គណបក្សមានសំឡេងនៅរដ្ឋសភាទាំងពីរ អះអាងថា បានត្រៀមខ្លួនរួចហើយសម្រាប់យុទ្ធនាការរកសំឡេងឆ្នោតដែលនឹងចូលមកដល់ក្នុងរយៈពេលជាងមួយខែទៀត។ បក្សប្រឆាំងប្រកាសចំណាយលុយយ៉ាងតិច ១,៧លានដុល្លារ ក្នុងយុទ្ធការបោះឆ្នោតឃុំ-សង្កាត់ ប៉ុន្តែបក្សកាន់អំណាចមិនទាន់បង្ហាញខ្ទង់ចំណាយនៅឡើយទេ។
គណបក្សប្រជាជនកម្ពុជា ដែលមានទ្រព្យធន និងអះអាងមានសមាជិកជាង ២លាននាក់ អះអាងថា យុទ្ធនាការឃោសនាបោះឆ្នោតខាងមុខមិនមានការដង្ហែក្បួនទ្រង់ទ្រាយធំណាមួយទេ គឺនឹងមានតែដង្ហែក្បួនតាមឃុំ-សង្កាត់ និងការចុះពន្យល់ពលរដ្ឋដល់ផ្ទះតែម្ដង ត្បិតអីគណបក្សនេះគោរពតាមច្បាប់បោះឆ្នោត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យដឹងថា ការធ្វើយុទ្ធនាការរយៈពេល ១៤ថ្ងៃ ផ្ដោតសំខាន់លើការចុះជួបពលរដ្ឋដល់មូលដ្ឋានរបស់មន្ត្រីគណបក្ស។ លោកបន្តថា ថ្ងៃសំខាន់នៃយុទ្ធនាការនេះ គឺថ្ងៃចាប់ផ្តើម គណបក្សឃោសនាដោយភ្ជាប់នឹងថ្ងៃរំឭកសម្លាប់រង្គាលពលរដ្ឋនៃរបបខ្មែរក្រហម ចំណែកថ្ងៃបញ្ចប់ ក៏គណបក្សធ្វើយុទ្ធនាការទ្រង់ទ្រាយធំដែរ៖ « យើងធ្វើនៅក្នុងក្របខ័ណ្ឌឃុំណា សង្កាត់ណា ធ្វើនៅឃុំ-សង្កាត់នោះតែម្តង មិនដល់ម៉ឺននាក់ទេ គឺយើងសមាជិកសមាជិកាណាដែលមានសន្តានចិត្តនឹងគណបក្សប្រជាជនចូលរួមក្នុងការបើកយុទ្ធនាការ»។
លោក សុខ ឥសាន ឲ្យដឹងដែរថា គណបក្សត្រៀមខ្លួនចូលរួមវេទិកាសាធារណៈ ជជែកដោយមានការរៀបចំពីអង្គការអន្តរជាតិណាមួយ។ លោក សុខ ឥសាន មិនទាន់ដឹងឲ្យថា គណបក្សនឹងត្រូវចាយលុយអស់ប៉ុន្មាននោះទេក្នុងរយៈពេល ១៤ថ្ងៃនោះ។
គណបក្សកាន់អំណាចដាក់ចេញពាក្យស្លោកចំនួន៣៥ សម្រាប់ឃោសនាបោះឆ្នោតឃុំ-សង្កាត់ ដែលសំដៅដល់ការអភិវឌ្ឍ ការរំឭកគុណនៃជ័យជម្នះថ្ងៃ ៧ មករា សន្តិភាព កិច្ចការពារធនធានធម្មជាតិ ជាដើម។
ចំណែកអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យដឹងដែរថា យ៉ាងហោចណាស់គណបក្សត្រូវចំណាយលុយជាង ១,៧លានដុល្លារ ក្នុងយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់ទូទាំងប្រទេស។ លោក អេង ឆៃអ៊ាង ឲ្យដឹងថា គណបក្សមានផែនការធំៗពីរ គឺផ្សព្វផ្សាយគោលនយោបាយអាទិភាពទាំងប្រាំចំណុច និងបណ្ដុះបណ្ដាលភ្នាក់ងារគណបក្សជាង ៤ម៉ឺននាក់ ឲ្យយល់ដឹងពីកិច្ចការបោះឆ្នោត និងការឃ្លាំមើលក្នុងពេលបោះឆ្នោត៖ « ជាធម្មតា យើងត្រូវត្រៀមថវិកាដើម្បីបម្រើឲ្យការឃោសនានេះ ដើម្បីទិញអាវ ទិញមួក បដា ខិត្តប័ណ្ណ ជាដើម »។
លោក អេង ឆៃអ៊ាង ឲ្យដឹងថា យុទ្ធនាការរបស់គណបក្សមានទាំងការហែក្បួន ការឃោសនាដោយចាក់ផ្សាយសំឡេង និងការចុះដល់មូលដ្ឋាន។ ប៉ុន្តែលោកមិនទាន់ឲ្យដឹងថា ការហែក្បួនទ្រង់ទ្រាយបែបណានៅឡើយទេ។
ច្បាប់បោះឆ្នោតថ្មី តម្រូវឲ្យគណបក្សនយោបាយធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា។
គណបក្សមានសំឡេងឆ្នោតទាំងពីរនេះ តែងតែអួតអាងថា នឹងឈ្នះឆ្នោតដែលគ្រប់គ្រងឃុំ-សង្កាត់ទូទាំងប្រទេសច្រើនលើសលប់រៀងៗខ្លួន។ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ថានឹងឈ្នះឆ្នោតឃុំ-សង្កាត់។ ដោយឡែកលោកនាយករដ្ឋមន្ត្រី ព្រមាននឹងមានសង្គ្រាមបើគណបក្សរបស់លោកចាញ់ឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
