មុនពេលផ្ដល់ឱកាសឲ្យថ្នាក់ដឹកនាំកំពូលរបស់គណបក្សនយោបាយទាំងពីរលើកហេតុផលម្ដងម្នាក់នៅក្នុងជំនួបដ៏កម្រនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ព្រះមហាក្សត្រ ព្រះអង្គបានស្នើឲ្យមេដឹកនាំទាំងពីរត្រូវធ្វើសេចក្ដីសម្រេចមួយដោយយកផលប្រយោជន៍ជាតិជាធំ និងតម្កល់ឆន្ទៈរបស់ម្ចាស់ឆ្នោតដើម្បីបន្តដោះស្រាយជម្លោះនយោបាយដោយសន្តិវិធី។
ព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គមានព្រះរាជបន្ទូលតាមរយៈព្រះរាជសារដែលបានព្រាងទុករួចជាស្រេចថា គណបក្សនយោបាយទាំងពីរគួរប្រើប្រាស់លទ្ធភាពក្នុងការស្វែងរកដំណោះស្រាយ ដើម្បីទម្លាយភាពជាប់គាំងផ្នែកនយោបាយនេះដោយអហិង្សានិងសន្តិវិធី។ ក្នុងន័យនេះ ព្រះមហាក្សត្រ ព្រះអង្គរំពឹងថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងបើកផ្លូវក្នុងការចូលរួមប្រជុំសភាដូចការគ្រោងទុកនៅថ្ងៃទី២៣ កញ្ញា ខាងមុខ តាមព្រះរាជតម្រិះរបស់ព្រះអង្គ។
ព្រះរាជបន្ទូលព្រះមហាក្សត្រ៖ «ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ មេត្តាសហការគ្នាប្រកបដោយស្មារតីយោគយល់ដើម្បីរួមគ្នាដោះស្រាយបញ្ហាសំខាន់ៗ។ ដោយសហការគ្នាបន្តថែរក្សាការពារស្ថិរភាពនយោបាយ ស្ថិរភាពសង្គម សម្រាប់ជាប្រយោជន៍ដ៏ឧត្ដុង្គឧត្ដមរបស់ជាតិ ដែលជាការឆ្លុះបញ្ចាំងអំពីការឯកភាពជាតិ និងនិរន្តរភាពជាតិនៃយើង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងនៅក្នុងជំនួបនោះថា ជំហរគណបក្សប្រជាជនកម្ពុជា នៅតែបន្តគាំទ្រលទ្ធផលបោះឆ្នោតដែលប្រកាសជាផ្លូវការដោយ គ.ជ.ប។ លើសពីនេះ លោក ហ៊ុន សែន ថ្វាយព្រះមហាក្សត្របន្តថា លោកនឹងដង្ហែតាមព្រះរាជតម្រិះរបស់ព្រះអង្គមិនងាករេ ដោយផ្អែកលើឆន្ទៈរបស់ប្រជាពលរដ្ឋ។
ដោយឡែកភាគីខាងគណបក្សសង្គ្រោះជាតិវិញ បានទួលថ្វាយព្រះមហាក្សត្រនូវជំហរដូចអ្វីដែលគណបក្សនេះធ្លាប់បានទាមទារក្នុងពេលកន្លងទៅ គឺស្នើឲ្យបង្កើតគណៈកម្មការឯករាជ្យត្រួតពិនិត្យលើលទ្ធផលបោះឆ្នោតដែលរកឃើញថាមានភាពចម្រូងចម្រាស។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ លើកឡើងនៅក្នុងសន្និសីទកាសែតនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្រោយពីកិច្ចប្រជុំនៅព្រះបរមរាជវាំងថា នៅក្នុងជំនួបជាមួយគណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ នាព្រះបរមរាជវាំង អ្វីដែលលោក សម រង្ស៊ី ទូលថ្វាយព្រះមហាក្សត្រនៅពេលនោះ គឺអំពីភាពមិនប្រក្រតីក្នុងថ្ងៃបោះឆ្នោតលើសលប់ ហើយក៏មិនបោះបង់ជំហរក្នុងការទាមទាររកយុត្តិធម៌ឲ្យពលរដ្ឋដូចអ្វីដែលគណបក្សប្រឆាំងបានអនុវត្តកន្លងទៅឡើយ។
លោក កឹម សុខា៖ «ឯកឧត្ដមប្រធាន សម រង្ស៊ី បានបញ្ជាក់ទូលថ្វាយព្រះករុណាហើយថា គណបក្សសង្គ្រោះជាតិមិនអាចទទួលយកបានទេនូវភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ តាំងពីមុនបោះឆ្នោត និងក្រោយបោះឆ្នោត។ ដូច្នេះហើយគណបក្សសង្គ្រោះជាតិ នៅតែទទូចទាមទាររកយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋយើង»។
នៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំបានប្រតិកម្មប្រឆាំងតបដូចអ្វីដែលលោក សម រង្ស៊ី ទូលថ្វាយព្រះមហាក្សត្រអំពីបញ្ហាបោះឆ្នោតដែលត្រូវសហគមន៍អន្តរជាតិ និងអង្គការស៊ីវិលរកឃើញថា មានភាពមិនប្រក្រតីនោះទេ។ ពាក់ព័ន្ធនឹងកិច្ចប្រជុំនេះ មន្ត្រីគណបក្សសង្គ្រោះជាតិ ចាត់ទុកថា ជំនួបកំពូលនៅថ្ងៃទី១៤ កញ្ញា លទ្ធផលនៃកិច្ចប្រជុំនេះពុំទទួលបានលទ្ធផលឡើយ។ ក៏ប៉ុន្តែថា នេះគឺផ្នែកមួយដែលអាចជួយជំរុញឲ្យដៃគូសន្ទនាបន្តការចរចាទៀត។
នៅនាទីចុងក្រោយ ជំហររបស់គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ខ្លួនគោរពតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ ដោយទទួលយកលិខិតកោះប្រជុំសភាជាលើកដំបូងនៅថ្ងៃទី២៣ កញ្ញា ខាងមុខ។ ប៉ុន្តែត្រូវប្រជុំពិភាក្សាលម្អិតបន្តទៀត ថាតើគួរចូលរួម ឬយ៉ាងណា ជាពិសេសគឺត្រូវផ្អែកលើការវិវត្តន៍នៃបរិបទនយោបាយបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
