ក្រុមការងាររបស់គណបក្សជាប់ឆ្នោតទាំងពីរ បានបញ្ចប់ការពិភាក្សាហើយលើកំណែទម្រង់ដែលនៅសេសសល់នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ តំណាងរាស្ត្រមួយរូបមកពីគណបក្សជំទាស់ដែលបានចូលរួមកិច្ចពិគ្រោះយោបល់នេះ ចាត់ទុកថា ថ្វីបើបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា បានបញ្ចប់កិច្ចពិភាក្សាក្តី ក៏ខាងគណបក្សប្រឆាំងត្រូវចំណាយពេលពន្យល់បន្ថែមទៀតនៅក្នុងជំនួបកំពូលដើមខែតុលា ខាងមុខនេះ។
អង្គការមិនមែនរដ្ឋាភិបាលយល់ឃើញថា បើទោះជាកំណែទម្រង់បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ត្រូវបានបញ្ចប់ការពិគ្រោះក៏ដោយចុះ ក៏យន្តការនេះនឹងមិនអាចជួយធ្វើឲ្យសភាមានភាពប្រសើរដដែល។
អ្នកវិភាគនយោបាយនៅតែយល់ឃើញថា បទបញ្ជាផ្ទៃក្នុងរដ្ឋសភាដែលទើបបញ្ចប់ការជជែកដេញដោលដោយក្រុមការងាររបស់គណបក្សនយោបាយទាំងពីរនៅពេលនេះ បើទោះជាមានការកែទម្រង់នូវប្រការខ្លះៗដែលសេសសល់ក៏ដោយ ក៏វិសាលភាពខ្លឹមសារនៃបទបញ្ជាផ្ទៃក្នុងនេះ នឹងមិនអាចបម្រើឲ្យគ្រប់សេចក្ដីត្រូវការបានឡើយ ជាពិសេសចំពោះគណបក្សនយោបាយដែលមានសំឡេងតិចតួចនៅក្នុងសភា។
បើទោះជាបែបណា នៅថ្ងៃទី២០ ខែតុលា រដ្ឋសភានឹងសម្រេចអនុម័តច្បាប់បោះឆ្នោតដែលកំពុងធ្វើកំណែទម្រង់នេះ ហើយនិងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាផង។
ការរិះគន់របស់អ្នកឃ្លាំមើលផ្នែកនយោបាយពីអង្គការមិនមែនរដ្ឋាភិបាលនៅពេលនេះ ធ្វើឡើងក្រោយពីកិច្ចពិគ្រោះយោបល់របស់ក្រុមការងារគណបក្សទាំងពីរ បានបិទបញ្ចប់នៃកំណែទម្រង់របស់ខ្លួនលើប្រការខ្លះដែលនៅសេសសល់នៃបទបញ្ជាផ្ទៃរដ្ឋសភា។
ប្រការមួយចំនួនដែលគណបក្សទាំងពីរចាត់ទុកថា ចាំបាច់ត្រូវតែធ្វើវិសោធនកម្មនោះ រួមមានអ្នកនាំពាក្យរបស់សភា មិនត្រូវនាំពាក្យឲ្យបក្សនយោបាយតែម្ខាង គឺឈរលើគោលការណ៍អព្យាក្រឹត។ ការបង្កើតឲ្យមានក្រុមភាគច្រើន និងភាគតិចនៅក្នុងសភា គឺចាំបាច់ត្រូវតែមានថវិកាគាំទ្រសកម្មភាពដោយឡែករបស់ខ្លួន និងការបែងចែកតួនាទីឲ្យមានតម្លាភាព។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថ្លែងក្រោយបិទបញ្ចប់កិច្ចពិគ្រោះយោបល់លើវិសោធនកម្មនៃបញ្ជាផ្ទៃក្នុងរដ្ឋសភា កាលពីរសៀលថ្ងៃទី២៩ កញ្ញា ថា ចំណុចមួយចំនួនដែលគណបក្សទាំងពីរនៅបន្តខ្វែងគំនិតគ្នា ឥឡូវនេះ ក្រុមការងារទាំងពីរបក្សបានដើរដល់ចំណុចចុងក្រោយហើយ។
លោក សុន ឆ័យ សង្ឃឹមថា កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំទាំងពីរគណបក្សនៅដើមខែតុលា នេះ កិច្ចការដែលនៅសេសសល់ ហើយទើបបញ្ចប់កិច្ចពិគ្រោះយោបល់នៅពេលនេះ ទំនងអ្នកនយោបាយទាំងពីរនឹងឯកភាព៖ «យើងបានមូលមាត់គ្នា ព្រមព្រៀងរវាងគណបក្សទាំងពីរតាំងពីឆ្នាំ២០០៤ មក ក្នុងការដែលថា នឹងបង្កើតគណៈកម្មការចម្រុះមួយដើម្បីពិនិត្យមើលលទ្ធភាពក្នុងការធ្វើឲ្យបទបញ្ជាផ្ទៃក្នុងនេះ ធ្វើឲ្យមានលក្ខណៈល្អប្រសើរឡើង ដើម្បីដើរតួនាទីសភានេះកាន់តែមានភាពរឹងមាំ»។
ទាក់ទិនករណីនេះ ក្រុមការងាររបស់គណបក្សនយោបាយទាំងពីរដែលបានពិគ្រោះយោបល់ ផ្ដោតតែទៅលើបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដែលម្ខាងៗ មានតំណាងរាស្ត្រ ៤រូបនោះ ពីខាងគណបក្សប្រជាជនកម្ពុជា ពុំអាចសុំការបំភ្លឺបានទេ។ ទន្ទឹមនឹងនេះ លោក ឈាង វុន អ្នកនាំពាក្យឲ្យរដ្ឋសភាបដិសេធថា លោកជាប់រវល់ ពុំអាចសុំការអត្ថាធិប្បាយបានឡើយ នៅថ្ងៃទី២៩ ខែកញ្ញា។
ចំណែកអ្នកវិភាគនយោបាយយល់ឃើញថា បើទោះជាយ៉ាងនេះក៏ដោយចុះ ការព្យាយាមធ្វើវិសោធនកម្មលើបទបញ្ជាផ្ទៃក្នុងរដ្ឋសភានេះ នឹងមិនអាចជួយធ្វើឲ្យការធ្វើកំណែទម្រង់នេះបានប្រសើរនោះទេ។
លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត អះអាងថា ថ្វីបើក្រុមការងារទាំងពីរគណបក្សបានបញ្ចប់ការធ្វើវិសោធនកម្មក្តី ក៏មធ្យោបាយនេះ នឹងនៅតែជាការប្រឈមសម្រាប់សភាដែលធ្លាប់រងការរិះគន់ពីសាធារណជនថា ជាសភាធ្វើការបានតិចតួចសម្រាប់ប្រយោជន៍សាធារណៈជាហូរហែកន្លងទៅនេះ។
លោកបន្តថា៖ «បទបញ្ជាផ្ទៃក្នុងរដ្ឋសភារឹតបន្តឹងមែនទែន សម្រាប់គណបក្សតូចតាច ហើយគណបក្សដែលអត់កាន់អំណាច។ អត់មានការប្រកួតប្រជែងដូចជា សវនកម្ម ឬមួយការកោះហៅនាយករដ្ឋមន្ត្រីឲ្យឆ្លើយរៀងរាល់សប្ដាហ៍ដូចប្រទេសគេ ឬមួយហៅឲ្យមន្ត្រីមួយៗ ចូលឆ្លើយក្នុងគណៈកម្មការសភា»។
បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាដែលគណបក្សទាំងពីរអះអាងថា ចាំបាច់ត្រូវតែធ្វើវិសោធនកម្មលើប្រការខ្លះៗនោះ មាន ១៧ជំពូក និង ៨៣ប្រការ។ ជុំវិញរឿងនេះ ថ្នាក់ដឹកនាំកំពូលទាំងពីរគណបក្សនយោបាយ នឹងត្រូវជួបគ្នាជាថ្មីម្ដងទៀត នៅរសៀលថ្ងៃទី១ ខែតុលា ដោយផ្ដោតលើរបៀបវារៈកំណែទម្រង់ច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
