ​ចំហ​ទ្វា​ចរចា បើ​ទោះ​បី​ជា​កាលៈទេសៈ​បែប​ណា​ក៏​ដោយ។ ចំណែក​ឯ​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ក៏​បញ្ជាក់​ដែរ​ថា បើ​បក្ស​ប្រឆាំង​យក​ប្រយោជន៍​រាស្ត្រ​ជា​ធំ​មែន បក្ស​កាន់​អំណាច​ក៏​មិន​រារែក​ចិត្ត​ក្នុង​ការ​ចរចា​ដែរ។

​ទោះ​ជា​បែប​ណា​ក្តី អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​ទាំង​ពីរ​បក្ស​នៅ​តែ​ព្យាយាម​បោក​ចិត្ត​រាស្ត្រ​ក្នុង​បញ្ហា​នេះ។ អ្នក​ជំនាញ​រូប​នេះ​ផ្ដល់​រូបមន្ត​បី​សម្រាប់​ឲ្យ​បក្ស​ទាំង​ពីរ​ជ្រើសរើស​ក្នុង​ការ​រៀបចំ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ រូបមន្ត​ទី​១ ជា​រូបមន្ត ៥០ បូក ១ តែ​សំឡេង​អនុម័ត​មាន​ទាំង​ពីរ​បក្ស។ រូបមន្ត​ទី​២ ជា​រូបមន្ត ៦៨​សំឡេង បូក ៥​សំឡេង និង​រូបមន្ត​ទី​៣ ជា​រូបមន្ត​ដែល​ទាមទារ​ឲ្យ​មាន​ការ​យល់​ព្រម​ពី​សមាជិក​សភា​ទាំង​ពីរ​បក្ស​មុន​ពេល​ចូល​ប្រជុំ​សភា។

លោក​ស្នើ​ឲ្យ​បក្ស​ទាំង​ពីរ​បញ្ចប់​ការ​ជាប់​គាំង​នេះ​ឲ្យ​បាន​ឆាប់៖ «តាម​ពិត​អ្នក​នយោបាយ​មិន​ទាន់​មាន​ឆន្ទៈ​ស្មោះត្រង់​ចំពោះ​ជាតិ មាតុភូមិ​នោះ​ទេ គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ធូរ​ស្រាល​អារម្មណ៍​ក្នុង​ខ្លួន​តែ​មិន​មាន​ឆន្ទៈ​ដោះស្រាយ»

ទំនាស់​រវាង​គណបក្ស​ទាំង​ពីរ​កើត​ឡើង​បន្ទាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ប្រព្រឹត្តិ​ទៅ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ បក្ស​ប្រឆាំង​ចោទ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជួយ​បន្លំ​សន្លឹក​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ជា​បន្តបន្ទាប់​គណបក្ស​ទាំង​ពីរ​ក៏​ឯកភាព​គ្នា​កែទម្រង់​ការ​បោះ​ឆ្នោត ប៉ុន្តែ​មធ្យោបាយ​នៃ​ការ​កែ​ទម្រង់​នោះ​នៅ​ទ្រឹង​នៅ​ឡើយ បន្ទាប់ពី​បរាជ័យ​ក្នុង​ចរចា​ជា​ច្រើន​ដង​ច្រើន​សា​មក​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។