គណបក្ស​ប្រជាជន​ព្រមាន​ឈប់​ចរចា​ជាមួយ​បក្ស​ប្រឆាំង

0:00 / 0:00

គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​ពីរ​នឹង​មិន​ជួប​គ្នា​ចរចា​ទៀត​ទេ បើ​សិន​ជា​គណបក្ស​ទាំង​ពីរ​នៅ​តែ​បន្ត​ជំហរ​រឹង​ទទឹង​រៀងៗ​ខ្លួន​ក្នុង​ការ​ចរចា​នេះ។ គណបក្ស​ប្រជាជន​កម្ពុជា ចង់​ឲ្យ​ការ​ជ្រើសតាំង​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​អនុម័ត​ក្នុង​សភា​ដោយ​សំឡេង​ភាគ​ច្រើន​ដាច់ខាត គឺ ៥០% បូក ១ រី​ឯ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​ការ​បង្កើត​ជំពូក​ទី​១៥ ក្នុង​រដ្ឋធម្មនុញ្ញ​នោះ បោះ​ឆ្នោត​អនុម័ត​ជ្រើស​តាំង​សមាសភាព គ.ជ.ប ដោយ​សំឡេង ២/៣ នៃ​សមាជិក​រដ្ឋ​សភា។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រមាន​ថា ការ​ចរចា​នឹង​មិន​មាន​ទៀត​ទេ បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ការ​ទាមទារ​ចំពោះ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាសភាព គ.ជ.ប អនុម័ត​ដោយ​សំឡេង ២ ភាគ ៣ នៃ​សំឡេង​សមាជិក​រដ្ឋ​សភា​ទាំង​មូល​នោះ។

ការ​ថ្លែង​ឲ្យ​ដឹង​ដូច្នេះ នៅ​បន្ទាប់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ទី​១២ មិថុនា ដោយ​បាន​ព្រមព្រៀងគ្នា​បង្កើត​ជំពូក​ទី​១៥​ថ្មី បន្ថែម​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដាក់​ស្ថាប័ន​បោះ​ជាតិ​ជា​ស្ថាប័ន​ធម្មនុញ្ញ។ ក៏ប៉ុន្តែ​គណបក្ស​ទាំង​ពីរ​បាន​ខ្វែង​គំនិត​គ្នា​លើ​នីតិវិធី​អនុម័ត​ការ​បោះឆ្នោត​សមាសភាព គ.ជ.ប ដោយ​សំឡេង ២ ភាគ ៣ និង​ការ​អនុម័ត​ដោយ​សំឡេង​ច្រើន​ដាច់ខាត​ក្នុង​សភា។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មិថុនា ថា បើ​សិន​ជា​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ទាមទារ​ដដែល ទាមទារ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាសភាព គ.ជ.ប អនុម័ត​ដោយ​សំឡេង ២/៣ នៃ​សមាជិក​សភា​នោះ ការ​ជួប​គ្នា​ចរចា​បន្ត​នឹង​មិន​មាន​ទៀត​ទេ៖ «បើ​គាត់​មិន​ចង់​មាន​ដំណោះស្រាយ​ទេ មាន​តែ​បន្ត​អ៊ីចឹង​មួយ​អាណត្តិ​ហើយ យើង​ឯកភាព​គ្នា​ហើយ​ទម្រង់​ការ​បោះ​ ឆ្នោត កែ​ទម្រង់​ការ​បោះ​ឆ្នោត។ យើង​ឲ្យ​ជា​ស្ថាប័ន​មួយ​ឯករាជ្យ​ដោយ​ចែង ១​ជំពូក​ទៀត​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ទៀត យើង​ព្រម​ទាំង​អស់ តែ​បើ​គាត់​មិន​ព្រម​ទៀត​យើង​ក៏​មិន​ដឹង​ធ្វើ​ម៉េច​ដែរ»

​ឆ្លើយតប​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ឆន្ទៈ​ក្នុង​ការ​ចរចា​ពិត​ប្រាកដ​ទេ។ លោក​បញ្ជាក់​ថា គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ទាមទារ​ការ​អនុម័ត​ជ្រើសតាំង​សមាជិក គ.ជ.ប ២/៣ ដដែល ដើម្បី​ធ្វើ ការ​កែ​ទម្រង់​ការ​បោះឆ្នោត​ឲ្យ​បាន​ពិតប្រាកដ​និង​ត្រឹមត្រូវ៖ «គណបក្ស​១​ទៀត​គាត់​គ្មាន​ឆន្ទៈ​ក្នុង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត ព្រោះ​បើ​សិន​ជា​គេ​មាន​ឆន្ទៈ​ក្នុង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត គឺ​គ្មាន​អ្វី​ទីទាល់​ក្នុង​ការ​ជ្រើសតាំង​សមាសភាព​ដោយ ២ ភាគ ៣ ទេ ដូច្នេះ​អ្វី​ដែល​លោក ហ៊ុន សែន និយាយ​ជាមួយ​ លោក សម រង្ស៊ី ហ្នឹង វា​គ្រាន់​តែ​ជា​រឿង​ឡប់ឡែ​ទេ»

ទាក់ទង​នឹង​ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​កន្លង​មក​នេះ អ្នក​វិភាគ​ហៅ​ការ​ចរចា​នេះ​ថា ជា​ការ​ចរចា​គ្មាន​គោលការណ៍​ច្បាស់លាស់ ពីព្រោះ​ធ្វើឡើង​គ្មាន​អ្នក​សម្របសម្រួល គ្មាន​គោលបំណង និង​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​រំពឹង​ទុក​ជាដើម។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​បំណង​ធ្វើ​ការ​កែ​ទម្រង់ គ.ជ.ប ពិត​ប្រាកដ​ទេ។ លោក​អះអាង​ថា បើ​សិន​ជា​គណបក្ស​នេះ​គ្មាន​ការ​បង្រួបបង្រួម​គ្នា​ទេ ហើយ​មិន​អាច​កាត់​បន្ថយ​បញ្ហា​សង្គម និង​មិន​កាត់​បន្ថយ​អ្នក​ក្រីក្រ​បាន គណបក្ស​នេះ​នឹង​ធ្លាក់​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង​ថែមទៀត​នៅ​ពេល​ខាង​មុខ៖ « គណបក្ស​ប្រជាជន ធ្វើ​ការ​ចរចា ធ្វើ​កំណែ​ទម្រង់​ហ្នឹង ធ្វើ​យ៉ាង​ម៉េច​ឲ្យ​តែ​ខ្លួន​ហ្នឹង​ត្រួតត្រា​បាន គ្រប់គ្រង​បាន ធ្វើ​យ៉ាង​ម៉េច​ឲ្យ​តែ​ខ្លួន​ហ្នឹង​បន្ត​កាន់​អំណាច »

ការ​ចរចា​គ្នា​បាន​បរាជ័យ​កាល​ពី​ថ្ងៃ​ទី​១២ មិថុនា រវាង​គណបក្ស​ទាំង​ពីរ​នេះ ក្រៅ​ពី​មិន​ឯកភាព​គ្នា​លើ​ការ​អនុម័ត​របស់​សមាជិក​សភា​ដោយ​សំឡេង ២ ភាគ ៣ ឬ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នេះ គឺ​នៅ​មាន​ចំណុច​មួយ​ចំនួន​ទៀត​ដែល​គណបក្ស​ទាំង​ពីរ​មិន​ត្រូវរ៉ូវ​គ្នា​នៅ​ក្នុង​ការ​ឯកភាព​គ្នា​បង្កើត​ជំពូក​ទី​១៥​ថ្មី អំពី​អង្គការ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា បាន​កំណត់​តែ ២​មាត្រា​នៅ​ក្នុង​ជំពូក​ថ្មី និង​ចែង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​សមាជិក​យ៉ាង​តិច ៥​រួប និង​មាន​បទពិសោធន៍​ក្នុង​ការងារ​រដ្ឋ​យ៉ាង​តិច ១០​ឆ្នាំ។

​ចំពោះ​សេចក្ដី​ព្រាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ជំពូក​ទី​១៥​ថ្មី​នេះ បាន​កំណត់​ចំនួន ៤​មាត្រា ក្នុង​នោះ​​ដាក់​ថា ស្ថាប័ន គ.ជ.ប ត្រូវ​មាន​ថវិកា​ស្វយ័ត​សម្រាប់​ដំណើរការ។ សមាជិក គ.ជ.ប មាន​ចំនួន ៩​រួប និង​មាន​បទពិសោធន៍​ច្រើន​ក្នុង​ការងារ គឺ​មិន​កំណត់​ថា មាន​បទពិសោធន៍​ការងារ​រដ្ឋ ១០​ឆ្នាំ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។