លោក ស ខេង បានផ្លាស់ប្ដូរចិត្តភ្លាមៗ លើកពេលចរចាជាមួយលោក កឹម សុខា ដោយមិនកំណត់ថ្ងៃជាក់លាក់។ ដំបូងឡើយប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ស ខេង បានផ្ញើលិខិតទៅលោក កឹម សុខា ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សន្យាជួបគ្នាថ្ងៃទី២៥ ខែមករា ប៉ុន្តែស្រាប់តែលោក ស ខេង ផ្ញើលិខិតមួយច្បាប់ផ្សេងទៀតប្រាប់ថា សុំលើកពេលចរចា ដោយមិនបញ្ជាក់ពេលជួបនៅថ្ងៃណានៅឡើយទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ បញ្ជាក់បន្ថែមពីលើលិខិតរបស់លោក ស ខេង ដោយចោទប្រកាន់ថា គណបក្សសង្គ្រោះជាតិ មិនស្មោះត្រង់ ដោយចង់ប្រើវប្បធម៌សន្ទនាមកជ្រៀតជ្រែកកិច្ចការតុលាការ ដើម្បីឲ្យដោះលែងក្រុមទណ្ឌិត និងពិរុទ្ធជន។ អ្នកពាក្យរូបនេះឲ្យដឹងទៀតថា គណបក្សប្រជាជនកម្ពុជា អាចជួបចរចាជាមួយគណបក្សសង្គ្រោះជាតិ បាន បន្ទាប់ពីរដ្ឋសភាធ្វើវិសោធនកម្ម ឬកែប្រែបទបញ្ជាផ្ទៃក្នុងរដ្ឋសភា មាត្រា ៤៨ថ្មី (បី)៖ « គណបក្សប្រជាជន មិនអាចធ្លាក់ចូលទៅក្នុងការល្បួងរបស់គណបក្សសង្គ្រោះជាតិ ទេ ដើម្បីបំផ្លាញគោលការណ៍នៃការបែងចែកអំណាចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយទៅបំផ្លាញជាន់ឈ្លីឯករាជភាពរបស់តុលាការ។ ចឹងនៅពេលដែលគណបក្សសង្គ្រោះជាតិ មិនស្មោះត្រង់នឹងវប្បធម៌សន្ទនា ចឹងវប្បធម៌សន្ទនាមិនអាចបន្តទៀតបាន»។
ដូចគ្នាទៅនឹងការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច កាលពីថ្ងៃទី១៦ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានតាមរយៈសារព័ត៌មានក្នុងស្រុកឈ្មោះ ហ្វ្រេសញូវ (Fresh News) ដែលស្និទ្ធនឹងលោកថា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា នឹងធ្វើវិសោធនកម្ម ឬកែប្រែបទបញ្ជាផ្ទៃក្នុងរដ្ឋសភាមាត្រា ៤៨ថ្មី (បី)។
នៅព្រឹកថ្ងៃទី១៧ ខែមករា តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានបង្ហោះលិខិតមួយច្បាប់របស់លោក ស ខេង ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលបានផ្ញើលិខិតមួយច្បាប់ទៅលោក កឹម សុខា ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រសង្គ្រោះជាតិ ដើម្បីកំណត់ពីពេលវេលា និងសមាសភាពនៃជំនួបរបស់ថ្នាក់ដឹកនាំទាំងពីរនៅថ្ងៃទី២៥ ខែមករា នាវិមានរដ្ឋសភា។
សមាសភាពពីបក្សកាន់អំណាចរួមមាន ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ស ខេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ និងមន្ត្រីជំនួយការពីរនាក់ទៀត ដើម្បីជួបជាចរចាជាមួយក្រុមការងាររបស់លោក កឹម សុខា។
ប៉ុន្តែភ្លាមៗនោះដែរ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យដឹងថា ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី លោក ស ខេង បានផ្ញើលិខិតមករដ្ឋសភាថ្មីមួយទៀត ប្រាប់ទៅភាគីគណបក្សសង្គ្រោះជាតិថា លើកពេលចរចាដោយមិនបញ្ជាក់ពេលវេលា និងមូលហេតុនៃការលើកពេលនេះឡើយ។ លោក ឡេង ប៉េងឡុង ថា ក្រោយពេលលោកបានទទួលលិខិតនេះ លោកក៏បានផ្ញើទៅគណបក្សសង្គ្រោះជាតិ រួចហើយដែរ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ស្នើមិនចង់ធ្វើអត្ថាធិប្បាយនៅពេលឃើញគណបក្សដៃគូសន្ទនារបស់ខ្លួនប្រែប្រួលចិត្តលឿនដូចនេះ។ លោកថ្លែងយ៉ាងខ្លីថា បើគណបក្សប្រជាជនកម្ពុជា យល់ថា ឃើញអ្វីដែលខ្លួនធ្វើជាការត្រឹមត្រូវឲ្យគណបក្សនេះធ្វើចុះ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិ នៅឲ្យតម្លៃលើការជួបចរចាគ្នា៖ « ខាងគណបក្សខ្ញុំ ខ្ញុំធ្វើការងារខ្ញុំ បើគណបក្សប្រជាជន គាត់រវល់ ឬក៏យ៉ាងម៉េច ខ្ញុំក៏មិនដឹងធ្វើម៉េចដែរ ពីព្រោះថាដំណើរការទៅបាន លុះត្រាមានពីរភាគីចូលរួមប្រជុំ»។
កាលពីថ្ងៃទី១៦ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយថា លោកចង់រំលាយប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្ត្រនៅក្នុងសភាចោល ដោយធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាត្រង់មាត្រា ៤៨ថ្មី (បី) ព្រោះមិនបាច់ពិបាករៀបចំរបៀបវារៈនៃការប្រជុំ។
លោក ហ៊ុន សែន ប្រាប់គេហទំព័រព័ត៌មាន ហ្វ្រេសញូវ ថា ក្រុមភាគតិចភាគច្រើននេះ ពិបាកក្នុងការធ្វើការ រួមទាំងការប៉ុនប៉ងចរចាដោះលែងអ្នកទោសដែលបំពានដល់អំណាចតុលាការ។
តួនាទីប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្ត្រ ត្រូវបានបង្កើតឡើងក្រោយកិច្ចចរចាបញ្ចប់ជម្លោះនយោបាយរវាងគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដោយដៃគូសន្ទនានៅពេលនោះគឺរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី។ ប៉ុន្តែសភាបានបោះឆ្នោតអនុម័តប្ដូរតួនាទីនេះមកឲ្យប្រធានស្ដីទីគណបក្សប្រឆាំង គឺលោក កឹម សុខា ធ្វើដៃគូសន្ទនាជាមួយនឹងលោក ហ៊ុន សែន ឬលោក ស ខេង វិញម្ដង កាលពីចុងឆ្នាំ២០១៦ ដោយផាត់លោក សម រង្ស៊ី ចេញពីទីលាននយោបាយ។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា ស្ថានការណ៍ចុងក្រោយនេះ អាចមកពីការខ្វែងគំនិតគ្នារវាងលោក ស ខេង អនុប្រធានបក្ស និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ លោកថា លោក ស ខេង អាចចង់ចរចាជាមួយគណបក្សប្រឆាំង ប៉ុន្តែលោក ហ៊ុន សែន មិនចង់ឲ្យមានការចរចា ហើយបញ្ជាឲ្យលើកពេលចរចាក្នុងនាមជាប្រធានបក្ស។ លោកយល់ថា មូលហេតុដែលគណបក្សប្រជាជនកម្ពុជា មិនចរចារឿងដោះលែងសកម្មជនសិទ្ធិមនុស្ស អគ្គលេខាធិការរង គ.ជ.ប និងមន្ត្រីបក្សរបស់ខ្លួននោះ ព្រោះបក្សកាន់អំណាចមិនចង់ឲ្យអ្នកគាំទ្រគណបក្សនេះមើលឃើញថា ប្រមុខគណបក្សប្រឆាំងមានសមត្ថភាពចរចាដើម្បីឲ្យអ្នកទាំងនោះរួចផុតការចោទប្រកាន់៖ « សម្ដេច នាយកជាអ្នកមានការព្រួយបារម្ភខ្លាំងជាងគេ ព្រោះគាត់ជាអ្នកទទួលខុសត្រូវរបស់គណបក្សប្រជាជនកម្ពុជា បានន័យថា អ្វីៗស្ថិតនៅក្នុងដៃរបស់គាត់ទាំងអស់។ ចឹងគាត់អាចផ្លាស់ប្តូរស្ថានភាពទៅតាមអ្វីដែលគាត់ចង់បាន»។
កាលពីថ្ងៃទី១៤ ខែមករា លោក ឡេង ប៉េងឡុង ឲ្យដឹងថា មានការឆ្លើយឆ្លងគ្នារបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ តាមរយៈលិខិត។ បក្សកាន់អំណាចកំណត់របៀបវារៈនៃការចរចានិយាយពីតួនាទី ការងារ និងសិទ្ធិអំណាចរបស់ប្រធានក្រុមភាគតិច និងប្រធានក្រុមភាគច្រើននៅក្នុងសភា។ ចំណែកគណបក្សសង្គ្រោះជាតិ ស្នើការចរចានិយាយបន្ថែមពីរចំណុចទៀត គឺធ្វើវិសោធនកម្មច្បាប់បោះឆ្នោតតំណាងរាស្ត្រដើម្បីឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចបោះឆ្នោតបាន និងចំណុចមួយទៀត ស្នើជជែកទាក់ទងសភាពការណ៍នយោបាយមុនការបោះឆ្នោត។
ការសន្យាថា នឹងជួបចរចារបស់គណបក្សប្រជាជនកម្ពុជា តែបែរជាមិនជួបវិញនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង សរសេរចំអកនៅហ្វេសប៊ុក (Facebook) របស់លោកថា រឿងនេះដូចរឿងល្ខោន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។