អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា គណបក្សលោកគ្មានបំណងទុច្ចរិតទៅលើគណបក្សសង្គ្រោះជាតិ និងក៏គ្មានទំនាស់អ្វីជាមួយគណបក្សមួយនេះដែរ។
លោកបន្តថា អ្វីដែលសំខាន់នៅពេលនេះ គឺតុលាការកំពុងអនុវត្តនីតិវិធីច្បាប់ទៅលើលោក សម រង្ស៊ី ដែលកំពុងមានទោសប៉ុណ្ណោះ៖ «សូមជម្រាបដល់សាធារណៈឲ្យលោកបានជ្រាបពិតប្រាកដថា គណបក្សប្រជាជនអត់មានចេតនា ឬឧបាយកលទុច្ចរិតណាមួយចង់ផ្ដួលរំលំ សម រង្ស៊ី នោះទេ។ ប្រសិនបើ សម រង្ស៊ី ហ្នឹងអត់មានខុសអីយើងក៏មិនអាចទៅប្រព្រឹត្តអំពើល្មើសច្បាប់អីទៅលើគេដែរ។ ប្រសិនបើគាត់ប្រព្រឹត្តិល្មើសច្បាប់អាហ្នឹងជារឿងរបស់គាត់ដែលបង្កើតរឿងខ្លួនឯងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯងទេ ហើយកុំបន្ទោសអ្នកដទៃ»។
ការអះអាងរបស់លោក សុខ ឥសាន ធ្វើឡើងនៅក្រោយពីមានក្រុមអ្នកឃ្លាំមើលនយោបាយក្នុងប្រទេសកម្ពុជា បានរិះគន់យុទ្ធសាស្ត្រនយោបាយថ្មីរបស់លោក ហ៊ុន សែន ថាជាយុទ្ធសាស្ត្រប្លន់ជ័យជំនះនៅមុនការប្រកួតប្រជែងក្នុងករណីចង់អូសយកទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ ជាថ្នូរទៅនឹងការទាមទារសំណងជំងឺចិត្ត ១លានដុល្លារពីលោក សម រង្ស៊ី ក្នុងករណីក្ដីក្ដាំពីបទបរិហារកេរ្តិ៍។
អ្នកវិភាគឯករាជ្យលោកបណ្ឌិត មាស នី មានទស្សនៈផ្ទុយពីលោក សុខ ឥសាន។ លោកថា លោកសង្កេតឃើញក្រុមមេដឹកនាំគណបក្សកាន់អំណាចទៅវិញទេ ដែលកំពុងពេញនិយមក្នុងការប្រើយុទ្ធសាស្ត្រលាបពណ៌មន្ត្រីបក្សប្រឆាំងរឿងអាស្រូវផ្លូវភេទ ករណីបទបរិហារកេរ្តិ៍ បទក្លែងបន្លំឯកសារសាធារណៈ ការគំរាមបញ្ចេញខ្សែអាត់សំឡេង ការគំរាមរឹបអូសយកអគារទ្រព្យសម្បត្តិរបស់មេដឹកនាំបក្សប្រឆាំង ការឃុំខ្លួនមន្ត្រីបក្សប្រឆាំង និងសកម្មជនចំនួន ១៣រូប និងបញ្ហាជាច្រើនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
