សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ដើម្បីបង្ហាញពីភាពច្បាស់លាស់ក្នុងការជួបជជែកគ្នារវាងគណបក្សនយោបាយដែលឈ្នះឆ្នោតទាំង២ ក្នុងពេលខ្លីខាងមុខនេះ គណបក្សសង្គ្រោះជាតិ នឹងទាក់ទងជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីជួបជជែកគ្នាឡើងវិញតាមខ្សែរយៈដែលសមស្របរបស់គណបក្សនយោបាយទាំង២។
សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ បានបង្ហាញដែរថា ការជួបចរចាគ្នានេះ គឺផ្ដោតទៅលើភាពមិនប្រក្រតីនៃលទ្ធផលការបោះឆ្នោត។ ក្រៅពីនោះ មានការកែទម្រង់យន្តការបោះឆ្នោតដោយទាមទារឲ្យមានការលាលែងពីតំណែងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅថ្ងៃទី៣០ តុលា ថា ការយល់ព្រមកែទម្រង់លើយន្តការបោះឆ្នោតមានភាពសំខាន់៖ «អ្វីសំខាន់បំផុតនោះ ដែលត្រូវជជែកគ្នា គឺនៅលើបញ្ហាបោះឆ្នោតនោះតែម្ដង។ ដូចជាការបង្កើតគណៈកម្មាធិការស៊ើបអង្កេតដើម្បីរកមើលថា តើភាពមិនប្រក្រតីនោះកើតឡើងលើចំណុចណាខ្លះ? ហើយយើងយកទៅធ្វើកំណែទម្រង់របៀបណា ហើយយើងចង់រៀបវេទិកាសាធារណៈ ដែលរាជរដ្ឋាភិបាលលោកប្រកាសនោះ វាគ្មានប្រសិទ្ធភាពទេ ពីព្រោះអនុសាសន៍មួយចំនួននោះ គេបានផ្តល់រួចមកហើយ។ ហើយមួយទៀត ក្នុងនាមអ្នកដឹកនាំ កាលណាមានកំហុសធ្ងន់ធ្ងរ ត្រូវលាលែងពីតំណែង។ ដូច្នេះ គ.ជ.ប ត្រូវលាលែងចុះចេញពីតំណែង»។
លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់បន្ថែមថា ការជួបចរចាគ្នានោះ មិនទាន់កំណត់ថ្ងៃនៅឡើយទេ ប៉ុន្តែគេត្រូវមានការពិភាក្សាច្បាស់លាស់លើបញ្ហានានា និងលើការកែទម្រង់ គ.ជ.ប ជាមុនសិន ទើបបានពិនិត្យលើការចូលរួមប្រជុំក្នុងសភា៖ «គឺក្នុងន័យថា ឲ្យមានកិច្ចព្រមព្រៀងលាយលក្ខណ៍អក្សរលើការកែទម្រង់នោះហើយ បេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ចូលស្បថ និងចូលបំពេញការងារ។ ពីព្រោះយើងមិនអាចចូលស្បថហើយមិនទាន់មានអ្វីជាលាយលក្ខណ៍អក្សរជាកិច្ចព្រមព្រៀងក្នុងការធ្វើកំណែទម្រង់ទាំងអស់នោះទេ។ ចំណុចនេះ ខ្ញុំសង្កេតឃើញថា គណបក្សប្រជាជនប្រហែលជាយល់ច្រឡំ។ ចង់ចូលស្បថសិនបានចូលបំពេញការងារដើម្បីផ្លាស់ប្ដូរ គ.ជ.ប។ នីតិវិធីនេះយើងបានយល់ហើយ។ តែសំខាន់បំផុត គឺមានកិច្ចព្រមព្រៀងមួយច្បាស់លាស់ តើគេចង់ធ្វើរបៀបណា ពេលវេលាណាខ្លះ? ឲ្យពិតប្រាកដជាមួយគ្នា ដើម្បីឲ្យដូចពាក្យថា យើងអាចអនុវត្តទៅតាមកិច្ចព្រមព្រៀងដើម្បីកែទម្រង់ទៅបាន»។
លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង ដែលជាតំណាងគណបក្សប្រជាជនកម្ពុជា ក្នុងការទាក់ទងរវាងជាមួយគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅថ្ងៃទីថ្ងៃទី៣០ តុលា ថា លោកមិនទាន់បានទទួលសំណើសុំជួបចរចាឡើងវិញរបស់គណបក្សសង្គ្រោះជាតិនៅឡើយទេ៖ «ប៉ុន្តែមកទល់ពេលនេះ អត់ទាន់មានអីទេ។ អត់ទាន់មានការទាក់ទងគ្នាដើម្បីណាត់ពេលវេលាណា»។
សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ការស្នើជួបចរចារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា លើបញ្ហាកែទម្រង់យន្តការបោះឆ្នោតនេះ មិនជាប់ទាក់ទងជាមួយរឿងពហិការរបស់គណបក្សសង្គ្រោះជាតិ ក្នុងការចូលរួមប្រជុំសភានោះឡើយ។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានជួបប្រជុំគ្នាចំនួន ២ លើករួចមកហើយ កាលពីថ្ងៃទី១៦ និង ១៧ កញ្ញា កន្លងទៅ។ ការជួបគ្នាចរចានោះមិនបានលទ្ធផលទេ ដោយគណបក្សប្រជាជនកម្ពុជា មិនយល់ព្រមប្រគល់តំណែងក្នុងក្បាលម៉ាស៊ីនរដ្ឋសភាឲ្យទៅគណបក្សសង្គ្រោះជាតិ ដូចការទាមទារ។ ក្រោយពីមិនចុះសម្រុងគ្នា គណបក្សប្រជាជនកម្ពុជា បានសម្រេចកោះប្រជុំសភាឯកបក្ស និងបង្កើតរដ្ឋាភិបាលមួយតាមច្បាប់ធម្មនុញ្ញបន្ថែម។ គណបក្សសង្គ្រោះជាតិ បានហៅការប្រជុំសភាដំបូង និងការបង្កើតរដ្ឋាភិបាលនោះថា អធម្មនុញ្ញភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
