មន្ត្រីនាំពាក្យរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ ខែមករា ថា គណបក្សប្រជាជនកម្ពុជា កំពុងពិចារណាលើលក្ខខណ្ឌដែលគណបក្សសង្គ្រោះជាតិ បានដាក់ជូន ដើម្បីសម្រេចមុននឹងធ្វើការចរចា។
លោក ខៀវ កាញារីទ្ធ ជាអ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា បើសិនជាលក្ខខណ្ឌនោះ មិនលំបាកពេកសម្រាប់គណបក្សប្រជាជនកម្ពុជាទេ គឺគណបក្សទាំងពីរនឹងជួបចរចាគ្នាក្នុងពេលឆាប់ៗ។ ក៏ប៉ុន្តែលោក ខៀវ កាញារីទ្ធ មិនបានបង្ហើបឲ្យដឹងអំពីលក្ខខណ្ឌនោះមានអ្វីខ្លះទេ៖ «គាត់បានដាក់លក្ខខណ្ឌមួយចំនួនដែរ យើងខ្ញុំកំពុងពិចារណា។ (សំណួរ៖ លក្ខខណ្ឌមួយចំនួនមានអ្វីខ្លះឯកឧត្ដម?) ខ្ញុំមិនអាចជម្រាបបានទេ កុំឲ្យថា ដូចជាបង្ហាញថា ភាគីមួយសុំភាគីមួយការចរចាទុកជាការសម្ងាត់»។
ឆ្លើយតបនឹងបញ្ហានេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបដិសេធថា គណបក្សសង្គ្រោះជាតិ មិនបានផ្ញើលិខិតទៅគណបក្សប្រជាជនកម្ពុជា ឬការដាក់លក្ខខណ្ឌទៅគណបក្សប្រជាជនកម្ពុជា ដូចការអះអាងរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នេះទេ។
ប៉ុន្តែលោក កឹម សុខា បានបញ្ជាក់ថា លក្ខខណ្ឌរបស់គណបក្សសង្គ្រោះជាតិ គឺនៅតែរក្សាជំហរដដែល ដូចដែលគណបក្សនេះបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានកន្លងមកគឺគណបក្សសង្គ្រោះជាតិ អាចចរចាទៅបានទេ លុះត្រាណារដ្ឋាភិបាលដោះលែងមនុស្សទាំង ២៣នាក់ ដែលកំពុងជាប់ឃុំ រដ្ឋាភិបាលបើកការស៊ើបអង្កេតលើករណីបាញ់កម្មករ និងប្រជាពលរដ្ឋស្លាប់ ៤នាក់ កាលពីថ្ងៃទី៣ មករា និងបើស្ថានភាពដូចដើមវិញ ពោលគឺប្រជាពលរដ្ឋទាំងអស់មានសិទ្ធិសេរីភាពពេញលេញ ដើម្បីបញ្ចេញមតិ និងបាតុកម្មដូចដើម។
ទោះបីជានេះក្ដី អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា ការចរចានេះគឺមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូប បានដើរតួសម្របសម្រួល និងយកលក្ខខណ្ឌរបស់គណបក្សសង្គ្រោះជាតិ ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យមុននឹងឈានដល់ការចរចា។
លោក កែម ឡី បានឲ្យដឹងអំពីលក្ខខណ្ឌទាំងនោះដូច្នេះ៖ «ចំណុចទី១ យល់ព្រមចូលប្រជុំសភា ដើម្បីឲ្យសភាមានសុពលភាពពេញលេញ ហើយបង្កើតគណៈកម្មការជំនាញ១ទៀតឲ្យបាន ១០ និងអនុប្រធានសភា ១ម្នាក់ ប្រធានសភានៅគណបក្សប្រជាជនកម្ពុជា ដដែល។ ទី២ គេព្រមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឲ្យបោះឆ្នោតមុនអាណត្តិ មានន័យថា បោះឆ្នោតអាណត្តិទី៦។ ទី៣ ទាមទារអាជ្ញាប័ណ្ណទូរទស្សន៍និងវិទ្យុ និងទី៤ ទាមទារឲ្យដោះលែងអ្នកដែលចាប់ខ្លួនទាំង ២៣នាក់»។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបរាជ័យក្នុងការចរចា និងអូសបន្លាយពេលមកទល់ពេលនេះ បន្ទាប់ពីការជួបចរចាគ្នាចុងក្រោយ កាលពីថ្ងៃទី៥ វិច្ឆិកា។ គណបក្សសង្រ្គោះជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាននៅល្ងាចថ្ងៃទី៥ វិច្ឆិកា បន្ទាប់ពីការចរចាភ្លាមៗថា ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា បានបរាជ័យ ដោយសារភាគីគណបក្សប្រជាជនកម្ពុជា នៅតែបដិសេធមិនទទួលយកនូវការស្រាវជ្រាវស្វែងរកការពិតពីភាពមិនប្រក្រតីដែលកើតមានក្នុងការបោះឆ្នោតនីតិកាលទី៥ កាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ។
ក្រោយពីបានបរាជ័យលើការចរចាចុងក្រោយនេះ គណបក្សសង្គ្រោះជាតិ បានរៀបចំយុទ្ធសាស្ត្រធ្វើបាតុកម្មជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៥ ធ្នូ ដល់ថ្ងៃទី៤ មករា ដែលជាថ្ងៃកងកម្លាំងរដ្ឋាភិបាលបានចុះទៅបង្ក្រាបបណ្ដេញបាតុករចេញពីទីលានប្រជាធិបតេយ្យតាមបញ្ជារបស់សាលារាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
