លោក ស ខេង ថា​រក​ពេល​ជួប​ចរចា​មិន​ទាន់​បាន​ប៉ុន្តែ​លោក សម រង្ស៊ី ចោទ​ថា​ជា​លេស

0:00 / 0:00

ថ្វី​បើ​ពិធី​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​បាន​កន្លង​ផុត​ទៅ​ហើយ​ក្តី តែ​សម្រាប់​ជំនួប​ចរចា​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង នៅ​តែ​មិន​ទាន់​លេច​ចេញ​ជា​រូបរាង​តាម​ការ​សន្យា​នៅ​ឡើយ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លើក​ហេតុផល​ថា ការ​យឺតយ៉ាវ​ជួប​គ្នា​រវាង​គណបក្ស​ទាំង​ពីរ ដោយសារ​រវល់​ពេក រក​ពេល​ជួប​មិន​ទាន់​បាន រីឯ​មេ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​វិញ​ថា ការ​លើក​ឡើង​របស់​គណបក្ស​កាន់​អំណាច គឺ​ជា​លេស និង​តែងតែ​មាន​ភាព​មិន​ស្មោះ​ត្រង់​ក្នុង​រឿង​ចរចា។

គម្រោង​ជួប​ចរចា​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង ជុំវិញ​ការ​សន្យា​និយាយ​រឿង​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​អគ្គលេខាធិការ​រង គ.ជ.ប នៅ​ចុង​ឆ្នាំ​២០១៦ នេះ ត្រូវ​បាន​ខកខាន​ទៅ​វិញ បណ្ដាល​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ងឿង​ឆ្ងល់ និង​បន្ត​តាម​អ៊ុត​មើល​អំពី​គម្រោង​ជួបជុំ​គ្នា​ឡើង​វិញ​ក្នុង​ឆ្នាំ​ថ្មី​នេះ។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ដែល​ប្រដេញ​សួរ បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ទី​២ ខែ​មករា នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​ភាគច្រើន​នៃ​រដ្ឋសភា លោក ស ខេង លើក​ឡើង​ថា ទោះ​បី​ជា​ផុត​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​ក្តី តែ​លោក​មិន​ទាន់​មាន​ពេល​ជួប​ជាមួយ​បក្ស​ប្រឆាំង​នៅ​ឡើយ​តាម​ការ​សន្យា​ថា នឹង​ជួប​នៅ​ចុង​ខែ​ធ្នូ នៅ​ឡើយ​ទេ ដោយសារ​ជាប់​រវល់​ការងារ​ច្រើន​ពេក។ ទោះ​បី​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា គម្រោង​ជួប​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង នៅ​តែ​មាន​ដដែល តែ​មិន​ទាន់​ហ៊ាន​កំណត់​ពេល​ជាក់លាក់ « យើង​នៅ​តែ​មាន​គម្រោង​ដើម្បី​ជួប​អ៊ីចឹង តែ​មិន​ទាន់​ដឹង​ថា​ពេល​ណា ព្រោះ​ការងារ​ដើម​ឆ្នាំ​នេះ​វា​ច្រើន »

ចំពោះ​សំណួរ​រឿង​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​រូប និង​មន្ត្រី គ.ជ.ប ម្នាក់​នោះ លោក ស ខេង បង្វែរ​ឲ្យ​ទៅ​សួរ​តុលាការ ក្រោម​ហេតុផល​ថា លោក​មិន​អាច​ដោះស្រាយ​បាន​ឡើយ ប្រសិន​បើ​តុលាការ​មិន​ទាន់​បញ្ចប់​នីតិវិធី​នោះ។ ការ​ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ពេល​នេះ​របស់​លោក ស ខេង គឺ​ខុស​ពី​កាល​ពី​ថ្ងៃ​ទី​៧ ធ្នូ ក្រោយ​ពី​កិច្ច​ប្រជុំ​សភា​ដែល​លោក​ថា មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក និង​អគ្គលេខាធិការ​រង គ.ជ.ប អាច​នឹង​ត្រូវ​ដោះលែង​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦ នោះ។

ចំពោះ​ការ​ខកខាន​ជួប​ចរចា​គ្នា និង​បន្ត​លើក​ពេល​គ្មាន​ការ​កំណត់​ជាក់លាក់​នេះ ត្រូវ​បាន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ឆ្លើយតប​ថា គឺ​ជា​លេស​របស់​គណបក្ស​កាន់​អំណាច និង​ចង់​រក្សា​អ្នក​កំពុង​ជាប់​ឃុំ​នោះ ឲ្យ​បន្ត​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ដដែល ដើម្បី​ជា​គំរូ​កុំ​ឲ្យ​អ្នក​ដទៃ​ទៀត​ហ៊ាន​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន « គេ​ចង់​រក្សា​អ្នក​ដែល​នៅ​ជាប់​គុក​ឲ្យ​នៅ​តែ​ជាប់​គុក​ត​ទៅ​ទៀត ដើម្បី​ជា​គំរូ កុំ​ឲ្យ​អ្នក​ដទៃ​ទៀត​ហ៊ាន​តវ៉ា​ទិតៀន​រដ្ឋាភិបាល។ អ៊ីចឹង​ហើយ​បាន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​យល់​ច្បាស់​ថា អ្វីៗ​ដែល​គេ​ធ្វើ​នោះ គ្រាន់​តែ​ជា​លេស​ទេ អ្វី​ដែល​គេ​ចង់​បាន គឺ​ការ​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​ជា​ប្រចាំ​រហូត​ទៅ​ដល់​ថ្ងៃ​បោះឆ្នោត »

លើស​ពី​នេះ​ទៀត លោក សម រង្ស៊ី ដែល​ត្រូវ​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចូល​ស្រុក​នោះ បន្ត​ថា ការ​ខកខាន​ជួប​គ្នា​នេះ ដោយសារ​លោក កឹម សុខា មិន​ព្រម​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ន័យ​ចង់​បំបែក​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បន្ត​ទៀត​ថា លោក ហ៊ុន សែន មិន​ចង់​ចរចា​ដើម្បី​ស្ថាបនា​ទេ គឺ​ចង់​ចរចា​ដើម្បី​ចាក់​រុក និង​ឆ្កឹះ​ឆ្កៀល​ឲ្យ​លោក កឹម សុខា បែក​បាក់​ជាមួយ​រូប​លោក « គាត់​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​ឯកឧត្តម កឹម សុខា សរសេរ​សំបុត្រ​តាម​អ្វី​ដែល​គាត់​ចង់​បាន បើ​មិន​ធ្វើ​តាម​អ្វី​ដែល​គាត់​ចង់​បាន​ទេ ការ​ប្រើ​ពាក្យពេចន៍​វា​មិន​សមរម្យ វា​មិន​សម្ដែង​ការ​ពិត​ឲ្យ​លោក កឹម សុខា ចេះ​តែ​សរសេរ​ទៅ ហើយ​ថ្ងៃ​ណា​មួយ​គាត់​នឹង​យក​លិខិត​នោះ​មក​ប្រើប្រាស់ ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​លោក កឹម សុខា ខ្លួន​ឯង​ផ្ទាល់​មក​រក​រឿង​ខ្ញុំ​វិញ ថា​ខ្ញុំ​នេះ​ហើយ​បាន​និយាយ​អី​មួយ​ណា ឬ​មួលបង្កាច់​អី។ រួច​ហើយ​ទៅ​គាត់​មាន​គ្នា​គាត់​ប៉ុន្មាន​នាក់ ដែល​បាន​បង្កប់​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ពេល​នោះ​នឹង​ឲ្យ​ចេញ​មុខ ហើយ​ឲ្យ​មួលបង្កាច់​ខ្ញុំ »

លោក សម រង្ស៊ី បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មាន​ជំហរ​ចង់​ចរចា​ដោះស្រាយ​បញ្ហា​ជាតិ និង​បញ្ហា​ប្រជាជន​ដដែល ប៉ុន្តែ​ស្នើ​ឲ្យ​បក្ស​កាន់​អំណាច​មាន​ភាព​ស្មោះ​ត្រង់។

រីឯ​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មាន​ប្រសាសន៍​ថា ស្ថានភាព​នយោបាយ​នៅ​តែ​មិន​ទាន់​មាន​ភាព​នឹងន​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា វប្បធម៌​សន្ទនា​ដែល​ហាក់​កំពុង​ក្រៀម​ស្វិត​ទៅ​វិញ​នេះ ដោយសារ​តែ​គណបក្ស​កាន់​អំណាច​នៅ​តែ​ប្រើ​យុទ្ធសាស្ត្រ​ចាស់ ដើម្បី​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​លែង​ទុក​ចិត្ត​គ្នា។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​ជឿជាក់​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​មាន​ឆន្ទៈ​ចង់​ឲ្យ​មាន​ឯកភាព​ជាតិ និង​គិត​អំពី​ផល​ប្រយោជន៍​ជាតិ​នោះ ជំនួប​ចរចា​រវាង​បក្ស​ទាំង​ពីរ ពិត​ជា​នឹង​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។