អ្នក​គាំទ្រ​បក្ស​កាន់​អំណាច​នៅ​កោះកុង​រារាំង​មេ​បក្ស​ប្រឆាំង​ចុះ​ជួប​អ្នក​គាំទ្រ

0:00 / 0:00

ពលរដ្ឋ​ប្រមាណ​ជិត ១០០​នាក់ នាំ​គ្នា​រារាំង​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អោយ​ជួប​អ្នក​គាំទ្រ​ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិថុនា ដោយ​សំអាង​ហេតុផល​ថា ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​មិន​ត្រូវ​ការ​វត្តមាន​អ្នក​ដឹក​នាំ​បក្ស​ប្រឆាំង នៅ​ក្នុង​តំបន់​រស់នៅ​របស់​គេ​ឡើយ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ សង្ស័យ​ថា ការ​រារាំង​នោះ​ថា​ជា​ការ​រៀបចំ​ទុក​ជា​មុន​របស់​គណបក្ស​នយោបាយ ដែល​មាន​បំណង​រំខាន​ដល់​សកម្មភាព​គណបក្ស​ប្រឆាំង។ ចំណែក​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្នើ​ពលរដ្ឋ​គាំទ្រ​គណបក្ស​កាន់​អំណាច ផ្ដល់​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

ក្រុម​អ្នក​តវ៉ា​ប្រមាណ ១០០​នាក់ រាយ​បណ្ដាក់​គ្នា​តាម​ច្រក​ផ្លូវ​ចូល​ទៅ​កាន់​ក្រុង​ខេមរភូមិន្ទ ដើម្បី​រារាំង​ដំណើរ​របស់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា មិន​អោយ​ចូល​ក្នុង​ក្រុង​ជួប​អ្នក​គាំទ្រ​នៅ​ទីនោះ​ឡើយ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​នៅ​ខេត្ត​កោះកុង លោក ទេព ហៃ មាន​ប្រសាសន៍​ថា ដោយសារ​ការ​រារាំង​នោះ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​គេច​បង្វែង​ដាន​ទៅ​តាម​ផ្លូវ​ផ្សេង​ទៀត ដើម្បី​បាន​ទៅ​ជួប​អ្នក​គាំទ្រ ដែល​មាន​ចំនួន​ប្រមាណ ២០០​នាក់ នៅ​ទីស្នាក់ការ​បក្ស​របស់​លោក។

លោក ទេព ហៃ បន្ត​ថា មេ​បក្ស​សង្គ្រោះ​ជាតិ បាន​ជួប​អ្នក​គាំទ្រ​ក្នុង​រយៈពេល​ប្រហែល​មួយ​ម៉ោង។ លោក ទេព ហៃ សង្ស័យ​ថា ការ​រារាំង​នោះ​ទំនង​ជា​មាន​ការ​រៀប​ចំ​ទុក​ជា​មុន៖ «និយាយ​ឲ្យ​ចំ​មក វា​ដូច​ជា​មាន​ហ៎ា ដូច​ជា​មាន​ហ៎ា គេ​ហៅ​ថា​មាន​ការ​ណែនាំ​ពី​បក្ស​ណា​មួយ ឬ​ក្នុង​ការ​ដឹក​នាំ​ហ៎ ពី​គណបក្ស​ណា​មួយ ដែល​គេ​មាន​បំណង​ចង់​រំខាន​ដល់​មេ​បក្ស​សង្គ្រោះ​ជាតិ មក​ជួប​ជុំ​សួរ​សុខ​ទុក្ខ​ដល់​សកម្មជន និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​លើ​បញ្ហា​នេះ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ​បាន​នៅ​ឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មិថុនា។

ក្នុង​ហេតុការណ៍​នោះ ក្រុម​អ្នក​តវ៉ា​បាន​លើក​បដា​ជាច្រើន ដែល​មាន​ន័យ​សេចក្តី​ថា ពួក​គេ​មិន​ត្រូវ​ការ លោក សម រង្ស៊ី និង​លោក កឹម សុខា អោយ​ចូល​ទៅ​ក្នុង​ភូមិ​ស្រុក​របស់​គេ​ទេ និង​បញ្ជាក់​ថា អ្នក​ទាំង​ពីរ​រំខាន​ដល់​ការ​មមាញឹក​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​អ្នក​ស្រុក។ លើស​ពី​នេះ ពួក​គេ​បាន​ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង ស្រែក​ប្រាប់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ អោយ​បោះ​បង់​ការ​គាំទ្រ​របស់​ពួក​គេ ដ្បិត​មេ​បក្ស​សង្គ្រោះ​ជាតិ ជា​មនុស្ស​បោក​ប្រាស់ ជាដើម។

ទាក់ទង​បញ្ហា​នេះ អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ឲ្យ​ដឹង​ថា ពលរដ្ឋ​គួរ​ស្វែង​យល់​មនោគមវិជ្ជា​ប្រជាធិបតេយ្យ ដើម្បី​ផ្ដល់​ឱកាស​គ្រប់​បក្ស​ក្នុង​ប្រទេស ធ្វើ​សកម្មភាព​នយោបាយ​ជាមួយ​អ្នក​គាំទ្រ​របស់​ពួក​គេ៖ «វា​មាន​អា​រឿង​អ៊ីចឹងៗ ហើយ​ដល់​ពេល​ធ្វើ​អ៊ីចឹង បាន​វា​បញ្ចៀស​នូវ​ការ​ចោទ​ថា វា​ការ​ប្រកួត​ប្រជែង​ថា វា​មិន​ស្មើ​ភាព​ហ៎ា»

នេះ​ជា​ករណី​ថ្មី​មួយ​ទៀត បន្ទាប់​ពី​ការ​រារាំង​មួយ​ដែល​ត្រូវ​គេ​ធ្វើ​ឡើង​នៅ​ក្នុង​ស្រុក​អន្លង់វែង កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ ក្រុម​មនុស្ស​ពេញ​កម្លាំង​សុទ្ធ​តែ​ប្រុសៗ​ជា​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច ច្រើន​រយ​នាក់ រួម​ទាំង​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​ផង បាន​រាយ​បណ្ដាក់​តាម​ដង​ផ្លូវ​សំខាន់ៗ ដើម្បី​រារាំង​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឱ្យ​ចូល​ទៅ​កាន់​ស្រុក​អន្លង់វែង ដែល​ជា​តំបន់​អតីត​ខ្មែរ​ក្រហម​ផ្ដាច់​ខ្លួន​បាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។