បេក្ខជនពេញសិទ្ធិមណ្ឌលខេត្តកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា លោក ង៉ោ សុវណ្ណ បានចេញសេចក្តីបំភ្លឺមួយនៅថ្ងៃទី៧ ខែសីហា ជុំវិញការចោទប្រកាន់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ ថា លោកមានឈ្មោះបោះឆ្នោតដល់ទៅ ៣កន្លែងនោះ។
ក្នុងសេចក្តីបំភ្លឺនោះ លោក ង៉ោ សុវណ្ណ បានអះអាងថា លោកបានបោះឆ្នោតនៅតែមួយកន្លែងគត់ គឺនៅការិយាល័យលេខ ១២៧៨ ដែលមានទីតាំងនៅក្នុងអនុវិទ្យាល័យគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្នុងលិខិតដដែលនោះ លោក ង៉ោ សុវណ្ណ មិនបានប្រកែកថាលោកមានឈ្មោះបោះឆ្នោតច្រើនកន្លែងនោះទេ។ ទាក់ទងនឹងការមានឈ្មោះបោះឆ្នោតច្រើនកន្លែងនេះ លោក ង៉ោ សុវណ្ណ ដែលធ្លាប់ជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបរបស់គណបក្ស សម រង្ស៊ី មុនពេលលោកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០០៨ បានបញ្ជាក់ថា កាលណោះលោក និងសហការីទាំងឡាយរបស់គណបក្ស សម រង្ស៊ី ជាច្រើនរូបទៀត បានទៅចុះឈ្មោះបោះឆ្នោតនៅតាមបណ្ដាខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលលោក និងសហការីបានបំពេញការងារនៅទីនោះ ក្នុងគោលបំណងជួយបង្កើនសន្លឹកឆ្នោត និងងាយស្រួលក្នុងការគ្រប់គ្រងការងារបោះឆ្នោតនៅនឹងកន្លែងនោះតែម្តង។
លោកថែមទាំងបានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំ និងក្រុមការងាររបស់គណបក្ស សម រង្ស៊ី តាមបណ្ដាខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ មួយចំនួនធំ ក៏មានក្នុងបញ្ជីបោះឆ្នោតជាច្រើនកន្លែងដែរ។
ដើម្បីបញ្ជាក់ថាលោកស្អាតស្អំ លោក ង៉ោ សុវណ្ណ បានឲ្យដឹងថា ចង្អុលដៃស្តាំរបស់លោកនៅជាប់ប្រឡាក់ទឹកខ្មៅនៅឡើយ ទោះបីលោកព្យាយាមប្រើប្រាស់សាប៊ូ និងទឹកអូសាវ៉ែល ដើម្បីលាងសម្អាតជាច្រើនដងក៏ដោយ។ លោកបញ្ជាក់ក្នុងលិខិតនោះទៀតថា អ្នកស៊ើបអង្កេតការងារបោះឆ្នោតអាចទៅឆែកឈ្មោះរបស់លោកនៅក្នុងបញ្ជីបោះឆ្នោតនៅខេត្តស្វាយរៀង និងនៅរាជធានីភ្នំពេញ បាន ដើម្បីឲ្យដឹងថា លោកបានទៅបោះឆ្នោតនៅទីនោះដែរឬទេ។
លោក ង៉ោ សុវណ្ណ បានឲ្យដឹងតាមរយៈលិខិតរបស់លោកផ្ញើមកកាន់វិទ្យុអាស៊ីសេរី ថា គ្រប់ភ្នាក់ងារគណបក្សនយោបាយដែលបានសង្កេតការណ៍បោះឆ្នោត និងមន្ត្រីបោះឆ្នោតតាមការិយាល័យ អាចជាសាក្សីបញ្ជាក់យ៉ាងច្បាស់ថា លោកពិតជាមិនបានទៅបោះឆ្នោតនៅកន្លែងនោះឡើយ ហើយលោកបានប្រចាំការនៅឃុំគគីរធំ ពេញមួយថ្ងៃ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ បានចេញរបាយការណ៍បន្ទាន់មួយ កាលពីថ្ងៃទី៣១ កក្កដា បង្ហាញថា គណបក្សប្រជាជនកម្ពុជា មានពាក់ព័ន្ធនឹងការបង្កើតឲ្យមានភាពមិនប្រក្រតីមានលក្ខណៈជាប្រព័ន្ធក្នុងការបោះឆ្នោតនីតិកាលទី៥ កាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ។ របាយការណ៍នោះបានរកឃើញថា លោក ង៉ោ សុវណ្ណ តំណាងរាស្ត្រខេត្តកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា មានឈ្មោះបោះឆ្នោតបីកន្លែង គឺនៅខេត្តកណ្ដាល ស្វាយរៀង និងនៅរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
