អតីត​មេដឹកនាំ​សម្ព័ន្ធ​សេនានាគ​គ្រោង​ដឹកនាំ​មនុស្ស​៥​ពាន់​នាក់​ហែ​ញត្តិ​គាំទ្រ ACU

អង្គការ​សង្គម​ស៊ីវិល​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច គ្រោង​ធ្វើ​យុទ្ធនាការ​គាំទ្រ​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដែល​បាន​ឃាត់​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ក្នុង​ស្រុក និង​ចោទ​ប្រកាន់​មន្ត្រី​អង្គការ​សហប្រជាជាតិ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ដែល​ជា​អតីត​សម្ព័ន្ធ​សេនានាគ លោក ប៉ាន់ខែម ប៊ុនថន ប្រកាស​ថា លោក​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ដឹកនាំ​ប្រជាពលរដ្ឋ យុវជន និស្សិត​ចំនួន ៥.០០០​នាក់ ហែ​ញត្តិ​គាំទ្រ​សកម្មភាព​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU)។

លោក ប៉ាន់ខែម ប៊ុនថន បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​ពុំ​ទាន់​កំណត់ពេល​វេលា​ច្បាស់​លាស់​ដើម្បី​ហែ​ញត្តិ​ទេ ដោយ​រង់ចាំ​ចម្លើយ​ពី​សាលា​រាជធានី​ជា​មុន​សិន៖ «ក្រុម​របស់​ខ្ញុំ​គឺ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ដែល​បច្ចុប្បន្ន​ធ្វើ​ការងារ​មនុស្សធម៌​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។ យើង​តែ​ទុក​ខ្មែរ​ទាំង​អស់​ជា​ខ្មែរ​តែមួយ អ៊ីចឹង​យើង​គាំទ្រ​នូវ​អ្វី​ដែល​គេ​កំពុង​ធ្វើ ជា​ពិសេស​អ្វី​ដែល​រដ្ឋាភិបាល​​កំពុង​ធ្វើ​គឺ​ខ្ញុំ​គាំទ្រ។ ដូច្នេះ​ខាង​ណោះ​គេ​ធ្វើ គឺ​ជា​រឿង​របស់​គាត់ ពីព្រោះ​ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​កម្ពុជា គឺ​មាន​សិទ្ធិ បើ​គាត់​មិន​ច្បាប់​ឲ្យ​ធ្វើ​គាត់​ធ្វើ​ទៅ ហើយ​ខ្ញុំ​អត់​ចាប់​អារម្មណ៍​ទេ»

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​សាលា​រាជធានី​ភ្នំពេញ ថា​តើ​អនុញ្ញាត​ឲ្យ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ប្រមាណ ៥​ពាន់​នាក់ ដើរ​ហែ​ញត្តិ​គាំទ្រ​ចំណាត់ការ ACU បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី​៥ ឧសភា។ ក៏​ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​សំណើ​របស់​ក្រុម​ពលរដ្ឋ​ប្រមាណ ២.០០០​នាក់ មក​ពី​​សហគមន៍​ផ្សេងៗ ដើម្បី​ហែ​ញត្តិ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ទាមទារ​ឲ្យ​បញ្ឈប់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់​ពន្ធនាគារ។

នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក មាស ចាន់យ៉ាដា ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ថា ការ​សម្រេច​របស់​សាលា​រាជធានី គឺ​ដោយ​ផ្អែក​លើ​មូល​ហេតុ​ថា ក្រុម​ពលរដ្ឋ​ទាំង​នោះ​មិន​មាន​ស្នាម​មេដៃ​គាំទ្រ​ពី​ពលរដ្ឋ​តាម​ចំនួន​ដែល​បញ្ជាក់​ក្នុង​លិខិត​របស់​ខ្លួន ហើយ​ពលរដ្ឋ​ទាំង​នោះ​មិន​បាន​ជូន​ដំណឹង​ឲ្យ​បាន ៥​ថ្ងៃ មុន​ថ្ងៃ​ហែ​ញត្តិ និង​មូលហេតុ​មួយ​ចំនួន​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​ក្រុម​ពលរដ្ឋ​ប្រមាណ ២​ពាន់​នាក់​នោះ អ្នកស្រី មាស លក្ខិណា អះអាង​ថា ពួកគេ​នឹង​នៅ​តែ​ប្រមូល​ផ្ដុំ​គ្នា​ហែ​ញត្តិ​តាម​ការ​គ្រោង​ទុក ទោះ​ក្នុង​ករណី​មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​ក៏ដោយ៖ «សហភាព​អឺរ៉ុប​ជិះ​កង់​បាន យើង​ជា​ពលរដ្ឋ​ខ្លួន​ឯង​សោះ សុំ​តែ​ហែ​ដាក់​ញត្តិ​សោះ តើ​វា​មានអី​ត្រូវ​ខុស? ប្រាប់​ទៅ ពួក​យើង​សុទ្ធ​តែ​ជា​ខ្មែរ​ដូចគ្នា យើង​អាច​និយាយ​គ្នា​បាន​តើ​អូន។ អ៊ីចឹង​យើង​អត់​មាន​ទៅ​បង្ក​ទៅ​ជា​លក្ខណៈ​ហិង្សា ឬ​អី​ទេ។ យើង​គ្រាន់តែ​សុំ​ដើរ​ទៅ​ដាក់​ញត្តិ​ជា​ធម្មតា​តែ​ប៉ុណ្ណឹង​ទេ»

តំណាង​ពលរដ្ឋ​ដែល​បាន​ផ្ដិត​ស្នាម​មេដៃ​លើ​លិខិត​ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៤ ឧសភា សុំ​ហែ​ញត្តិ គឺ​ជា​ពលរដ្ឋ​ដែល​មក​ពី​សហគមន៍​រង​គ្រោះ​ដោយសារ​ទំនាស់​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។