ក្រុម​ការងារ​បក្ស​ទាំង​ពីរ​នឹង​ជួប​ចរចា​ជា​ផ្លូវ​ការ​នៅ​វិមាន​ព្រឹទ្ធសភា​ថ្ងៃ​១២​មិថុនា

ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ម្ខាង ៣​នាក់ នឹង​ជួប​គ្នា​ជា​ផ្លូវ​ការ នៅ​វិមាន​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​១២ មិថុនា វេលា​ម៉ោង ៩​ព្រឹក។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន និង​ជា​អ្នក​ដឹក​នាំ​ការ​ចរចា មាន​ប្រសាសន៍​ថា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​បាន​កំណត់​ពេល​ជួប​គ្នា ដើម្បី​ជជែក​លើ​ក្របខ័ណ្ឌ​នៃ​ការ​ចរចា​បន្ត ពិសេស​ទៅ​លើ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១០ មិថុថា ដែល​ថា​គណបក្ស​ប្រជាជន​កម្ពុជា យល់​ព្រម​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដាក់​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ជា​ស្ថាប័ន​ធម្មនុញ្ញ និង​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​ទូរទស្សន៍​តាម​រយៈ​ក្រុមហ៊ុន​ឯកជន។

លោក គួយ ប៊ុនរឿន បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​សភា​ដរាប​ណា​មាន​ដំណោះស្រាយ​នយោបាយ​ច្បាស់​លាស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​បន្ទន់​ឥរិយាបទ​នយោបាយ នៅ​ក្នុង​ឱកាស​លោក​ចុះ​សួរ​សុខ​ទុក្ខ​ជន​ពិការ នៅ​តំបន់​កោះ​ស្លា ស្រុក​ឈូក ខេត្ត​កំពត កាលពីថ្ងៃទី១០ខែមិថុនា។

ក្រៅ​ពី​បន្ទន់​ឥរិយាបថ​នេះ លោក ហ៊ុន សែន ហាក់​ដូច​ជា​បង្ខំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា​ដែរ ដោយ​លោក​ព្រមាន​ថា បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​ចូល​សភា​ទេ លោក​នៅ​តែ​ដឹក​នាំ​ប្រទេស​ដោយ​ឯក​បក្ស ហើយ​ព្រមាន​ចាប់​ខ្លួន​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង បើ​សិន​ជា​ធ្វើ​ឲ្យ​មាន​បញ្ហា​ចលាចលក្នុង​ប្រទេស​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។