លោក ស ខេង ប្រកាស​ឲ្យ​ប្រាក់​ពលរដ្ឋ​ជា​ថ្នូរ​នឹង​ការ​បោះ​ឆ្នោត​ឲ្យ​បក្ស​ប្រជាជន

មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា សន្យា​ផ្ដល់​ថវិកា​ជា​លើក​ដំបូង​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​ព្រៃវែង ច្រើន​ជាង​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទាក់ទាញ​រក​សន្លឹក​ឆ្នោត​នៅ​គ្រា​ដែល​ថ្ងៃ​បោះ​ឆ្នោត​កៀក​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ សប្ដាហ៍​នេះ។

0:00 / 0:00

មន្ត្រី​ឃ្លាំ​មើល​ការ​បោះឆ្នោត​ចាត់​ទុក​គោលការណ៍​ផ្ដល់​ប្រាក់​ជូន​ប្រជាពលរដ្ឋ​នេះ​មិន​មាន​តម្លាភាព​នោះ​ទេ ព្រោះ​វា​មិន​មែន​ជា​គោល​នយោបាយ​ថ្នាក់​ជាតិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។

សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ប្រកាស​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រៃវែង ជា​ថ្នូរ​នឹង​ការ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

ខុទ្ទកាល័យ​លោក ស ខេង បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ដល់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​អចិន្ត្រៃយ៍​ក្នុង​ខេត្ត​ព្រៃវែង ថា​ចាប់ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ រហូត​ដល់​ថ្ងៃ​បញ្ចប់​អាណត្តិ លោក​នឹង​ប្រើ​ប្រាស់​ថវិកា​ក្នុង​មូលនិធិ​លោក​ផ្ទាល់​ក្នុង​ក្រសួង​មហាផ្ទៃ ឧបត្ថម្ភ​មនុស្ស​ចាស់​ដែល​មាន​អាយុ​ចាប់​ពី ៦៥​ឆ្នាំ ឡើង​ទៅ ហើយ​មាន​ជំងឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បុណ្យ​សព និង​ស្ត្រី​សម្រាល​កូន។

ក្នុង​លិខិត​ដដែល​លោក ស ខេង សន្យា​ថា​នឹង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ចាស់ៗ មាន​ជំងឺ​ពី ២០​ម៉ឺន​រៀល​ដល់ ៥០.០០០​រៀល តាម​ស្ថានភាព​ជាក់ស្ដែង។ ឧបត្ថម្ភ​ស្ត្រី​សម្រាក​កូន​ម្នាក់​ចំនួន ១០​ម៉ឺន​រៀល និង​ចូល​បុណ្យ​គ្រួសារ​សព​ចំនួន ២០.០០០​រៀល។

ការ​សន្យា​នោះ​ធ្វើ​ឡើង​ជា​ថ្នូរ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​អចិន្ត្រៃយ៍​នៅ​ក្នុង​ខេត្ត​ព្រៃវែង បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ថ្ងៃ​បោះឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ខាង​មុខ។

ការ​ប្រកាស​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា លោក ស ខេង ជួយ​តែ​ពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រៃវែង តែ​មួយ​ប៉ុណ្ណោះ ខណៈ​លោក​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​បោះ​ឆ្នោត​នៅ​ឯ​ខេត្ត​បាត់ដំបង។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា និចហ្វិក (NICFEC) លោក ហង្ស ពុទ្ធា យល់​ថា ការ​ប្រកាស​ផ្ដល់​លុយ​របស់​គណបក្ស​កាន់​អំណាច​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​នេះ មិន​មាន​តម្លាភាព​ទេ ដោយ​ផ្ដោត​តែ​ទៅ​លើ​ពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង ហើយ​មិន​មែន​ជា​គោល​នយោបាយ​ថ្នាក់​ជាតិ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចំណេញ​នោះ​ឡើយ។

លោក ហង្ស ពុទ្ធា៖ «នេះ​ជា​សេចក្ដី​ប្រកាស​នឹង​ជា​បំណង​ល្អ​មួយ​ដែល​ចង់​ជួយ​ដល់​អ្នក​មាន​ទុក​ធុរៈ​របស់​អ្នក​ដែល​មាន​ការ​លំបាក​ទាក់ទង​ការ​រស់​នៅ​ជាក់​ស្ដែង ប៉ុន្តែ​នេះ​ជា​គោលការណ៍​ដោយ​ឡែក​នៅ​ក្នុង​ខេត្ត មួយ​មិន​មែន​ជា​កម្មវិធី​នយោបាយ​របស់​គណបក្ស​នោះ​ទេ អ៊ីចឹង​ខ្ញុំ​គិត​ថា កម្មវិធី​នេះ​ហាក់​ដូចជា​ផ្ដោត​តែ​ពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង។ សមាជិក​គណបក្ស​ប្រជាជន​ផ្សេង​ទៀត​លោក​អាច​នឹង​មាន​ការ​មន្ទិល​ហើយ ​ក៏​បញ្ជាក់​អំពី​ភាព​មិន​តម្លាភាព​ជាមួយ​សមាជិក​គណបក្ស​ដូច​គ្នា»

កម្មវិធី​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ឡើង​ហាក់​ឆ្លើយ​តប​នឹង​កម្មវិធី​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៧​ចំណុច ដែល​ក្នុង​នោះ​គណបក្ស​នេះ សន្យា​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​សង្គមកិច្ច​ដល់​មនុស្ស​ចាស់​ពី​អាយុ ៦៥​ឆ្នាំ​ឡើង​ទៅ យ៉ាង​តិច ៤០.០០០​រៀល​ក្នុង​មួយ​ខែ។

ចំពោះ​សំណើ​សុំ​ប្រាក់​ឧបត្ថម្ភ​សាមី​ខ្លួន​ត្រូវ​សរសេរ​ជា​លិខិត​មក​ទៅ​កាន់​ខុទ្ទកាល័យ​លោក ស ខេង តាម​រយៈ​ប្រធាន​ភូមិ មេ​ឃុំ ចៅ​សង្កាត់ ឬ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ឃុំ/​សង្កាត់។ នៅ​ខេត្ត​ព្រៃវែង មាន​ចំនួន ១១​អាសនៈ ដែល​មាន​ពលរដ្ឋ​ជាង ៨០.០០០​នាក់ មាន​ឈ្មោះ​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។