មន្ត្រី​មូលដ្ឋាន​បក្ស​ប្រជាជន​នៅ​កំពត​រង​ការ​ចោទ​ថា​រើសអើង​នយោបាយ

0:00 / 0:00

ជំទប់​ទី​ពីរ​របស់​គណបក្ស​ប្រឆាំង ប្រចាំ​ខេត្ត​កំពត ចោទ​ប្រកាន់​ចៅ​សង្កាត់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​គំរាម​កំហែង​ប្រជាពលរដ្ឋ និង​អ្នក​គាំទ្រ​ដទៃ​ទៀត មិន​ឲ្យ​រាប់​រក​អ្នក​ដែល​មាន​និន្នាការ​ទៅ​រក​បក្ស​ប្រឆាំង ដោយ​ចាត់​ទុក​ថា គឺ​ជា​ផ្នែក​មួយ​ដែល​មាន​គោលនយោបាយ មិន​អាច​ធ្វើ​ឲ្យ​ជីវភាព​របស់​ពលរដ្ឋ​មាន​ការ​ប្រែប្រួល​ជា​ជាង​កម្មវិធី​នយោបាយ​របស់​គណបក្ស​គ្រប់គ្រង​អំណាច​នេះ​ឡើយ។

ជំទប់​ទី​ពីរ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​កំពង់កណ្ដោល អ្នកស្រី សំ ចរិយា មាន​ប្រសាសន៍​ថា ចៅសង្កាត់​មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដើរ​គំរាម​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទិញ​សម្ភារៈ​ប្រើប្រាស់​ពី​ហាង​របស់​អ្នកស្រី​ទេ។

ជាង​នេះ​ទៀត គម្រោង​កែ​លម្អ និង​ជួសជុល​ផ្ទះ​សំណាក់​មួយ​ចំនួន​ដែល​អ្នកស្រី​បាន​ស្នើ​សុំ ក៏​ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ខេត្ត​កំពត បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ព្យាយាម​ផ្អាក​​រាល់​សំណើ​របស់​អ្នកស្រី​ថែម​ទៀត​ផង។

ជំទប់​ទីពីរ​របស់​បក្ស​ប្រឆាំង​រូប​នេះ បាន​ហៅ​សកម្មភាព​របស់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ពេល​នេះ​ថា គឺ​ជា​ការ​ប្រកាន់ និង​រើសអើង​នយោបាយ៖ «សូម្បី​តែ​ខ្ញុំ​ធ្វើ​ការ​នៅ​ឃុំ​សង្កាត់ ចូល​ជា​លើក​ដំបូង​ក៏​គេ​មាន​ការ​ហាម​ឃាត់ មិន​ឲ្យ​ជិតដិត​ជាមួយ​យើង មិន​ឲ្យ​និយាយ​រក​យើង។ រហូត​ដល់​ថ្មីៗ​នេះ មេ​ឃុំ​ឈ្មោះ ទី វុទ្ធី គឺ​គាត់​បាន​គំរាម​សមាជិក​ភូមិ មិន​ឲ្យ​ចេញ​ចូល​ផ្ទះ​ខ្ញុំ​ទេ ហើយ​គាត់​បាន​ទៅ​គាប​សង្កត់​គ្នា​ដល់​ផ្ទះ និយាយ​ថា ចុះ​ខ្វះ​ណាស់​អី​កន្លែង​ទិញ​ថ្នាំ ហើយ​ដល់​ហើយ​ទៅ ឃុំ​គេ​គាប​សង្កត់​ថា ខ្វះ​អី​កន្លែង​ទិញ​ថ្នាំ ចាំបាច់​ចូល​កន្លែង​ហ្នឹង។ យើង​ដឹង​ថា កន្លែង​ហ្នឹង​ជា​កន្លែង​ម៉េច​ហើយ»

អ្នកស្រី សំ ចរិយា ថ្លែង​ថា​ ការ​រើសអើង​ផ្នែក​នយោបាយ​នេះ កើត​មាន​ឡើង​ចាប់​តាំង​ពី​ក្រុម​គ្រួសារ​របស់​អ្នកស្រី​សម្រេច​ចិត្ត​គាំទ្រ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រឆាំង​មក។

បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ ចៅ​សង្កាត់​កំពង់​កណ្ដាល លោក ទី វុទ្ធី អះអាង​ថា មន្ត្រី​មូលដ្ឋាន​ពុំ​ដែល​បិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ម្ដង​ណា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​លោក​តែង​សម្រួល​កិច្ចការ​នានា​ដល់​ប្រជាពលរដ្ឋ ក្នុង​ន័យ​ជំរុញ​ឲ្យ​មាន​ប្រជាធិបតេយ្យ​ជា​និច្ច​នៅ​ក្នុង​តំបន់។

លោក​បន្ត​ថា៖ «អត់​ដឹង​ផង​បង ការ​ទិញ​ដូរ​ជា​សិទ្ធិ​របស់​គេ​ទេ​បង។ អត់​មាន​ទេ តិចនិក​ទីផ្សារ​ជា​រឿង​របស់​គេ។ គេ​កាលណា​មាន​លទ្ធផល មាន​គុណភាព​ល្អ សេវា​អាច​នេះ​បាន អា​ហ្នឹង​រឿង​របស់​គេ​បង»

បើ​ទោះ​ជា​បែប​ណា មន្ត្រី​អង្គការ​លីកាដូ (Licadho) ប្រចាំ​តំបន់ ទទួល​បន្ទុក​ការ​ស្រាវជ្រាវ លោក យន់ ផល្លី ចាត់​ទុក​ថា ផ្អែក​លើ​គោលការណ៍​ច្បាប់ ពលរដ្ឋ​មាន​សិទ្ធិ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញ​ចិត្ត។ លោក​បន្ត​ថា ការ​រឹត​បន្តឹង​សកម្មភាព​នៃ​ការ​ចូល​រួម​ក្នុង​វិស័យ​នយោបាយ​ណា​មួយ​នោះ គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់។ លើស​ពី​នេះ អ្វី​ដែល​មិន​ទាស់​ខុស​ទៀត​នោះ គឺ​ហាង​លក់​សម្ភារៈ​ជា​ចំណុច​ប្រមូល​ផ្ដុំ និង​ជា​ទីតាំង​សាធារណៈ​របស់​មជ្ឈដ្ឋាន​នានា​ទៀត​ផង។

លោក​គិត​ថា ហេតុ​នេះ​អាជ្ញាធរ​គួរ​សិក្សា​ពី​ប្រព័ន្ធ​ច្បាប់​ឲ្យ​បាន​ទូលាយ​ជាង​នេះ៖ «ទាក់ទិន​ក្នុង​ករណី​នេះ រឿង សំ ចរិយា នេះ​ឃើញ​ថា គាត់​គឺ​ជា​អាជីវករ​មួយ​ដែល​មាន​ការ​លក់ដូរ មុខ​ទំនិញ​របស់​គាត់។ អ៊ីចឹង​បើ​មាន​ការ​ហាមឃាត់​អតិថិជន​ណា​មួយ​ពី​អាជ្ញាធរ បាន​ន័យ​ថា នេះ​គឺ​ជា​ការ​រើសអើង​ទាក់ទិន​គណបក្ស​នយោបាយ»

មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ មាន​មន្ត្រី​មួយ​ចំនួន ក្នុង​ស្ថាប័ន​នគរបាល​យុត្តិធម៌ និង​មន្ទីរ​ក្នុង​ខេត្ត​កំពត ត្រូវ​​គេ​ព្យួរ​ពី​តួនាទី និង​ផ្អាក​ការងារ។ហេតុផល​ដែល​ត្រូវ​បាន​គេ​បញ្ឈប់​នេះ ក្រោយ​ពី​រក​ឃើញ​ថា មន្ត្រី​ទាំង​​នោះ​ស្និត​នឹង​គណបក្ស​ប្រឆាំង ហើយ​ឧស្សាហ៍​ចេញចូល​ទិញ​សម្ភារៈ​ម្ចាស់​ផ្ទះ​សំណាក់​ភ្នំ​ខៀវ ដែល​មាន​ម្ចាស់​អាជីវកម្ម​របស់​បក្ស​ជំទាស់​ផង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។