បញ្ហានេះ សកម្មជនរបស់គណបក្សសង្គ្រោះជាតិ ចាត់ទុកការរឹតបន្តឹងផ្នែកសេរីភាពនៃការបញ្ចេញមតិជាសាធារណៈ ដែលធ្វើឡើងដោយមន្ត្រីអាជ្ញាធរមកពីគណបក្សប្រជាជន កំពុងគ្របគ្រងអំណាច ថាគឺជារូបភាពនយោបាយ ប្រឆាំងនឹងអ្នកទាមទារប្រជាធិបតេយ្យ និងជាមធ្យោបាយដើម្បីគាបសង្កត់ សម្លុត គំរាមកំហែងអ្នកដែលមាននិន្នាការគាំទ្របក្សក្រៅពីគណបក្សប្រជាជនកម្ពុជា។
លោក សម្បត្តិ កែវ បេក្ខជនដែលនឹងឈរឈ្មោះជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ របស់គណបក្សសង្គ្រោះជាតិ ចោទថា អ្វីដែលគណបក្សកំពុងគ្របគ្រងអំណាច ព្យាយាមរំខានការជួបជុំរបស់សកម្មជនគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៨ មេសា គឺបង្ហាញថា រដ្ឋាភិបាលដែលគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងព្រួយបារម្ភខ្លាចចាញ់ឆ្នោតនៅថ្ងៃទី២៨ កក្កដា ខាងមុខ។លោកបន្តថា តាមការគ្រោងទុក អ្នកត្រូវចូលរួមមានប្រមាណជាង ៣០០នាក់ នៅព្រឹកថ្ងៃទី២៨ មេសា។ ប៉ុន្តែលោកថា នៅទីបំផុត អ្នកប្រមូលផ្ដុំនៅថ្ងៃទី២៨ មេសា មានចំនួនជាង ១០០នាក់ប៉ុណ្ណោះ ព្រោះតែត្រូវរំខានដោយអាជ្ញាធរមូលដ្ឋានដែលបានមកបញ្ជាឲ្យរុះរើទីតាំងដែលជាកន្លែងជួបជុំសកម្មជនគាំទ្ររបស់គណបក្សសង្គ្រោះជាតិនោះ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ ចៅសង្កាត់ស្វាយប៉ាក លោក ហ៊ូ សាមន អះអាងថា ការចោទប្រកាន់របស់មន្ត្រីគណបក្សសង្គ្រោះជាតិនេះ មិនឆ្លុះបញ្ចាំងពីការពិតឡើយ។ លោកបន្តថា ផ្ទុយទៅវិញ ពិធីនោះបានប្រព្រឹត្តទៅរហូតដល់ទីបញ្ចប់ និងក្រោមការការពារសុវត្ថិភាពរបស់នគរបាលយុត្តិធម៌ថែមទៀត។
លោក ហង្ស ពុទ្ធា នាយកអង្គការ និកហ្វិច (NICFEC) ចាត់ទុកថា ការរំខាន ការរាំង និង ការមិនបើកចំហដោយទូលាយចំពោះការជួបជុំនៅមុនការបោះឆ្នោតមកដល់នោះមានន័យថា គឺជាផ្នែកមួយបង្ហាញថា ការប្រព្រឹត្តទៅនៃដំណើរការបោះឆ្នោតក្នុងពេលខាងមុខមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ។
ការប្រើប្រាស់សារគំរាមកំហែងសកម្មជនគណបក្សនយោបាយ ដែលមន្ត្រីបក្សប្រឆាំងចោទថា ធ្វើឡើងដោយគណបក្សគ្របគ្រងអំណាចនៅមុនយុទ្ធនាការឃោសនាបោះឆ្នោតចាប់ផ្ដើម ត្រូវបានអង្គការសង្គមស៊ីវិល ដែលមានបេសកកម្មពាក់ព័ន្ធនឹងប្រព័ន្ធបោះឆ្នោត ចាត់ទុកថា វាស្ទើរក្លាយទៅជាវប្បធម៌មួយនៅក្នុងសង្គមកម្ពុជាទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
