ក្រុមមនុស្សប្រមាណជាង ១០០នាក់ ដែលក្នុងនោះមានទាំងមេឃុំ និងមន្ត្រីក្រុមប្រឹក្សាឃុំខ្លះ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បានបង្កការអុកឡុកទៅលើផ្ទះជួលមួយកន្លែងរបស់សកម្មជនគណបក្សសង្គ្រោះជាតិ នៅក្នុងទីរួមស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ការអុកឡុកនេះ ធ្វើឡើង១ថ្ងៃនៅមុនពេល លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ជាអនុប្រធាន មានគម្រោងនឹងទៅកាន់ទីនោះ។
សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តឧត្តរមានជ័យ អះអាងថា មនុស្សមួយក្រុមដែលទំនងជារៀបចំដោយអាជ្ញាធរគាំទ្រគណបក្សកាន់អំណាច បានទៅបង្កបញ្ហា និងអុកឡុកមិនឱ្យរៀបចំធ្វើរោងវេទិកាសម្រាប់ទទួលមេដឹកនាំគណបក្សប្រឆាំងបានទេ។
ចាប់តាំងតែពីវេលាម៉ោងជាង ៨ព្រឹក រហូតដល់ម៉ោងជាង ៣រសៀល ក្រុមមនុស្សទាំងនោះនៅតែនាំគ្នាកាន់បដាក្នុងដៃ ព្រមទាំងប្រើឧបករណ៍បំពងសំឡេងស្រែកប្រឆាំង លោក សម រង្ស៊ី និងលោក កឹម សុខា។
អតីតអភិបាលរងស្រុកអន្លង់វែង ដែលទើបតែចាកចេញពីគណបក្សប្រជាជនកម្ពុជា ទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ គឺលោក ញ៉ែម អេន។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី៧ ខែមិថុនា ថា លោកបានជួលផ្ទះមួយកន្លែងនៅជិតសាលាស្រុកអន្លង់វែង ដើម្បីធ្វើជំនួញតូចតាច ដោយមានកិច្ចសន្យាជួលរយៈពេល ៥ឆ្នាំ។ កាលពីព្រឹកមិញ នៅពេលដែលលោករៀបចំដាក់តាំងរូបថតមេដឹកនាំគណបក្សសង្គ្រោះជាតិ នៅមុខផ្ទះ ហើយគ្រោងនឹងធ្វើរោង ដើម្បីចាំទទួល លោក សម រង្ស៊ី និងលោក កឹម សុខា នឹងមកដល់នៅថ្ងៃអាទិត្យ ស្រាប់តែម្ចាស់ផ្ទះបានទៅបង្ខំឱ្យរុះរើចេញវិញ។ លោកបានប្រកែក និងពន្យល់ផ្លូវច្បាប់ពាក់ព័ន្ធនឹងកិច្ចសន្យាជួល ស្រាប់តែបន្តិចក្រោយមក ក៏លេចចេញហ្វូងមនុស្សជាច្រើន បានទៅរុះរើរូបថតមេបក្សសង្គ្រោះជាតិ ព្រមទាំងស្រែកប្រឆាំងយ៉ាងខ្លាំងក្លា។ ក្នុងចំណោមអ្នកស្រែកប្រឆាំងនោះ គឺមានមន្ត្រីក្រុមប្រឹក្សាឃុំខ្លះ ដែលគាំទ្រគណបក្សកាន់អំណាច៖ «ព្រឹកមិញនេះ គេមកបោចប៉ាយ សម រង្ស៊ី ចេញពីមុខផ្ទះ។ គឺមានមេឃុំ វង់ ភក្តិ ឡុង វ៉ុន ជំទប់ទី១ លុក ស៊ុង ក្រុមប្រឹក្សាឃុំអន្លង់វែង ហើយមានមេឃុំត្រពាំងប្រិយ។ គេសម្រុកចូលទៅដល់ស្នាក់ការកន្លែងរៀបចំ គឺអាជ្ញាធរធ្វើតែម្ដង។ គេរំខានកន្លែងនេះ ទៅមើលកន្លែងថ្មីទៀត ក៏គេរំខានដែរ»។
ចាប់តាំងតែពីព្រឹករហូតដល់រសៀល បើទោះបីជាមានក្រុមមនុស្សទៅអុកឡុក និងឆាឆៅ មិនឱ្យគណបក្សសង្គ្រោះជាតិ រៀបចំវេទិការង់ចាំទទួល លោក សម រង្ស៊ី និងលោក កឹម សុខា បានក៏ដោយ ក៏គេមិនឃើញកម្លាំងសមត្ថកិច្ច ឬក៏អាជ្ញាធរស្រុកអន្លង់វែង ចេញមុខសម្របសម្រួលទេ។ ទាំងអភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី និងអភិបាលស្រុកអន្លង់វែង លោក យឹម ផាន់ណា សុទ្ធតែមិនទទួលទូរស័ព្ទ ដើម្បីអធិប្បាយបញ្ហាទាំងនេះយ៉ាងណានៅឡើយ។
ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តឧត្តរមានជ័យ លោក ឆន សុវណ្ណ មានប្រសាសន៍ថា មនុស្សមួយក្រុមបានធ្វើបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិ ជាច្រើនម៉ោង ដោយលើកបដាសរសេរអក្សរ ព្រមទាំងស្រែកដាក់មេក្រូមិនទទួលស្វាគមន៍ដំណើររបស់ លោក សម រង្ស៊ី និងលោក កឹម សុខា ដែលគ្រោងនឹងមានវត្តមាននៅថ្ងៃអាទិត្យ នោះទេ។ ក្រុមមនុស្សទាំងនោះ បានគំរាមបង្ខំឱ្យសកម្មជនគណបក្សសង្គ្រោះជាតិ ទាំងអស់ ត្រូវចាកចេញពីផ្ទះដែលជួលជាបន្ទាន់។
លោក ឆន សុវណ្ណ បានហៅសកម្មភាពក្រុមអ្នកតវ៉ានោះថា មានអាជ្ញាធរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា នៅពីក្រោយខ្នង៖ «ព្រោះគេធ្វើនៅក្នុងសាលាស្រុក។ គេដាក់មេក្រូ ៣-៤ គ្រប់ឡានទាំងអស់ ហើយគេប្រើក្មេងស្ទាវៗលើកបដា ហើយនិងទង់ជាតិគ្រវី។ ឥឡូវគេឆ្លងថ្នល់មកដល់ផ្ទះជួលហ្នឹងទៀត»។
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក (adhoc) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន ព្រួយបារម្ភខ្លាចក្រែងកើតមានអំពើហិង្សា ដោយសារការស្អប់ខាងនយោបាយនៅទីនោះ។ លោក ស្រី ណារ៉េន ចាត់ទុកការលើកគ្នាទៅហាមឃាត់ការលើកស្លាក និងការជួបប្រជុំរបស់គណបក្សនយោបាយនោះថា គឺជាអំពើខុសច្បាប់ ពីព្រោះតែគណបក្សនោះមានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃ រួចហើយ។ លោក ស្រី ណារ៉េន រិះគន់ថា នៅខេត្តឧត្តរមានជ័យ គឺអាជ្ញាធរនៅមានការរឹតត្បិតច្រើនទៅលើគណបក្សដទៃ ក្រៅពីគណបក្សប្រជាជនកម្ពុជា ព្រមទាំងមិនសូវចង់ជួបសហការជាមួយអង្គការក្រៅរដ្ឋាភិបាលទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
