ប៉ុន្តែ ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយលើកឡើងថា គណបក្សប្រជាជនកម្ពុជា ត្រូវតែទទួលយកលក្ខខណ្ឌរបស់គណបក្សប្រឆាំងក្នុងការចរចានេះ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។
ការកំណត់ថ្ងៃចរចារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយមកទល់ថ្ងៃទី២៩ តុលា ដោយសារមន្ត្រីជាន់ខ្ពស់គណបក្សទាំងពីរបានរុញដាក់គ្នាទៅវិញទៅមក អំពីការកំណត់កាលបរិច្ឆេទជួបគ្នាចរចាជាថ្មីម្ដងទៀតនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន មានប្រសាសន៍នៅថ្ងៃទី២៩ តុលា ថា គណបក្សប្រជាជនកម្ពុជា នៅរង់ចាំមន្ត្រីគណបក្សសង្គ្រោះជាតិ ទាក់ទងមកមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា តាមទូរស័ព្ទ ឬតាមមធ្យោបាយផ្សេង ដើម្បីកំណត់ថ្ងៃចរចាបន្តជាថ្មីម្ដងទៀត។
លោក ឈាង វុន បានបញ្ជាក់ថា ការឆ្លងឆ្លើយគ្នាតាមបណ្ដាសារព័ត៌មាន អំពីការដាក់លក្ខខណ្ឌគ្នានោះ មិនអាចឈានទៅដល់ការជួបគ្នាចរចាពិតប្រាកដទេ សំខាន់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មកជួបពិភាក្សាគ្នាជាមុនសិន ជាការសំខាន់ មុននឹងកំណត់ថ្ងៃចរចានោះ។
ការលើកឡើងដូច្នេះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួន កាលពីថ្ងៃទី២៨ តុលា ដោយសម្រេចលក្ខខណ្ឌចំនួនបីចំណុចសំខាន់ មុននឹងយល់ព្រមជួបគ្នាចរចាបន្ត គឺទី១ ទាមទារឲ្យបង្កើតគណៈកម្មការស៊ើបអង្កេតលទ្ធផលបោះឆ្នោត ទី២ សុំឲ្យផ្លាស់ប្ដូរសមាសភាពថ្នាក់ដឹកនាំកំពូល គ.ជ.ប ចំនួន ៩រូបជាមុនសិន និងទី៣ សុំឲ្យទទួលយកអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា ការចរចានេះ គណបក្សសង្គ្រោះជាតិ រង់ចាំការផ្ដល់ដំណឹងពីគណបក្សប្រជាជនកម្ពុជា ដើម្បីកំណត់កាលបរិច្ឆេទជាក់លាក់អំពីថ្ងៃចរចា។ លោកមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរលក្ខខណ្ឌបីចំណុចនេះដដែល មុននឹងយល់ព្រមជួបចរចា។
គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានបរាជ័យក្នុងការចរចានេះម្ដងរួចមកហើយ កាលពីថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកញ្ញា ទោះបីជាភាគីទាំងពីរបានយល់ព្រមជាមួយគ្នានូវចំណុចមួយចំនួនក្ដី ប៉ុន្តែទីបំផុត គណបក្សទាំងពីរនៅតែរកចំណុចរួមមិនទាន់បានដដែល។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា នៅក្នុងបរិបទនយោបាយសព្វថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា ត្រូវតែទទួលយកលក្ខខណ្ឌរបស់គណបក្សសង្គ្រោះជាតិ ដើម្បីឈានទៅរកការចរចាត្រូវរ៉ូវគ្នា និងបន្តធ្វើការរួមគ្នានៅពេលខាងមុខ គិតពីផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម បានលើកឡើងថា ប្រសិនគណបក្សប្រជាជនកម្ពុជា នៅតែរឹងរូសមិនទទួលយកលក្ខខណ្ឌរបស់គណបក្សសង្គ្រោះជាតិ ហើយគណបក្សនេះបន្តដឹកនាំសភា និងរដ្ឋាភិបាលដោយឯកបក្សនោះ សន្ទុះប្រជាពលរដ្ឋធ្វើបាតុកម្មនឹងកាន់តែរីកធំ ដោយសារតែប្រជាពលរដ្ឋជួបនូវវិបត្តិសង្គមកាន់តែខ្លាំង ទោះបីជាគណបក្សសង្គ្រោះជាតិ មិនដឹកនាំធ្វើបាតុកម្មក៏ដោយ ពីព្រោះថា អ្វីដែលប្រជាពលរដ្ឋចង់បាននៅពេលនេះ គឺការផ្លាស់ប្ដូរមេដឹកនាំប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
