មន្ត្រី​បក្ស​ប្រជាជន​ថា​មេដឹកនាំ​បក្ស​ប្រឆាំង​មាន​ជំហរ​មិន​ស្រប​គ្នា

ខុទ្ទកាល័យ​ឯក​ឧត្ដម ស ខេង សមាជិក​គណៈ អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ទី​១២ តុលា ដោយ​បាន​អះអាង​ថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ជំហរ​ខុស​គ្នា​អំពី​ការ​ទាមទារ​ចង់​បាន​តំណែង​ប្រធាន​រដ្ឋ​សភា។

0:00 / 0:00

ក្នុង​លិខិត​ដដែល​នោះ​បាន​បញ្ជាក់​ថា មុន​សមាជ​មហា​ជន​កាល​ពី​ថ្ងៃ​ទី​៦ តុលា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រាប់​តាម​ទូរស័ព្ទ​ទៅ​លោក ស ខេង ថា គណបក្ស​សង្គ្រោះ​ជាតិ ឈប់​ទាមទារ​តំណែង​ប្រធាន​រដ្ឋ​សភា​ទៀត ប្រសិន​បើ​គណបក្ស​ប្រជាជន​បែង​ចែក​តំណែង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទាំង ១២ នៅ​ក្នុង​រដ្ឋ​សភា​ឲ្យ​ស្មើ​គ្នា។

លិខិត​បន្ត​ទៀត​ថា ផ្ទុយ​ទៅ​វិញ អនុ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នក​នាំ​ពាក្យ​គណបក្ស​លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ទាមទារ​តំណែង​ប្រធាន​រដ្ឋ​សភា​ដដែល។

សូម​ស្ដាប់​ការ​បកស្រាយ​របស់​លោក យឹម សុវណ្ណ ជុំវិញ​ប្រការ​នេះ តាម​ការ​សាកសួរ​របស់​អ្នកស្រី ម៉ៅ សុធានី៖

ទោះ​ជា​សំណើ​ណា​មួយ​ក៏ដោយ ទាំង​ប្រធាន​រដ្ឋ​សភា ឬ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ឲ្យ​ស្មើ​គ្នា ក៏​គណបក្ស​ប្រជាជន​មិន​យល់​ព្រម​ដែរ​រហូត​មក​ដល់​ពេល​នេះ។ លិខិត​របស់​ខុទ្ទកាល័យ​ឯកឧត្ដម ស ខេង បញ្ជាក់​ថា ការ​ទាមទារ​បែងចែក​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ទាំង ១២​រូប​ឲ្យ​ស្មើ​គ្នា​នោះ គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​មិន​យល់​ព្រម ពីព្រោះ​ថា ការ​ទាមទារ​ចំនួន​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា ៦​រូប​ស្មើ​គ្នា គឺ​ជា​ការ​ធ្វើ​ឲ្យ​ជាប់​គាំង​ទាំង​ដំណើរការ​រដ្ឋ​សភា​និង​រាជរដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។