មន្ត្រីបក្សសង្គ្រោះជាតិ បានចាត់ទុកសកម្មភាពរបស់សកម្មជនគណបក្សប្រជាជន នេះ ថាធ្វើឡើងដើម្បីគំរាមកំហែង និងបំបាក់ស្មារតីផ្នែកនយោបាយទៅលើគណបក្សណាដែលកំពុងមានប្រជាប្រិយភាពខ្លាំង ក្នុងការប្រកួតប្រជែងដណ្ដើមសំឡេងគាំទ្រពីពលរដ្ឋជាមួយគណបក្សខ្លួននៅតំបន់នោះ។
សកម្មជនបក្សសង្គ្រោះជាតិ ស្រុករមាសហែក គឺលោក ហម ហៀង មានប្រសាសន៍នៅថ្ងៃទី៨ កក្កដា ថា សកម្មជនគណបក្សប្រជាជន បានប្រើអំណាចរបស់ខ្លួនគំរាមប៉ុនប៉ងធ្វើឃាតសកម្មជនបក្សសង្គ្រោះជាតិ នៅភូមិគរ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង៖ «គ្នាបរម៉ូតូចេញពីឃោសនាមក ស្រាប់តែមេភូមិទាំង ៤នាក់ហ្នឹង គេចេញពីច្រកខាងណាមក ព័ទ្ធមិនឲ្យដើរលើផ្លូវថ្នល់លើផ្លូវថ្នល់របស់សម្ដេច ហ៊ុន សែន។ គំរាមម្ដងទៀតថា អាឯងពេទ្យឯង មិនបាច់ទៅធ្វើនយោបាយទេ បើអាឯងនៅតែធ្វើនយោបាយទៀត អញសម្លាប់ឯងចោលម្ដង»។
លោកបន្ថែមថា នៅអំឡុងពេលដែលបក្សសង្គ្រោះជាតិ កំពុងឃោសនារកសំឡេងឆ្នោតនៅភូមិចន្ត្រី ឃុំចន្ត្រី សកម្មជនបក្សសង្គ្រោះជាតិ គឺលោក សំ សារឿន ដោយម៉ូតូរបស់គាត់ខូច ហើយគាត់ក៏បានដើរអូសម៉ូតូតាមក្រោយក្បួនហែ រហូតដល់ដាច់ពីគេនៅម្នាក់ឯង។ មួយរំពេចនោះ សកម្មជនបក្សប្រជាជន មានគ្នា៤នាក់ ឃើញឱកាសល្អ បានចូលមកឈរឡោមព័ទ្ធលោក សារឿន ហើយនិយាយឌឺដង បង្កបញ្ហាតែម្ដង។
ឆ្លើយតបទៅនឹងបញ្ហានេះ អនុប្រធានភូមិ និងជាសកម្មជនបក្សប្រជាជន ភូមិត្រពាំងតុំ ឃុំចន្ត្រី គឺលោក ទឹម សឿន មានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី៨ កក្កដា ថា លោកមិនបាននិយាយគំរាមសម្លាប់ដូចការលើកឡើងរបស់សកម្មជនបក្សសង្គ្រោះជាតិ ឡើយ៖ «អារឿងហ្នឹង វានិយាយបំប៉ោងទេ។ សូមជម្រាបជូនថា ខ្ញុំមកពីឃោសនា នៅតាមភូមិហ្នឹង ខ្ញុំត្រឡប់មក ខ្ញុំទុកតាមួយឈ្មោះ ព្រំ សុខា។ ខ្ញុំមានគ្នា ៤នាក់ មកដល់កណ្ដាលផ្លូវ ស្រាប់តែឃើញប្អូនមួយគេដឹកកាតាបហ្នឹង គេស្លៀកពាក់សាមញ្ញធម្មតាហ្នឹង គេឈរម៉ូតូ ភ្លាមគេថាបងឯងមូលហេតុអីបានជាធ្វើថ្នល់លំបាកយ៉ាងនេះ។ ហើយខ្ញុំថា លំបាកអីប្អូនគ្រាន់តែលេចទឹកបន្តិចបន្តួច ថ្ងៃក្រោយរដ្ឋាភិបាលគាត់មកធ្វើហើយ។ ដល់អ៊ីចឹង គាត់ថាមិនគួរណាមករុញធ្វើឲ្យលំបាក ហើយសួរខ្ញុំថា មកធ្វើថ្នល់ថ្ងៃណា ខ្ញុំថាអត់បានដឹងទេ ព្រោះខ្ញុំមេភូមិធ្វើម៉េចខ្ញុំបានដឹង»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលអង្គការអាដហុក (Adhoc) ប្រចាំខេត្តស្វាយរៀង អ្នកស្រី កើត ផល្លី មានប្រសាសន៍ថា អ្នកស្រីកំពុងស្រាវជ្រាវរកការពិតអំពីហេតុការណ៍នេះនៅឡើយ។ ហើយប្រសិនបើបញ្ហានេះជារឿងនយោបាយនោះ អ្នកស្រីនឹងផ្ដល់ព័ត៌មានទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ឬហៅកាត់ថា គ.ខ.ប ដើម្បីជួយដោះស្រាយបញ្ហានេះ៖ «ហើយបើសិនជារឿងហ្នឹងជារឿងនយោបាយពិតប្រាកដ យើងនឹងទៅទាក់ទងទៅខាងប៉ិច ឲ្យជួយអន្តរាគមន៍ភ្លាមៗ ព្រោះប៉ិច ការអន្តរាគមន៍រហ័ស និងចាត់វិធានការបានរហ័ស តែដល់ពេលរឿងគំរាមកំហែងសម្លាប់នោះ យើងចូលទៅតុលាការឲ្យលោកចាត់ការទៅតាមផ្លូវច្បាប់»។
ការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រនីតិកាលទី៥ នៅខេត្តស្វាយរៀង ប្រជាពលរដ្ឋដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបទាំងអស់ចំនួនជិត ៤សែននាក់ ចែកចេញជា ៥អាសនៈ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ៧៨៣ការិយាល័យ។ ក្នុងខេត្តនេះមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រចំនួន ៧គណបក្សនយោបាយ ក្នុងនោះរួមមានគណបក្សសញ្ជាតិកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែរឈប់ក្រ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសង្គ្រោះជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
