ក្នុងនាមជាគណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា លោក ស ខេង បាន ផ្ញើលិខិតមួយច្បាប់នៅថ្ងៃទី៣ សីហា ទៅប្រធានបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បញ្ជាក់ប្រាប់អំពីជំហររបស់បក្សប្រជាជន ឆ្លើយតបទៅនឹងការសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទាក់ទងនឹងស្វ័យភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលស្នើឡើងដោយបក្សសង្គ្រោះជាតិ នៅពេលថ្មីៗនេះ។
លិខិតលោក ស ខេង ដែលមានតួនាទីក្នុងជួររដ្ឋាភិបាលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះសរសេរថា បក្សប្រជាជនគាំទ្រសំណើលើខ្លឹមសារនៃវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាក់ទងនឹងការកែសម្រួលមាត្រា ៧៦ និងការបង្កើតជំពូកទី ១៥ ថ្មីទាក់ទងនឹងអង្គការរៀបចំការបោះឆ្នោត។ ក៏ប៉ុន្តែ បក្សប្រជាជនមិនគាំទ្រសំណើពីរទៀត ដែលទាក់ទងនឹងស្វ័យភាពរបស់ គ.ជ.ប និងការបន្ថែមខ្លឹមសារទាក់ទងនឹងការជ្រើសរើសសមាជិកថ្មីជំនួស ក្នុងករណីមានការបាត់បង់សមាជិកភាពនោះទេ ដោយបក្សប្រជាជនយល់ឃើញថា សំណើនេះមិនចាំបាច់ ព្រោះវាជារឿងតូចតាចពេក ដែលមិនគួរចែងក្នុងរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យចែងតែចំណុចសំខាន់ៗ ប៉ុណ្ណោះ។
ម្យ៉ាងទៀត គោលការណ៍ដែលក្រុមការងាររបស់បក្សទាំងពីរបានឯកភាពគ្នាបញ្ចូលទៅក្នុងសេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញកាលពីថ្ងៃទី១ សីហា កន្លងទៅ គឺមានលក្ខណៈគ្រប់គ្រាន់ ក្នុងការធានាឲ្យ គ.ជ.ប អនុវត្តការងាររបស់ខ្លួនដោយឯករាជ្យ អព្យាក្រឹត ស្របទៅតាមស្មារតីកិច្ចព្រមព្រៀងរវាងបក្សទាំងពីរ កាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ រួចហើយដែរ។
ដោយឡែក បក្សប្រជាជនស្វាគមន៍ចំពោះសំណើទាក់ទងនឹងស្វ័យភាពរបស់ គ.ជ.ប ចំពោះជំហរចុងក្រោយរបស់បក្សសង្គ្រោះជាតិ ដោយឯកភាពមិនចែងបន្ថែមបញ្ហានេះនៅក្នុងរដ្ឋធម្មនុញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
