ការជ្រើសយកប្អូនប្រុសប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដើម្បីនិយាយបរិហារបន្សាបឥទ្ធិពលទាក់ទាញសំឡេងឆ្នោតរបស់គណបក្សប្រឆាំងនេះ ត្រូវបានប្រជាពលរដ្ឋមួយចំនួនយល់ថា ជាវិធីដែលសង្គមមិនឲ្យតម្លៃ។
ការធ្វើបែបនេះ កើតឡើងក្រោយពេលដែលគណបក្សកាន់អំណាចបានផ្សព្វផ្សាយប្រសាសន៍របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី និងលោក កឹម សុខា ដែលថ្លែងរិះគន់គ្នាទៅវិញទៅមក កាលពីមិនទាន់ត្រូវរ៉ូវគ្នា។
មួយសប្ដាហ៍ចុងក្រោយនេះ ប្អូនប្រុសលោក កឹម សុខា ឈ្មោះ កឹម សុខុន បង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ក្នុងស្រុកស្ទើររៀងរាល់ថ្ងៃ។ ការបង្ហាញវត្តមានរបស់លោក កឹម សុខុន នោះ ធ្វើឡើងដើម្បីពន្យល់ពលរដ្ឋកុំឲ្យបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។
អតីតអគ្គលេខាធិការរងគណបក្ស សិទ្ធិមនុស្ស លោក កឹម សុខុន បច្ចុប្បន្នកាន់តំណែងជាទីប្រឹក្សារាជរដ្ឋាភិបាល កាលពីថ្ងៃទី១៧ ឧសភា បានថ្លែងទៅកាន់ពលរដ្ឋនៅខេត្តកណ្ដាល ថា គោលនយោបាយគណបក្សសង្គ្រោះជាតិ ជាគោលនយោបាយខ្យល់មិនអាចជឿបានទេ។ លោកបញ្ជាក់ថា ការប្ដូរក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលមួយ គឺជាប្រការគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិទាំងមូល។ ហេតុនេះ ពលរដ្ឋត្រូវតែបោះឆ្នោតគាំទ្រលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ម្យ៉ាងទៀត គោលនយោបាយគណបក្សសង្គ្រោះជាតិ ធ្វើឡើងដើម្បីបម្រើផលប្រយោជន៍មេបក្សប្រឆាំងទាំងពីរប៉ុណ្ណោះ។
ប្រសាសន៍លោក កឹម សុខុន ដែលថ្លែងវាយប្រហារគណបក្សប្រឆាំង និងលើកតម្កើងគណបក្សកាន់អំណាចនេះ មានរយៈពេលជិតកន្លះម៉ោង។ ហើយប្រសាសន៍នោះក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមកញ្ចក់ទូរទស្សន៍ទូទាំងប្រទេសទៀត។
ទោះជាយ៉ាងណាក្តី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបដិសេធមិនធ្វើអត្ថាធិប្បាយតបយ៉ាងណាចំពោះពាក្យសម្ដីរបស់លោក កឹម សុខុន នោះឡើយ។ ប៉ុន្តែលោកពន្យល់ថា គណបក្សប្រជាជនតែងតែប្រើប្រាស់យុទ្ធសាស្ត្រផ្តល់ប្រាក់ឧបត្ថម្ភ និងបុណ្យសក្តិ ដើម្បីអូសទាញមន្ត្រីគណបក្សប្រឆាំង។ ពេលអូសទាញបាន មន្ត្រីទាំងនោះនឹងត្រូវបានគេប្រើជាកូនអុកសម្រាប់វាយប្រហារបក្សប្រឆាំងវិញ។ លោកបញ្ជាក់ថា គណបក្សប្រជាជនចាប់ផ្ដើមខ្លាចគណបក្សសង្គ្រោះជាតិ ដោយសារសន្ទុះគាំទ្ររបស់ពលរដ្ឋ។
ទាក់ទងនឹងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអ្នកវិភាគនយោបាយឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការជ្រើសរើសយកលោក កឹម សុខុន មកវាយប្រហារគណបក្សប្រឆាំងនេះ មិនមែនជារឿងប្លែកទេក្នុងសង្គមនយោបាយកម្ពុជា។ លោកបន្តថា បើសិនជាគណបក្សប្រឆាំងបានទទួលសកម្មជនពីគណបក្សប្រជាជន ក៏នឹងធ្វើសកម្មភាពប្រហាក់ប្រហែលគ្នានេះដែរ។ លោកកត់សម្គាល់ថា អ្វីដែលមិនស្មើភាពគ្នាក្នុងការប្រកួតប្រជែងនោះ គឺគណបក្សប្រជាជនកម្ពុជា គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយលើសលប់តែម្តង។
អ្នកវិភាគនយោបាយ និងសង្គមមួយចំនួន យល់ថា ការថ្លែងហែកហួរគណបក្សប្រឆាំងពីសំណាក់លោក កឹម សុខុន ជាការបង្ហាញគំរូមិនល្អមួយក្នុងបរិបទនយោបាយដែលមិនបង្ហាញពីភាពជឿនលឿនក្នុងការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌។
កាលពីថ្ងៃទី១៦ ឧសភា លោក ហ៊ុន សែន ក៏ថ្លែងចោទថា ចលនាចង់ផ្ដួលរំលំរបបរាជានិយម ក៏សម្ងំខ្លួនពួនអាត្មាក្នុងបក្សសង្គ្រោះជាតិ ហើយលោកព្រមានកុំឲ្យបក្សប្រឆាំងតវ៉ា ពេលដែលអាជ្ញាធរចាប់ខ្លួនជនក្បត់ជាតិទាំងនោះ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ ក៏បានចេញមុខបដិសេធរឿងនេះដែរ។ ក្រៅពីនេះ គណបក្សកាន់អំណាចក៏ចាត់ចែងឲ្យអតីតមន្ត្រីគណបក្ស សម រង្ស៉ី និងគណបក្ស សិទ្ធិមនុស្ស លោក ញឹក វណ្ណរ៉ា ចេញមុខបកអាក្រាតគណបក្សប្រឆាំង សម រង្ស៉ី ទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។