មេឃុំនិងជំទប់ទី១ ឃុំភ្នំត្បែង២ ស្រុកគូលែន ខេត្តព្រះវិហារ មកពីគណបក្ស សម រង្ស៊ី ចោទប្រកាន់មន្ត្រីរតនាគារខេត្តនេះថា មិនស៊ីញ៉េបើកប្រាក់បេសកកម្មជូនពួកគេ ដោយសារតែការរើសអើងនយោបាយ។
មន្ត្រីរាជការទាំងអស់ ទាំងថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ ជាដើម នៅពេលដែលចុះទៅធ្វើការងារនៅតំបន់ឆ្ងាយដែលត្រូវចំណាយប្រាក់ គឺតែងតែបំពេញលិខិតបេសកកម្ម ដើម្បីឱ្យរដ្ឋទទួលខុសត្រូវលើការចំណាយរបស់ពួកគេ។ ក៏ប៉ុន្តែក្រុមប្រឹក្សាឃុំភ្នំត្បែង២ នៃស្រុកគូលែន ខេត្តព្រះវិហារ ដែលមកពីកូតាគណបក្ស សម រង្ស៊ី បានអះអាងថា ការចំណាយប្រាក់បេសកកម្មរបស់គេជាច្រើនលើកមិនទាន់ឃើញរតនាគារខេត្តព្រះវិហារ បោះត្រា និងទូទាត់ប្រាក់ឱ្យវិញទេ។
ក្រុមប្រឹក្សាឃុំភ្នំត្បែង២ នៃស្រុកគូលែន ចំនួន ២រូប មកពីគណបក្ស សម រង្ស៊ី បានអះអាងថា មន្ត្រីរតនាគារខេត្តព្រះវិហារ មានចេតនាមិនចង់បើកប្រាក់បេសកកម្មជាច្រើនលើកមកឱ្យពួកគាត់ទេ ហើយទង្វើនេះហាក់ដូចជាមានការរើសអើងខាងនយោបាយ លាក់បាំងនៅពីក្រោយខ្នង។
មន្ត្រីក្រុមប្រឹក្សាឃុំភ្នំត្បែង២ ទាំងពីររូបនោះ មានម្នាក់ជាមេឃុំ និងម្នាក់ទៀត គឺជាជំទប់ទី១។
មេឃុំភ្នំត្បែង២ ដែលមកពីគណបក្ស សម រង្ស៊ី គឺលោក ប៉ោយ ទុំ។ លោកអះអាងកាលពីរសៀលថ្ងៃអង្គារ ទី១៤ ខែកក្កដា ថា លោកបានផ្ញើលិខិតបេសកកម្មចំនួន ៣ដងហើយ ទៅកាន់រតនាគារខេត្តព្រះវិហារ ដើម្បីឱ្យទូទាត់ប្រាក់បេសកកម្មដែលចាយវាយក្នុងពេលធ្វើការ បង្វិលមកឱ្យរូបលោកវិញ ក៏ប៉ុន្តែមន្ត្រីរតនាគារខេត្តព្រះវិហារ មិនបានបោះត្រាដើម្បីទូទាត់ការចំណាយទាំងនោះទេ។
លោកមេឃុំបញ្ជាក់ថា ក្នុងពេលចុះបំពេញបេសកកម្មម្ដងៗ គឺលោកបានចំណាយយ៉ាងហោចណាស់ក៏ ១៦ម៉ឺនរៀល ដោយយកប្រាក់ពីផ្ទះទៅចំណាយ ក៏ប៉ុន្តែនៅពេលដែលចាយប្រាក់ពីផ្ទះទៅជាច្រើនលើក ហើយបែរជារតនាគារមិនទូទាត់ឱ្យវិញដូច្នេះ លោកមិនមានប្រាក់ផ្ទាល់ខ្លួនយកទៅចំណាយទៀតទេ។
លោកមេឃុំភ្នំត្បែង២ សង្ស័យថា ការដែលរតនាគារខេត្តព្រះវិហារ មិនយកចិត្តទុកដាក់ក្នុងការទូទាត់ប្រាក់បេសកកម្មមកឱ្យគាត់វិញនោះ អាចជាការរើសអើងខាងនយោបាយ៖ «ខ្ញុំឃើញថា ការរើសអើងចំពោះខ្ញុំ។ កន្លងមកគេមិនដែលនិយាយរកទេ គេថា យើងគណបក្សផ្សេងគ្នា គឺរើសអើងខាងនយោបាយ»។
ជំទប់ទី១ឃុំភ្នំត្បែង២ ដែលមកពីគណបក្ស សម រង្ស៊ី ដែរ លោក រិន ថូន អះអាងថា រូបលោកក៏មានបញ្ហាដូចគ្នានេះ។ លោក រិន ថូន បញ្ជាក់ថា នៅពេលដែលរតនាគារខេត្តមិនបោះត្រាលើលិខិតបេសកកម្ម ហើយទូទាត់ការចំណាយរបស់លោកចំនួន ៣ដងមកហើយនោះ ធ្វើឲ្យរូបលោកគ្មានលុយសម្រាប់បំពេញការងារ និងធ្វើឱ្យកិច្ចការសាធារណៈរបស់សាលាឃុំជាច្រើនត្រូវកកស្ទះ៖ «សម្រាប់ខ្ញុំធ្វើដំណើរពីនេះទៅខេត្ត ទៅមកៗ ច្រើនសាហើយ ៣-៤ដង មិនឃើញមានឯកសារឱ្យមកវិញ គេថា មិនទាន់ធ្វើបាន»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានរតនាគារខេត្តព្រះវិហារ ដើម្បីសុំការពន្យល់ជុំវិញរឿងនេះបានថា យ៉ាងណានៅឡើយ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ឡោ ចាន់ ឱ្យដឹងថា កាលពីសប្ដាហ៍មុន លោកបានទទួលសំណើពីមន្ត្រីក្រុមប្រឹក្សាឃុំត្បែង២ ឱ្យជួយអន្តរាគមន៍ទៅរតនាគារខេត្តពីរឿងមិនបើកប្រាក់បេសកកម្មនេះ។ លោក ឡោ ចាន់ ក៏សង្ស័យជុំវិញករណីដែលរតនាគារមិនបើកប្រាក់ឱ្យទៅអាជ្ញាធរដែលមកពីគណបក្សប្រឆាំងនោះ ថាជាការរើសអើងខាងនយោបាយដែរ។
សមាគមការពារសិទ្ធិមនុស្សអាដហុក មានគម្រោងនឹងជួបជាមួយមន្ត្រីរតនាគារខេត្តព្រះវិហារ នៅសប្ដាហ៍នេះ ដើម្បីរកមូលហេតុឱ្យឃើញច្បាស់លាស់ថា តើវាជាការរើសអើងខាងនយោបាយ ឬក៏ជាមូលហេតុអ្វីផ្សេង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
