អ្នកវិភាគលើកឡើងថា គណបក្សជាប់ឆ្នោតទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរលាបពណ៌គ្នា និងយកឈ្នះចាញ់គ្នាផ្នែកនយោបាយ។ ការលើកឡើងរបស់អ្នកវិភាគនេះ នៅស្របពេលបក្សប្រឆាំងបានប្រកាសភ្លាមៗធ្វើពហិការមិនចូលប្រជុំសភាជាបណ្ដោះអាសន្ន កាលពីថ្ងៃសុក្រ ទី៧ តុលា។
ការធ្វើពហិការមិនចូលប្រជុំសភារបស់តំណាងរាស្ត្រគណបក្សប្រឆាំងជាថ្មីម្ដងទៀតនេះ ត្រូវបានអ្នកវិភាគមើលឃើញថា អ្នកនយោបាយនឹងជះកម្ដៅដាក់គ្នាបន្តទៀត ដែលនឹងគ្មានការបង្រួបបង្រួមគ្នារវាងគណបក្សជាប់ឆ្នោតទាំងពីរ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា អ្នកនយោបាយខ្មែរនៅតែប្រកាន់ជំហរសងសឹក និងយកឈ្នះចាញ់គ្នា ដែលនឹងធ្វើឲ្យសង្គមកម្ពុជា បែកបាក់ពីមួយជំនាន់ទៅមួយជំនាន់។ លោក មាស នី បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ គួរតែចូលប្រជុំសភាកាលពីថ្ងៃទី៧ តុលា ដូចដែលផែនការរបស់ខ្លួនបានប្រកាសថា នឹងចូលប្រជុំសភាជាមួយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។
លោកបណ្ឌិត មាស នី សង្កត់ធ្ងន់ថា ការទាញយកហេតុផលបាតុកម្មនៅប្រទេសអូស្ត្រាលី ប្រឆាំងលោក ហ៊ុន ម៉ាណែត ហើយបក្សប្រឆាំងមិនចូលប្រជុំសភាខ្លាចមានបាតុកម្មប្រើអំពើហិង្សាលើតំណាងរាស្ត្រដូចកាលពីខែតុលា ឆ្នាំ២០១៥ បាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រើអំពើហិង្សាលើតំណាងរាស្ត្របក្សប្រឆាំងចំនួនពីររូបនោះ គឺបង្ហាញថា អ្នកនយោបាយខ្មែរនៅតែប្រើប្រាស់វប្បធម៌លាបពណ៌គ្នា៖ « ទុករឿងហ្នឹងមួយដុំសិន ហើយចូលទៅប្រជុំសិនទៅ បើសិនជាទៅប្រជុំហើយមានរឿងដូចកាលពីមុនទៀត តំណាងរាស្ត្រនោះអាចស្នាក់នៅការិយាល័យសភាសិនទៅ ហើយប្រកាសប្រាប់ប្រជាពលរដ្ឋថាមានរឿងហ្នឹងទៅ អាហ្នឹងជារឿងត្រឹមត្រូវ »។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី៧ តុលា ថា គណបក្សសង្គ្រោះជាតិ មិនធ្វើពហិការធ្វើការនៅក្នុងសភាទេ ប៉ុន្តែតំណាងរាស្ត្រគណបក្សប្រឆាំងពិចារណាលើការចូលរួមប្រជុំនៅពេលខាងមុខទៀត អាស្រ័យលើស្ថានការណ៍ជាក់ស្ដែង។ លោក យឹម សុវណ្ណ អះអាងថា ការមិនចូលរួមប្រជុំសភានៅថ្ងៃទី៧ តុលា នោះ ដោយសារតំណាងរាស្ត្របក្សប្រឆាំងរងការគំរាមកំហែងពីសុវត្ថិភាព៖ « ព័ត៌មានចុងក្រោយដែលយើងទទួលបានពីប្រភពដែលអាចជឿជាក់ថា អាចមានការគំរាមកំហែងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ ចឹងហើយបានជាយើងប្រជុំគ្នាថា យើងមិនទៅចូលរួមប្រជុំសភានៅថ្ងៃនេះទេ ហើយរឿងខាងមុខទៀតយើងនឹងមើលបន្តទៅទៀត »។
គណបក្សប្រឆាំងមិនចូលរួមប្រជុំសភានេះ ដោយសារតែគណបក្សនេះមានបទពិសោធន៍កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ បាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា បានធ្វើបាតុកម្មទាមទារទម្លាក់លោក កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភា ហើយបានប្រើអំពើហិង្សាលើតំណាងរាស្ត្រគណបក្សប្រឆាំងពីររូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ឲ្យរងរបួសធ្ងន់។
តំណាងរាស្ត្របានធ្វើពហិការមិនចូលប្រជុំសភានៅក្រោយពីសមាជិកសភាគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីអនុប្រធានទី១ រដ្ឋសភា។ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ គណបក្សប្រឆាំងបានសម្រេចចិត្តចូលប្រជុំសភាឡើងវិញ ដើម្បីបំពេញតួនាទីរបស់ខ្លួនជាតំណាងរាស្ត្រនៅក្នុងរដ្ឋសភា។
លោក យឹម សុវណ្ណ បញ្ជាក់ថា តំណាងរាស្ត្របក្សប្រឆាំងនៅតែធ្វើកិច្ចការនៅក្នុងសភា ទោះបីជាមិនចូលប្រជុំសភាពេញអង្គក្ដី។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ហេង ស្រ៊ាង មានប្រសាសន៍ថា ការជះទឹកដាក់គ្នារបស់អ្នកនយោបាយនេះ គ្មានអ្វីចំណេញដល់ជាតិទេ។ លោកបញ្ជាក់ថា អ្នកនយោបាយត្រូវតែធ្វើសម្បទានឲ្យគ្នាទៅវិញទៅមកខ្លះ ដើម្បីរកចំណុចរួម និងដើម្បីបម្រើដល់ម្ចាស់ឆ្នោតពិតប្រាកដ៖ « ប្រជាពលរដ្ឋភ័យស្លន់ស្លោ អនាគតនយោបាយខ្មែរយើងមិនដឹងជាយ៉ាងម៉េចទេ ? ហើយប្រជាជនកំពុងជួបបញ្ហា មានបញ្ហាកសិកម្មផង ស្រូវគ្មានទីផ្សារ អ្នកនយោបាយមិនបានរួមគ្នាជួយដោះស្រាយ »។
អ្នកតាមដានស្ថានការណ៍នយោបាយលើកឡើងថា ការបោះបង់ការប្រជុំសភានៅពេលនេះ អាចនឹងនាំស្ថានការណ៍នយោបាយកាន់តែអាក្រក់ឡើងវិញ ពិសេសការបោះឆ្នោតឃុំ-សង្កាត់នឹងជិតមកដល់នៅឆ្នាំ២០១៧ ខាងមុខ។ ទោះបីជាយ៉ាងនេះក្ដី អ្នកវិភាគលើកឡើងថា គណបក្សជាប់ឆ្នោតទាំងពីរស្ថិតនៅក្នុងភាពទាល់ច្រករៀងៗខ្លួន គឺគណបក្សប្រឆាំងហាក់ស្ថិតនៅក្នុងភាពលំបាកពីការបំពេញតួនាទីរបស់ខ្លួន ហើយប្រឈមនឹងការគំរាមកំហែង រីឯបក្សកាន់អំណាចវិញ ក៏រងសម្ពាធពីសហគមន៍អន្តរជាតិដូចគ្នា ប្រសិនបើគណបក្សទាំងពីរនៅតែបង្កើនកម្ដៅនយោបាយដាក់គ្នានោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។