បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​រក្សា​ជំហរ​​ជួប​ពិភាក្សា​ជាមួយ​បក្ស​ប្រជាជន​នៅ​ថ្ងៃ​១០ មីនា

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​រក្សា​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ជួប​ពិភាក្សា​បន្ត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដូច​ការ​គ្រោង​ទុក ហើយ​ក៏​ពុំ​មាន​របៀបវារៈ​ថ្មី​ណា​មួយ​ដើម្បី​ដាក់​បន្ថែម​សម្រាប់​កិច្ច​ពិគ្រោះ​យោបល់​បន្ទាប់​នេះ​ដែរ។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ឲ្យ​ដឹង​មុន​មួយ​ថ្ងៃ​នៃ​កិច្ច​ពិភាក្សា​ដែល​គ្រោង​ធ្វើ​នៅ​វិមាន​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​១០ មីនា ថា គណៈកម្មការ​ចម្រុះ​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ នឹង​ជួប​ជជែក​បន្ត​ទៅ​លើ​កិច្ចការ​មួយ​ចំនួន​​ដែល​នៅ​សេសសល់​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ ជាពិសេស​ផ្ដោត​លើ​ការ​កែទម្រង់​នៃ​ការ​បោះ​ឆ្នោត។

លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ ពុំ​មាន​ប្រធានបទ​អ្វី​ថ្មី​សម្រាប់​ដាក់​បន្ថែម​ក្នុង​កិច្ច​ពិភាក្សា​នៅ​ព្រឹក​ថ្ងៃ​ទី​១០ មីនា ស្អែក​ទេ៖ «គម្រោង​គឺ​នៅ​ជួប​គ្នា​ដដែល​បាទ! ស្អែក​ម៉ោង ៩​ព្រឹក នៅ​វិមាន​ព្រឹទ្ធសភា។ ការ​ជួប​គ្នា​របស់​គណៈកម្មការ​ចម្រុះ​ហ្នឹង។ ហើយ​ការ​ពិគ្រោះ​យោបល់ និង​ជជែក​គ្នា​នៅ​ថ្ងៃ​ស្អែក​នេះ គឺ​បន្ត​ពី​ថ្ងៃ​ទី​៣ មក។ នៅ​ក្នុង​ហ្នឹង នឹង​ជជែក​គ្នា​កំណែ​ទម្រង់​កិច្ចការ​បោះឆ្នោត​ទៅ​មុខ​ទៀត ពាក់ព័ន្ធ គ.ជ.ប ប្រព័ន្ធ​ផ្សព្វផ្សាយ និង​រឿង​​យន្តការ​ដើម្បី​ដោះស្រាយ​វិវាទ ហើយ​និង​អាច​នឹង​ជជែក​គ្នា​ពី​នីតិវិធី​នៃ​ដំណើរការ​មួយ​ចំនួន​ទៀត»

ក្នុង​កិច្ច​ពិភាក្សា​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា គណៈកម្មាធិការ​ចម្រុះ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឯកភាព​គ្នា​លើ​ចំណុច​មួយ​ចំនួន ជា​អាទិ៍ ការ​រៀបចំ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី ការ​បង្កើត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ ការ​កែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត។ ប៉ុន្តែ​ចំណុច​លម្អិត​ក្នុង​ការ​កែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​មិន​ទាន់​ជជែក​គ្នា និង​ឯកភាព​គ្នា​នៅ​ឡើយ​ទេ។ ចំណុច​លម្អិត​ទាំង​នោះ មាន​ដូចជា យន្តការ​នៃ​ការ​ដោះស្រាយ​វិវាទ​ពេល​បោះ​ឆ្នោត បញ្ហា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​គណបក្ស​នយោបាយ រួម​ទាំង​ការ​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើង​វិញ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។