គណបក្សប្រជាជនកម្ពុជា នៅប្រកាន់ជំហរបើកផ្លូវចរចាថ្នាក់កំពូល ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទបក្សប្រឆាំងថា កំពុងតែធ្វើឲ្យដំណើរការចរចាដោះស្រាយបញ្ហានយោបាយដើរថយក្រោយ។ ការថ្លែងបែបនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីចេញពីប្រជុំសភានៅព្រឹកថ្ងៃទី១ ខែមេសា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធមិនធ្វើអត្ថាធិប្បាយច្រើនជុំវិញបញ្ហាទំនាស់នយោបាយឡើយ។ ប៉ុន្តែលោកកត់សម្គាល់ដោយខ្លីថា ភាគីម្ខាងទៀតជាអ្នកធ្វើឲ្យដំណើរការចរចាមិនអាចទៅមុខរួច។
លោកមានប្រសាសន៍ថា «ថ្ងៃនេះខ្ញុំមិនអាចបំពេញបំណងអស់លោកបានទេ យើងមានបំណងដើរទៅមុខ ឯអ្នកដទៃគេម្ដងដើរទៅមុខ ម្ដងថយក្រោយ។ អ៊ីចឹងអស់លោកត្រូវសួរទៅអ្នកដទៃ មិនមែនសួរខ្ញុំទេ»។
យ៉ាងណាមិញឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ត្រូវបានកាសែតក្នុងស្រុកស្រង់ប្រសាសន៍ថា គណបក្សទាំងពីរកំពុងរៀបចំចរចាថ្នាក់កំពូលជាថ្មី។ កាលពីថ្ងៃទី២៤ ខែមីនា ប្រធានក្រុមចរចារបស់គណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន ក៏បញ្ជាក់ជំហរដែរថា បក្សប្រជាជនកម្ពុជា រង់ចាំចរចាគ្រប់កម្រិតជាមួយបក្សប្រឆាំង ប៉ុន្តែមិនបានកំណត់ពេលវេលាចរចាច្បាស់លាស់ទេ។
កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា សព្វថ្ងៃមិនជាប់គាំងអ្វីទាំងអស់ ព្រោះថា ដំណើរការរបស់ស្ថាប័នរដ្ឋដើរទៅមុខជាធម្មតា មិនមានការរាំងស្ទះណាមួយទេ។
ទាក់ទងនឹងបញ្ហានេះ ប្រធាននាយកដ្ឋានកិច្ចការសាធារណៈ គណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បដិសេធមិនតបចំពោះប្រសាសន៍ចោទរបស់លោក ហ៊ុន សែន ទេ។ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នៅតែចង់ឲ្យមានកិច្ចចរចារវាងមេដឹកនាំកំពូលនៃគណបក្សទាំងពីរឲ្យបានឆាប់ៗខាងមុខនេះ៖ «គណបក្សសង្គ្រោះជាតិ សុំឲ្យមានជំនួបកំពូលដើម្បីដោះស្រាយបញ្ហានយោបាយ ហើយជំនួបនោះយើងបានប្រាប់ក្រុមការងារបច្ចេកទេសរួចហើយ តាំងពីថ្ងៃទី២៤ ខែមីនា មុននឹងយើងផ្អាកកិច្ចចរចាមួយរយៈ»។
ទន្ទឹមនឹងនេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ ខែមីនា បញ្ជាក់ថា បក្សប្រឆាំងចង់ចរចាថ្នាក់កំពូលតែម្តង ហើយរបៀបវារៈសំខាន់បំផុតនោះ គឺការផ្លាស់ប្ដូរសមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យក្លាយជាស្ថាប័នធម្មនុញ្ញ។ ស្ថាប័នធម្មនុញ្ញនោះ ត្រូវឲ្យមានសំឡេងគាំទ្រ ២ ភាគ ៣ នៃសមាជិកសភា។
ទោះជាបែបណាក្តី អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច យល់ថា គណបក្សទាំងពីរកំពុងភូតភរទាញយកប្រជាប្រិយភាពពីពលរដ្ឋ ហើយព្យាយាមពន្យារពេលរៀងៗខ្លួន។
លោកបញ្ជាក់កិច្ចចរចារវាងថ្នាក់ដឹកនាំកំពូលជាជម្រើសដែលសមស្របបំផុត ដើម្បីបញ្ចប់ជម្លោះនៅពេលនេះ៖ «គឺថា ឲ្យមេបក្សទាំងពីរហ្នឹងជួបចរចាគ្នា ហើយកុំឲ្យច្រើនពេក របៀបវារៈពីរ ឬ បីអីហ្នឹងបានហើយ ហើយ ១៥ ឬ ១៦ (ចំណុច) ហ្នឹងចាំត្រូវគ្នា ចាំគិតកែទៅ សំខាន់បំផុតគឺ គ.ជ.ប ហ្នឹងបានហើយ កែទម្រង់ គ.ជ.ប ជាបញ្ហាសំខាន់។ ថ្ងៃក្រោយទៅ អ្នកណាមកក្រោយក៏គេទទួលបាន គ.ជ.ប ហ្នឹង នីតិវិធីហ្នឹង ហើយបក្សទាំងពីរហ្នឹងព្រម ចុងក្រោយ សង្គ្រោះជាតិចូលក្នុងសភា»។
មេដឹកនាំកំពូលគណបក្សទាំងពីរបានជួបចរចាគ្នាចំនួន២ដងរួចមកហើយ នៅក្រោយការបោះឆ្នោត។ ជំនួបទាំងពីរដង បក្សទាំងពីរព្រមព្រៀងគ្នាកែទម្រង់ការបោះឆ្នោត និងចរចាបញ្ហាផ្សេងៗទៀត។
លោក ហ៊ុន សែន ធ្លាប់លើកឡើងថា ការចរចារបស់មេបក្សប្រឆាំងគឺចង់បានតំណែងប្រធានរដ្ឋសភាមិនមែនចរចាទាមទារបោះឆ្នោតឡើងវិញឡើយ។ ប៉ុន្តែមេបក្សប្រឆាំងបដិសេធ និងបើកកកាយវិញថា លោក ហ៊ុន សែន ចង់បង្កើតច្បាប់ការពារនាយករដ្ឋមន្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។