ជំនួប​មេដឹកនាំ​បក្ស​​ធំ​​២​នៅ​ព្រះ​បរម​រាជវាំង​ពុំ​មាន​លទ្ធផល

កិច្ច​ប្រជុំ​កំពូល​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ព្រះរាជា​ធិបតី​នៃ​ព្រះមហាក្សត្រ​ដែល​ប្រើ​ពេល​ប្រមាណ ២០​នាទី ភាគី​ទាំង​ពីរ​នៅ​ពុំ​ទាន់​បាន​ឯកភាព​លើ​គោលការណ៍​រួម ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​នយោបាយ​បាន​នៅ​ឡើយ​ទេ។

0:00 / 0:00

មុន​ពេល​ផ្ដល់​ឱកាស​ឲ្យ​ថ្នាក់​ដឹកនាំ​កំពូល​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ​លើក​ហេតុផល​ម្ដង​ម្នាក់​នៅ​ក្នុង​ជំនួប​ដ៏​កម្រ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ព្រះមហាក្សត្រ ព្រះអង្គ​បាន​ស្នើ​ឲ្យ​មេដឹកនាំ​ទាំង​ពីរ​ត្រូវ​ធ្វើ​សេចក្ដី​សម្រេច​មួយ​ដោយ​យក​ផល​ប្រយោជន៍​ជាតិ​ជា​ធំ និង​តម្កល់​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត​ដើម្បី​បន្ត​ដោះ​ស្រាយ​ជម្លោះ​នយោបាយ​ដោយ​សន្តិវិធី។

ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គ​មាន​ព្រះ​រាជ​បន្ទូល​តាម​រយៈ​ព្រះរាជ​សារ​ដែល​បាន​ព្រាង​ទុក​រួច​ជា​ស្រេច​ថា គណបក្ស​នយោបាយ​ទាំង​ពីរ​គួរ​​ប្រើប្រាស់​លទ្ធភាព​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​នេះ​ដោយ​អហិង្សា​និង​សន្តិវិធី។ ក្នុង​ន័យ​នេះ ព្រះមហាក្សត្រ ព្រះអង្គ​រំពឹង​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​ផ្លូវ​ក្នុង​ការ​ចូល​រួម​ប្រជុំ​សភា​ដូច​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ខាង​មុខ តាម​ព្រះ​រាជ​តម្រិះ​របស់​ព្រះអង្គ។

ព្រះរាជ​បន្ទូល​ព្រះមហាក្សត្រ៖ «ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ មេត្តា​សហការ​គ្នា​ប្រកប​ដោយ​ស្មារតី​យោគយល់​ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​សំខាន់​ៗ។ ដោយ​សហការ​គ្នា​បន្ត​ថែ​រក្សា​ការពារ​ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម សម្រាប់​ជា​ប្រយោជន៍​ដ៏​ឧត្ដុង្គឧត្ដម​របស់​ជាតិ ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ​នៃ​យើង»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​នៅ​ក្នុង​ជំនួប​នោះ​ថា ជំហរ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត​ដែល​ប្រកាស​ជា​ផ្លូវការ​ដោយ គ.ជ.ប។ លើស​ពី​នេះ លោក ហ៊ុន សែន ថ្វាយ​ព្រះមហាក្សត្រ​បន្ត​ថា លោក​នឹង​ដង្ហែ​តាម​ព្រះ​រាជតម្រិះ​របស់​ព្រះអង្គ​មិន​ងាករេ ដោយ​ផ្អែក​លើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។

ដោយ​ឡែក​ភាគី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បាន​ទួល​ថ្វាយ​ព្រះ​មហាក្សត្រ​នូវ​ជំហរ​ដូច​អ្វី​ដែល​គណបក្ស​នេះ​ធ្លាប់​បាន​ទាមទារ​ក្នុង​ពេល​កន្លង​ទៅ គឺ​ស្នើ​ឲ្យ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​ត្រួត​ពិនិត្យ​លើ​លទ្ធផល​បោះ​ឆ្នោត​ដែល​រក​ឃើញ​ថា​មាន​ភាព​ចម្រូងចម្រាស។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពី​កិច្ចប្រជុំ​នៅ​ព្រះបរមរាជវាំង​ថា នៅ​ក្នុង​ជំនួប​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ នា​ព្រះបរមរាជវាំង ​អ្វី​ដែល​លោក សម រង្ស៊ី ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​នៅ​ពេល​នោះ គឺ​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​លើសលប់ ហើយ​ក៏​មិន​បោះបង់​ជំហរ​ក្នុង​ការ​​ទាមទារ​រក​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​ដូច​អ្វី​ដែល​គណបក្ស​ប្រឆាំង​បាន​អនុវត្ត​កន្លង​ទៅ​ឡើយ។

លោក កឹម សុខា៖ «ឯកឧត្ដម​ប្រធាន សម រង្ស៊ី បាន​បញ្ជាក់​ទូល​ថ្វាយ​ព្រះករុណា​ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទទួល​យក​បានទេ​នូវ​ភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់ធ្ងរ តាំង​ពី​មុន​បោះ​ឆ្នោត និង​ក្រោយ​បោះឆ្នោត។ ដូច្នេះ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ទទូច​ទាមទារ​រក​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​យើង»

នៅ​ចំពោះ​​មុខ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំ​បាន​ប្រតិកម្ម​ប្រឆាំង​តប​ដូច​អ្វី​ដែល​លោក សម រង្ស៊ី ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​អំពី​បញ្ហា​បោះ​ឆ្នោត​ដែល​ត្រូវ​សហគមន៍​អន្តរជាតិ និង​អង្គការ​ស៊ីវិល​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​នោះ​ទេ។ ពាក់ព័ន្ធ​នឹង​កិច្ច​ប្រជុំ​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ជំនួប​កំពូល​នៅ​ថ្ងៃ​ទី​១៤ កញ្ញា លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ​ពុំ​ទទួល​បាន​លទ្ធផល​ឡើយ។ ក៏ប៉ុន្តែ​ថា នេះ​គឺ​ផ្នែក​មួយ​ដែល​អាច​ជួយ​ជំរុញ​ឲ្យ​ដៃគូ​សន្ទនា​បន្ត​ការ​ចរចា​ទៀត។

នៅ​នាទី​ចុងក្រោយ ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ខ្លួន​គោរព​តាម​ព្រះ​រាជតម្រិះ​របស់​ព្រះ​មហាក្សត្រ ដោយ​ទទួល​យក​លិខិត​កោះ​ប្រជុំ​សភា​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ខាង​មុខ។ ប៉ុន្តែ​ត្រូវ​ប្រជុំ​ពិភាក្សា​លម្អិត​បន្ត​ទៀត ថា​តើ​គួរ​ចូល​រួម ឬ​យ៉ាង​ណា ជា​ពិសេស​គឺ​ត្រូវ​ផ្អែក​លើ​ការវិវត្តន៍​នៃ​បរិបទ​នយោបាយ​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។