សកម្មជន​បក្ស​ប្រជាជន​ប្ដឹង​ចោទ​​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​រឿង​ប្រើ​ហិង្សា

គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត (គ.ខ.ប) ខេត្ត​កំពង់ឆ្នាំង ​កំពុង​តែ​ពិនិត្យ​មើល​លើ​បណ្ដឹង​របស់​អនុ​ប្រធាន​សហភាព​សម្ព័ន្ធ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រចាំ​ឃុំ​ពន្លៃ ​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ប្ដឹង​ជំទប់​ទី​២ ឃុំ​ពន្លៃ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​ប្រើ​អំពើ​ហិង្សា និង​រារាំង​សកម្មភាព​ឃោសនា​បោះ​ឆ្នោត។

0:00 / 0:00

គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០១៣ បាន​ពិនិត្យ ​និង​ចុះ​អង្កេត​ផ្ទាល់​ទៅ​លើ​អង្គហេតុ​ក្នុង​សំណុំ​រឿង​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា ​និង​រើស​អើង​គណបក្ស​នយោបាយ ​ប្រឆាំង​ទៅ​នឹង​ជំ​ទប់​ទី​២ គណបក្ស​សង្គ្រោះ​ជាតិ ទៅ​លើ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា។

ប្រធាន​គណៈកម្មការ​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​កំពង់ឆ្នាំង ​អ្នកស្រី ​នួន ចន្នី មាន​ប្រសាសន៍​ថា ជំហាន​ដំបូង​គណៈកម្មការ​ត្រូវ​ដំណើរ​ការ​នីតិវិធី​មួយ​ចំនួន បន្ទាប់​មក​នឹង​ធ្វើ​ការ​សម្រប​សម្រួល ​ក្នុង​ករណី​មិន​ត្រូវរ៉ូវ​គ្នា​គណៈកម្មការ​សម្រេច​បើក​សវនាការ​តែ​ម្ដង៖ «ឥឡូវ​ហ្នឹង PEC បាន​ចុះ​ទៅ​ធ្វើ​ការ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​ទៀត អ៊ីចឹង​សំណុំ​រឿង​ទាំង​អស់​ហ្នឹង បាន​ន័យ​ថា នៅ​ក្នុង​ដៃ PEC ហើយ ប៉ុន្ដែ​ដោយសារ​ថា PEC រវល់​មាន​ភារៈ​ច្រើន»

អនុ​ប្រធាន​សហភាព​សម្ព័ន្ធ​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា កញ្ញា ងឹម ពុទ្ធា បាន​រៀប​រាប់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​ស្វាយគយ ឃុំ​ពន្លៃ ជំទប់​ទី​២ លោក ហេង ប៊ុនហៀង បាន​គំរាម​ពាក្យ​សម្ដី ​និង​ទះ​ក្បាល​នាង​មួយ​ដៃ ព្រម​ទាំង​បាន​ចាប់​មួល​ដៃ​ស្ដាំ​របស់​នាង​ឲ្យ​ថ្លោះ​ទៀត​ផង។ បច្ចុប្បន្ន​របួស​ដៃ​របស់​នាង​បាន​ធូរ​ស្រាល​វិញ​ហើយ បន្ទាប់​ពី​បាន​ព្យាបាល​ពីរ​បី​ថ្ងៃ​រួច​មក។

កញ្ញា ងឹម ពុទ្ធា មាន​ប្រសាសន៍​ថា កញ្ញា​ព្យាយាម​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ ប៉ុន្តែ​លោក ហេង ប៊ុនហៀង នៅ​តែ​តាម​មក​រក​រឿង៖ «ចំណុច​ទី​៤​ទៀត គាត់​ចាប់​កដៃ​ខ្ញុំ​មួល​បម្រុង​នឹង​បោក តែ​បោក​មិន​បាន គាត់​ក៏​យា​ដៃ​មួយ​ខាង​ទៀត​មក​ទះ​កំផ្លៀង​ខ្ញុំ តែ​ទះ​មិន​បាន ខ្ញុំ​ក៏​គេច​ចេញ»

ជំទប់​ទី​២ របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហេង ប៊ុនហៀង បាន​ថ្លែង​បដិសេធ​ថា ឈ្មោះ ងឹម ពុទ្ធា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទេ ដែល​បាន​ឆក់​យក​ប្រដាប់​កិប​ពី​អនុ​ប្រធាន​ភូមិ​ដែល​កំពុង​តែ​ដើរ​កិប​ស្លាក​ជាមួយ​គ្នា​នោះ ស្ទុះ​មក​វាយ​លោក​មុន៖ «សូម​ជម្រាប​ប្អូន នេះ​គឺ​ជា​ការ​ចោទ​ប្រកាន់​សុទ្ធសាធ ឥឡូវ​គេ​ប្ដឹង​ខ្ញុំ​ទៅ​ដល់ PEC តែ​ចុង​ក្រោយ​ហ្នឹង គឺ​សាក្សី​ខ្ញុំ​មាន គឺ​ប្រពន្ធ​របស់​ខ្ញុំៗ​អត់​បាន​វាយ​ទេ គាត់​ហ្នឹង​ទេ ចុង​ក្រោយ​យក​កិប​មក​គប់ មក​វាយ ខ្ញុំ​ចាប់​ដៃ​ជាប់ ខ្ញុំ​ចាប់​ទេ ខ្ញុំ​អត់​កាច់​ឲ្យ​បាក់​ទេ អាហ្នឹង​គឺ​សាក្សី​ច្បាស់​លាស់»

សង្គម​ស៊ីវិល​លើក​ឡើង​ថា គេ​កម្រ​ឃើញ​ករណី​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ប្រើ​អំពើ​ហិង្សា និង​រារាំង​សកម្មភាព​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ។ នេះ​ជា​ករណី​ទី​មួយ​ដែល​កើត​ឡើង​នៅ​ខេត្ត​កំពង់ឆ្នាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។