តើ​ការ​មិន​ចូល​ស្រុក​របស់​មេ​បក្ស​ជំទាស់​អាច​នឹង​ប៉ះពាល់​ដំណើរ​ការ​បោះ​ឆ្នោត​ឬ​ទេ?

ដោយ ម៉ម មុនីរតន៍
2015.11.24
សម រង្ស៊ី ៦២០ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ ថ្លែង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពេល​ត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Tin Zakariya

ប្រទេស​កម្ពុជា គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​សម្រាប់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ នៅ​ឆ្នាំ​២០១៧។ ដោយ​ឡែក សម្រាប់​ការ​បោះឆ្នោត​សកល​អាណត្តិ​ទី​៦​វិញ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៨។ បើ​ទោះ​ជា​បែប​នេះ​ក្ដី សម្រាប់​អ្នក​វិភាគ​នយោបាយ និង​អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​វិញ យល់​ឃើញ​ថា ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ អាច​នឹង​ប៉ះពាល់​ដល់​ដំណើរការ និង​នីតិវិធី​បោះឆ្នោត ប្រសិន​បើ​មេ​បក្ស​ជំទាស់​នៅ​តែ​ត្រូវ​ខកខាន​មិន​អាច​មាន​លទ្ធភាព​ណា​មួយ​វិល​ចូល​ស្រុក​វិញ​បាន​ទេ​នោះ។

តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​ចាប់​ខ្លួន លោក សម រង្ស៊ី ផ្ទួនៗ​គ្នា​ក្នុង​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ ហើយ​ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា គឺ​ជា​ឧបសគ្គ​ដ៏​ចម្បង​ដែល​រាំង​ខ្ទប់​ដល់​ការ​វិល​ចូល​ស្រុក​វិញ​របស់​មេ​បក្ស​ប្រឆាំង​នៅ​កម្ពុជា។

អ្នក​ជំនាញ​លើ​កិច្ចការ​បោះឆ្នោត​យល់​ឃើញ​ថា ការ​ខកខាន​ដែល​មិន​អាច​ចូល​ប្រឡូក និង​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​ក្នុង​វិស័យ​នយោបាយ​ឡើង​វិញ​របស់​ប្រធាន​គណបក្ស​ជំទាស់​នេះ គឺ​ជា​ការ​ដើរ​ថយ​ក្រោយ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​ប្រជាធិបតេយ្យ​មួយ​ដ៏​ពិត​ប្រាកដ។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ប្រសិនបើ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​នៅ​តែ​មិន​ត្រូវ​បាន​ផ្ដល់​លទ្ធភាព​ពេញលេញ​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​ទេ វា​នឹង​ធ្វើ​ឲ្យ​បរិយាកាស​ប្រព្រឹត្ត​ទៅ​ដោយ​មិន​ស្មើភាព ហើយ​ការ​ប្រកួត​ប្រជែង​នោះ​ទៀតសោត មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ។

លោក​បន្ត​ថា៖ «ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ទាល់​តែ​មាន​ការ​ចូលរួម ហើយ​ចូលរួម​ដោយ​ពេញលេញ​ពី​គណបក្ស​ទាំង​អស់​ដែល​ចូលរួម​ប្រកួត​ហ្នឹង។ បើ​យើង​មិន​ឲ្យ​មាន​វត្តមាន​គណបក្ស​ដែល​ចូល​រួម​ប្រកួត ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​ធ្ងន់ធ្ងរ​ណាស់​បាទ!»

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​ផ្លូវ​ការ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​តាម​ប្រព័ន្ធ​កុំព្យូទ័រ គ.ជ.ប នឹង​ចាប់​អនុវត្ត​ចន្លោះ​ពី​​ខែ​មីនា ដល់​ខែ​ឧសភា ឆ្នាំ​២០១៦ ខាង​មុខ ហើយ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​តែម្ដង នឹង​រៀបចំ​នៅ​ឆ្នាំ​២០១៧។ ចំណែក​ការ​បោះឆ្នោត​សកល ឬ​ហៅ​ថា បោះឆ្នោត​ជាតិ​វិញ នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​សប្ដាហ៍​ទី​៤ នៃ​ខែ​កក្កដា។

ជុំវិញ​ការ​បោះ​ឆ្នោត​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដេជ្ញា​កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ថា លោក​មិន​ព្រម​ឲ្យ​មាន​ការ​បោះឆ្នោត​មុន​អាណត្តិ​ជា​ដាច់​ខាត ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា នឹង​មិន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ថែម​កែប្រែ​ច្បាប់​បោះឆ្នោត​ទៀត​ផង។

លោក ហ៊ុន សែន រិះគន់​ថា គណបក្ស​សង្គ្រោះ​ជាតិ តែង​ប្រើប្រាស់​ការ​ចូល​សភា និង​វប្បធម៌​សន្ទនា​ធ្វើ​ជា​ដើម​ទុន​ក្នុង​រឿង​នយោបាយ​របស់​ខ្លួន។ ហេតុ​នេះ​លោក​ចាត់​ទុក​ថា ដើម្បី​បញ្ចប់​ការ​ចំណេញ​នយោបាយ​ដោយ​ឆៅៗ​បែប​នេះ គឺ​លោក​នឹង​មិន​យល់​ព្រម​ឲ្យ​មាន​ការ​បោះឆ្នោត​មុន​អាណត្តិ ដូច​ការ​ចង់​បាន​របស់​គណបក្ស​ប្រឆាំង​ទៀត​ឡើយ៖ «បើ​ចង់​បោះ​មុន​ការ​កំណត់ ត្រូវ​កែ​រដ្ឋធម្មនុញ្ញ។ អ៊ីចឹង​គណបក្ស​ប្រជាជន មិន​កែ​ដាច់​ខាត មិន​កែ​រដ្ឋធម្មនុញ្ញ។ បើ​អ៊ីចឹង​ត្រូវ​តែ​បោះឆ្នោត​នៅ​ដដែល។ រាល់​ថ្ងៃ​អាទិត្យ អាទិត្យ​ទី​៤ ខែ​កក្កដា តែ​ដដែល​ហ្នឹង។ អត់​ឲ្យ​លោក​ឯង​យក​ទៅ​ឃោសនា​បាន​ទេ»

អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បិទ​ផ្លូវ​ប្រធាន​គណបក្ស​ជំទាស់​នេះ គឺ​ជា​មធ្យោបាយ​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ត្រូវ​ចុះ​ខ្សោយ។ មាន​ពិសោធន៍​រួច​មក​ហើយ ដែល​គណបក្ស​គ្រប់គ្រង​រដ្ឋាភិបាល គឺ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ឲ្យ​គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច ត្រូវ​ខ្សោះ​កម្លាំង​រហូត​បាត់បង់​អាសនៈ​ពី​ក្នុង​រដ្ឋសភា។ ដោយ​ឡែក​ការ​បង្កើត​រលក​ថ្មី គឺ​ផ្ដល់​លទ្ធភាព​ឲ្យ​មាន​គណបក្ស​នយោបាយ​តូចៗ កើត​ឡើង​ក្នុង​អន្តរកាល​នេះ អ្នក​វិភាគ​យល់​ឃើញ​ថា បក្ស​កាន់​អំណាច​ប្រហែល​បាន​ដឹង​រួច​ទៅ​ហើយ​ថា បក្ស​ថ្មី​បង្កើត​ថ្មី​ទាំង​នេះ នឹង​មិន​អាច​ជា​គូ​ប្រយុទ្ធ​ដ៏​ខ្លាំង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​អាយុកាល​ដ៏​ចំណាស់​ណាស់​មក​ហើយ​នេះ​បាន​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា កន្លង​ទៅ តំណាង​គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​សន្យា​ថា នឹង​បន្ត​ពិគ្រោះ​យោបល់​អំពី​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​នេះ​បន្ថែម​ទៀត។ យ៉ាង​ណា​លោក ហ៊ុន សែន បាន​ប្ដេជ្ញា​ជា​ថ្មី​ទៀត​ថា នឹង​ពុំ​មាន​ការ​កែប្រែ ឬ​ត្រូវ​ពន្យារ​ពេល​នៃ​ការ​បោះឆ្នោត​ទេ។ ការ​បញ្ជាក់​ជំហរ​ដូច​នេះ​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​ប្រមុខ​ដឹកនាំ​បក្ស​ជំទាស់ គឺ​លោក សម រង្ស៊ី ចោទ​ប្រកាន់​ថា លោក​នាយករដ្ឋមន្ត្រី​កំពុង​រក​មធ្យោបាយ​ដើម្បី​កុំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជាតិ សម្រាប់​អាណត្តិ​ទី​៦ ខាង​មុខ​នេះ។

បើ​ទោះ​ជា​បែប​ណា ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ថ្មី ជ្រើសតាំង​តំណាងរាស្ត្រ មាត្រា​៣ ចែង​ថា កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត ត្រូវ​កំណត់ និង​ប្រកាស​ដោយ​នាយករដ្ឋមន្ត្រី​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

ប្រទេស​កម្ពុជា ឆ្លង​កាត់​ការ​បោះឆ្នោត​សកល​ចំនួន ៥​អាណត្តិ​រួច​មក​ហើយ។ ជា​រួម ក្រោយ​ការ​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ​ម្ដងៗ ភាគី​គណបក្ស​ដែល​ចាញ់​ឆ្នោត​តែងតែ​ចោទ​ប្រកាន់ គ.ជ.ប ចាស់​អំពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ដែល​មាន​បក្ស​កាន់​អំណាច​នៅ​ពី​ក្រោយ​ខ្នង។ ដូចជា​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ កាល​ពី​ឆ្នាំ​២០១៣ ធ្វើ​ឲ្យ​ជាប់​គាំង​នយោបាយ​អស់​រយៈ​ពេល​ជិត ១​ឆ្នាំ​ជា​ដើម ដែល​គណបក្ស​ជំទាស់​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​ដើម្បី​បង្កើត​រដ្ឋាភិបាល។

មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា យល់​ឃើញ​ថា ថ្វី​បើ​កម្ដៅ​នយោបាយ​នៅ​ពេល​នេះ​បាន​ឡើង​ខ្ពស់​ហួស​ពី​ការ​រំពឹង​ទុក​យ៉ាង​ណា​ក៏​ដោយ​ចុះ ក៏​បញ្ហា​នេះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឬ គ.ជ.ប ត្រូវ​រង​សម្ពាធ​ឥទ្ធិពល​នយោបាយ​ណា​មួយ​ឡើយ។

លោក ហង្ស ពុទ្ធា មាន​ជំនឿ​ថា ចរន្ត​នយោបាយ​នេះ​អាច​ថយ​ចុះ ហើយ​អ្វីៗ​នឹង​វិល​មក​ភាព​ប្រសើរ​ឡើង​វិញ​​នៅ​មុន​ការ​បោះឆ្នោត​មក​ដល់​ក៏​អាច​ថា​បាន៖ «ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ឬ​ក៏​ឆ្នាំ​២០១៨ ប្រហែល​ជា​ត្រូវ​រង់ចាំ​មើល​បន្តិច​ទៀត​សិន ពីព្រោះ​ពេល​ខ្លះ​កម្ដៅ​របស់​អ្នក​នយោបាយ​ឡើង​ខ្ពស់ ប៉ុន្តែ​ពេល​ខ្លះ​ក៏​ឃើញ​ធ្លាក់​ចុះ​ទាប​មក​វិញ​ដែរ។ អ៊ីចឹង​សម្រាប់ គ.ជ.ប ហាក់​ដូច​ជា​កំពុង​មមាញឹក​ក្នុង​ការងារ​ផ្សេងៗ​ដែល​ជា​តួនាទី​របស់​ខ្លួន»

អ្នក​វិភាគ​នយោបាយ​សង្កេត​ឃើញ​ថា កម្ពុជា​ស្ទើរ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ អំពី​ការ​ប្រេះឆា​ផ្នែក​នយោបាយ​នេះ។ ស្ទើរ​គ្រប់​អាណត្តិ គណបក្ស​ជំទាស់​តែង​ត្រូវ​បាន​បិទ​ច្រក​ចេញ​តាម​អំណាច​ដីកា​របស់​តុលាការ។ គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​អ្នក​ដែល​ស្ថិត​នៅ​ពី​ក្រោយ​រាល់​បណ្ដឹង​ពី​តុលាការ​ប្រឆាំង​បក្ស​ជំទាស់។

ជា​ញឹកញាប់​រាល់​មាន​មាន​ប្រតិកម្ម​ពី​លោក ហ៊ុន សែន លើ​សំណុំរឿង​អ្វី​មួយ គេ​តែង​សង្កេត​ឃើញ​ចៅក្រម ឬ​ព្រះរាជអាជ្ញា​នៃ​តុលាការ​ក្រុង​ភ្នំពេញ តែង​កោះហៅ​មេដឹកនាំ​បក្ស​ជំទាស់​យ៉ាង​ប្រញាប់ប្រញាល់។ សម្រាប់​អាណត្តិ​នេះ ក៏​មិន​ខុស​ពី​អាណត្តិ​មុនៗ​ដែរ ប្រធាន​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា ត្រូវ​ចៅក្រម​ស៊ើបសួរ និង​តំណាង​អយ្យការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​ផ្ទួនៗ​គ្នា ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ក្នុង​សំណុំ​រឿង​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា។ ក៏​ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​កត់​សំគាល់​ថា បើ​ទោះ​ជា​បែប​នេះ​ក្ដី នៅ​នាទី​ចុងក្រោយ ស្ថានភាព​នយោបាយ​តឹង​យ៉ាង​ណា អ្នក​នយោបាយ​ក៏​នៅ​តែ​អាច​វិល​មក​តុ​ចរចា ហើយ​ចាប់​ដៃ​គ្នា​បាន​ដដែល។

បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក រស់ រ៉ាវុធ យល់​ឃើញ​ថា ប្រសិន​បើ​មេ​បក្ស​ជំទាស់ ពិត​ជា​ពុំ​អាច​រក​ច្រក​ចេញ ឬ​ផ្សះផ្សា​ផ្នែក​នយោបាយ​បាន​មែន ករណី​នេះ​លោក​មើល​ឃើញ​ថា វា​អាច​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ដែរ ប៉ុន្តែ​មិន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ទាំង​មូល​ទេ។ ក្រៅ​ពី​នេះ​វិញ អាច​ជា​ការ​ប៉ះពាល់​ខ្លះ​ដែរ ក៏ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា ការ​ប្រកួត​ប្រជែង​ដោយ​ខ្វះ​ការ​ចូលរួម​ពេញលេញ​ពី​គូប្រកួត​ប៉ុណ្ណោះ៖ «ទោះ​បី​មេ​គណបក្ស​ប្រឆាំង​មិន​ចូល ប៉ុន្តែ​មាន​គណបក្ស​ច្រើន​ទៀត​ក​កើត។ អ៊ីចឹង​មាន​ន័យ​ថា ប្រទេស​កម្ពុជា មាន​ប្រជាធិបតេយ្យ​ហើយ ប៉ុន្តែ​គ្រាន់​តែ​បក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​ស្រុក​ខ្មែរ មិន​បាន​ចូល​តែ​ប៉ុណ្ណឹង​ទេ»

យ៉ាង​ណា​លោក សំ គន្ធាមី ចាត់​ទុក​ថា វត្តមាន​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​គឺ​ជា​តួ​អង្គ​ដ៏​សំខាន់ ក្នុង​​ដំណើរ​ការ​បោះឆ្នោត។ ហេតុ​នេះ ប្រសិន​បើ​ការ​ខកខាន​ណា​មួយ​ដែល​ពុំ​អាច​ផ្ដល់​លទ្ធភាព​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​ផ្ទាល់​ទេ វា​ជា​ដំណើរ​ការ​ខ្វះ​តម្លាភាព ត្រឹមត្រូវ និង​ជា​ការ​ប្រព្រឹត្ត​ទៅ​ដោយ​ស្មើ​មុខ​ស្មើ​មាត់​ណាស់៖ «បេក្ខភាព​របស់​គាត់​គឺ​ជា​កត្តា​សំខាន់​បំផុត ដែល​ប្រជាពលរដ្ឋ​ពិចារណា​ក្នុង​ការ​បោះ​ឆ្នោត​ឲ្យ ព្រោះ​រើស​អ្នក​មក​ជំនួស​មិន​បាន​ទេ»

បើ​ទោះ​ជា​បែប​ណា សម្រាប់​អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​យល់​ឃើញ​ថា ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​វត្តមាន​មេ​បក្ស​ជំទាស់​នៅ​តែ​ពុំ​អាច​មាន​លទ្ធភាព​ចូលរួម​ប្រកួតប្រជែង​ទេ គឺ​ដំណើរការ​បោះ​ឆ្នោត​នោះ ប្រៀប​ដូច​កីឡាករ​ទម្ងន់​ធ្ងន់ ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ទម្ងន់​ស្រាល​យ៉ាង​ដូច្នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។