រថយន្ត​បិទ​ស្លាក​បក្ស​ប្រជាជន​ក្នុង​ថ្ងៃ​ស​នៅ​បាត់ដំបង

រថយន្ត​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ត​សកម្មភាព​ឃោសនា​នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ដែល​ជា​ថ្ងៃ​ស ផ្ទុយ​ពី​ច្បាប់​បោះឆ្នោត​ដែល​បាន​ហាម​ឃាត់ មិន​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​ធ្វើ​សកម្មភាព​ឃោសនា​នោះ​ឡើយ។

រថយន្ត ឡេនគ្រឹសឺរ (Land Cruiser) សេរី​ទំនើប​មួយ​គ្រឿង ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-1827 មាន​បិទ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា និង​រូប​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បី​នាក់។ រថយន្ត​នេះ​បាន​ទៅ​ឈប់​សំចត​នៅ​សណ្ឋាគារ ឃីង ហ្វី (King Fy Hotel) ក្នុង​ក្រុង​បាត់ដំបង មិន​ព្រម​បក​ស្លាក និង​រូប​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​ពី​រថយន្ត​នោះ​ទេ។

អ្នកស្រី មូរ សុខហួរ បេក្ខជន​តំណាង​រាស្ត្រ​លំដាប់​លេខ​រៀង​ទី​១ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​បាត់ដំបង ប្រតិកម្ម​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​បក្ស​កាន់​អំណាច​ត្រូវ​តែ​បង្ហាញ​ជា​គំរូ​នៅ​ក្នុង​ការ​ធានា​ឲ្យ​ការ​គោរព​ច្បាប់ និង​អនុវត្ត​ច្បាប់៖ «នេះ​គឺ​ជា​ការ​អាម៉ាស់​មួយ​ដ៏​ធំ​ណាស់ នៃ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​បាត់ដំបង ដែល​យក​ច្បាប់​មក​ឈ្លី​ជាន់​នឹង​ជើង ហើយ​ខ្ញុំ​មិន​គិត​ថា​នេះ​ជា​រឿង​បុគ្គល​ទេ ពីព្រោះ​ខ្ញុំ​បាន​ទៅ​និយាយ​ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​បាត់ដំបង ព្រឹក​មិញ តាំង​ពី​ថ្ងៃ​ត្រង់​ទៅ​ហើយ ខ្ញុំ​សុខ​ចិត្ត​សម្រប​សម្រួល​ទៅ​ហើយ តែ​គណបក្ស​ប្រជាជន​កម្ពុជា តែង​តែ​មិន​គោរព​ច្បាប់ ហើយ​អ្វី​ដែល​ខ្ញុំ​សោកស្ដាយ ខ្ញុំ​សោកស្ដាយ​ដែល​ថា គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ទាំង​សង្កាត់ ទាំង​ខេត្ត​ទាំង​មូល​មិន​ហ៊ាន​ចាត់​វិធាន​ការ ពេល​ណា​ដែល​មាន​ការ​គោរព​ច្បាប់​បោះឆ្នោត​ដែល​ខ្ញុំ​ធ្វើ​របៀប​នេះ គណៈកម្មការ តួនាទី​គណៈកម្មការ ជា​ពិសេស​គណៈកម្មការ​ខេត្ត មិន​មែន​ជា​អ្នក​សម្រប​សម្រួល​ទេ ជា​អ្នក ត្រូវ​តែ​ជា​តុលាការ​ចាត់​វិធាន​ការ​ហើយ។ ដូច្នេះ​យើង​ខ្ញុំ​មិន​សុខ​ចិត្ត​ទេ។ ខ្ញុំ​ចង់​ឲ្យ​មើល​ឃើញ​ថា​ការ​បោះឆ្នោត​មួយ​សេរី និង​យុត្តិធម៌។ អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​តែង​តែ​និយាយ​ហើយ និយាយ​ទៀត តវ៉ា​ហើយ តវ៉ា​ទៀត​នូវ​ភាព​អយុត្តិធម៌​មិន​ប្រក្រតី នេះ​គឺ​ជា​ភស្តុតាង​មួយ​ដ៏​ច្បាស់​ណាស់»

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ដែល​ចុះ​ដល់​កន្លែង​កើត​ហេតុ​នោះ ចាត់​ទុក​ថា រថយន្ត​នោះ​បាន​ធ្វើ​សកម្មភាព​ឃោសនា​នៅ​ថ្ងៃ​ហាម​ឃាត់៖ «ចំណុច​មួយ​ទៀត​គឺ​ខ្ញុំ​គិត​ថា​គេ​មើល​ងាយ​ហ្មង គេ​មើល​ងាយ​ច្បាប់​បោះឆ្នោត គេ​អាច​មើល​ងាយ​រចនា​សម្ព័ន្ធ​ស្ថាប័ន គ.ជ.ប ទាំង​មូល ពីព្រោះ ស៊ិក (CEC) មក​មិន​ចេះ​តិច សូម្បី​តែ ប៉ិច (PEC) ក៏​មក​ទៀត ហើយ​គេ​អត់​ខ្លាច គេ​នៅ​តែ​ប្រព្រឹត្ត អ៊ីចឹង​បាន​ន័យ​ថា គេ​មើល​ងាយ​ស្ថាប័ន​ហ្នឹង ដោយ​ស្ថាប័ន​ហ្នឹង​មិន​អាច​ធ្វើ​អ្វី​ទៅ​លើ​គេ​បាន ខ្ញុំ​កត់​សម្គាល់​ឃើញ​អ៊ីចឹង។ ក្នុង​ផ្លូវ​ច្បាប់ គឺ​ចង់​និយាយ​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ស អ៊ីចឹង​គឺ​អត់​មាន​សកម្មភាព​អ្វី​ទាំងអស់ អ៊ីចឹង​បាន​ន័យ​ថា ទោះ​បី​ឡាន​ដែល​បិទ​ហ្នឹង​មិន​ធ្វើ​សកម្មភាព​ស្រែក​ឡូឡា តែ​សញ្ញា​ហ្នឹង​វា​ទាក់ទិន​សញ្ញា​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចងចាំ ឲ្យ​ប្រជាពលរដ្ឋ​យល់​នូវ​អត្តសញ្ញាណ​របស់​គណបក្ស​ហ្នឹង​តែ​ម្ដង»

គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា នឹង​ប្ដឹង​ករណី​រំលោភ​បំពាន​នេះ​ទៅ​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត។

នៅ​សណ្ឋាគារ​ដែល​រថយន្ត​នោះ​ចត គេ​សង្កេត​ឃើញ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​សង្កាត់​រតនៈ ពី ៤ ទៅ ៥​នាក់ សុំ​ឲ្យ​ម្ចាស់​រថយន្ត​គណបក្ស​ប្រជាជន​កម្ពុជា បក​ស្លាក​សញ្ញា និង​រូប​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ចេញ​ពី​រថយន្ត​ដែរ ប៉ុន្តែ​ម្ចាស់​រថយន្ត​នោះ​ពុំ​ធ្វើ​តាម​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។