មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះសង្ឃឹមថា ព្រះមហាក្សត្រនឹងយាងជាព្រះរាជាធិបតីបើកសម័យប្រជុំសភាដំបូងនីតិកាលទី៥ នៅថ្ងៃទី២៣ ខែកញ្ញា។
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា បណ្ឌិតរដ្ឋ ជាម យៀប មានប្រសាសន៍នៅថ្ងៃ២២ ខែកញ្ញា ថា មតិឯកជនរបស់លោកផ្ទាល់យល់ថា ព្រះមហាក្សត្រទ្រង់ថ្លឹងថ្លែងញត្តិដែលមានប្រជានុរាស្ត្រតែជាង ២៦ម៉ឺននាក់បានផ្ដិតមេដៃទូលថ្វាយកុំឲ្យព្រះអង្គយាងបើកប្រជុំរដ្ឋសភា។ ប៉ុន្តែព្រះមហាក្សត្របានគ្រប់គ្រងប្រជានុរាស្រ្តទូទាំងនគរកម្ពុជា ដល់ទៅជាង ១៤លាននាក់ ដូច្នេះព្រះអង្គមិនបោះចោលប្រជានុរាស្ត្រភាគច្រើនទេ។
លោក ជាម យៀប៖ «ដល់អ៊ីចឹងទៅខ្ញុំយល់ឃើញថា ស្អែកនេះគឺព្រះករុណា ព្រះអង្គថ្ងៃនេះមានព្រះតម្រិះ តែស្អែកព្រះអង្គនឹងទ្រង់យាងទៅដើម្បីនឹងសម្ពោធដំបូងឲ្យស្របទៅតាមជំពូកទី៧ មាត្រា ៨២ថ្មី នៃរដ្ឋធម្មនុញ្ញនៅក្នុងវាក្យខណ្ឌទី១ ដែលបានលើកឡើងថា រដ្ឋសភាបើកសម័យប្រជុំដំបូង ៦០ថ្ងៃយ៉ាងយូរ ក្រោមព្រះរាជកោះអញ្ជើញនៃអង្គព្រះមហាក្សត្រ គឺព្រះអង្គនឹងគោរព ហើយអនុវត្តតាមរដ្ឋធម្មនុញ្ញជាដាច់ខាត»។
កាលពីថ្ងៃ២១ ខែកញ្ញា ប្រជាពលរដ្ឋបានដាក់ញត្តិថ្វាយព្រះករុណាពីការមិនសុខចិត្តរបស់ម្ចាស់ឆ្នោត ទូលថ្វាយព្រះមហាក្សត្រ សូមឲ្យទ្រង់ទតពីភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោត និងទូលសុំព្រះមហាក្សត្រកុំយាងជាព្រះរាជាធិបតីក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០១៣។
តំណាងប្រជាពលរដ្ឋដែលបានផ្ដិតមេដៃក្នុងញត្តិថ្វាយព្រះមហាក្សត្រ លោក សោម ចាន់ថុក ចោទថា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មើលងាយញត្តិពួកគាត់ មិនគោរពច្បាប់រដ្ឋធម្មនុញ្ញ។ លោកបន្តថា ច្បាប់គឺមនុស្សអ្នកតែងតែមកចោទពលរដ្ឋថាមិនគោរពច្បាប់ទៅវិញ ទើបគាត់ជាតំណាងពលរដ្ឋមិនសុខចិត្ត ព្រោះកាលពីប្រជុំរដ្ឋសភានីតិកាលទី៣ មានតំណាងរាស្ត្រហ៊្វុនស៊ិនប៉ិច និង សម រង្ស៊ី ធ្វើពហិការមិនចូលប្រជុំរដ្ឋសភាលើកដំបូង រដ្ឋាភិបាលបានកែច្បាប់រដ្ឋធម្មនុញ្ញ។
លោកបានរិះគន់ថា រដ្ឋាភិបាលអាណត្តិទី៣ កាលនោះបង្កើតបានដោយបោះឆ្នោតកញ្ចប់។ លោកថា អ្នកដែលកែប្រែច្បាប់រដ្ឋធម្មនុញ្ញ១៩៩៣ មុនដំបូង គឺគណបក្សប្រជាជនកម្ពុជានេះឯង៖ «ហើយដល់ពេលភ័យខ្លាច គណបក្ស សម រង្ស៊ី ភ័យខ្លាចគណបក្សហ៊្វុនស៊ិនប៉ិច ជំនាន់នោះ គណបក្សប្រជាជនហ្នឹងបានកែច្បាប់ឲ្យបោះទៅជាកញ្ចប់វិញ។ ខ្ញុំយល់ឃើញថា ហ្នឹងហើយរដ្ឋប្រហាររដ្ឋធម្មនុញ្ញនេះឯង»។
ពន្យល់តបនឹងការចោទប្រកាន់របស់តំណាងប្រជាពលរដ្ឋ បណ្ឌិតរដ្ឋ ជាម យៀប ពន្យល់ថា មិនបានរលាយរដ្ឋធម្មនុញ្ញទេ គឺបន្ថែមមាត្រាខ្លះទៅក្នុងច្បាប់រដ្ឋធម្មនុញ្ញដែលនៅខ្វះ៖ «កាលដំបូង សម រង្ស៊ី ខ្លួនឯងហ្នឹង ថាកុំឲ្យមានភាពជាប់គាំងនៅកម្ពុជា តទៅទៀត ទាល់តែកែរដ្ឋធម្មនុញ្ញ ពីព្រោះថា មានប្រទេសជាច្រើនដែរដែលគេបានយកថា មិនបាច់ចាំយក ២ ភាគ ៣ ទេ យកតែ ៥០ បូក ១ បានហើយ»។
អ្នកវិភាគឯករាជ្យ លោក កែម ឡី ពន្យល់ថា ច្បាប់រដ្ឋធម្មនុញ្ញមិនគួរនៅទ្រឹងទេ ត្រូវតែធ្វើវិសោធនកម្មច្បាប់ទៅតាមបច្ចុប្បន្នភាព។ ប៉ុន្តែរាល់ការកែច្បាប់កំពូល គឺធ្វើឡើងធានាឲ្យប្រទេសជាតិមានការរីកចម្រើន។ លោកថា កាលនោះគណបក្សប្រជាជនកម្ពុជា ក៏ខុស ព្រោះកែច្បាប់មិនបានសាកសួរមតិយោបល់ពលរដ្ឋ។ ចំណែកលោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី កាលនោះក៏ខុស ព្រោះចង់បានចំណេញនយោបាយខ្លួនឯង ដោយបានចូលរួមកែប្រែគោលការណ៍ដោយចែងច្បាប់ថ្មីថា គណបក្សឈ្នះឆ្នោតណាដែលមានអាសនៈភាគច្រើនដាច់ខាត ឬចំនួនអាសនៈ ៥០ បូក ១ ក្នុងសភា អាចបង្កើតរដ្ឋាភិបាលបាន។
កាលពីថ្ងៃទី១៤ ខែកញ្ញា បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៥៥រូប បានថ្វាយលិខិតដល់ព្រះមហាក្សត្រមិនចូលរួមប្រជុំរដ្ឋសភា នៅថ្ងៃទី២៣ ខែកញ្ញា ទេ។ ឆ្លើយតបលិខិតគណបក្សសង្គ្រោះជាតិវិញ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ផ្ញើជូនបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ ខែកញ្ញា ថា យោងតាមមាត្រា ៨២ថ្មី នៃរដ្ឋធម្មនុញ្ញ ទ្រង់នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០១៣។ ទ្រង់បានចែងក្នុងព្រះរាជសារលិខិតថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងអស់ មេត្តាចូលរួមប្រជុំដើម្បីបង្ហាញនូវការរួបរួមជាតិនិងឯកភាពជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
