បក្ស​កាន់​អំណាច​ព្រមាន​បក្ស​ប្រឆាំង​អំពី​ការ​ឈប់​ចរចា

0:00 / 0:00

គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា គណបក្ស​នេះ​មាន​ឆន្ទៈ​ក្នុង​ការ​ចរចា រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​ឆន្ទៈ​ក្នុង​ការ​ចរចា​ពិត​ប្រាកដ​ទេ ហើយ​ថា ការ​ចរចា​នេះ​គ្រាន់​តែ​ជា​ការ​ពន្យារ​ពេល​តែប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​បាន​លើក​ឡើង​ថា ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ មិន​បាន​លើក​ពី​របៀបវារៈ​ចំៗ ដែល​ជា​បញ្ហា​បណ្ដាល​ឲ្យ​មាន​ការ​ជាប់​គាំង​នោះ​ទេ។ ដើម្បី​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ទទួល​យក​បាន​ទាំង​អស់​គ្នា​នោះ លុះ​ត្រា​ណា​កែ​ទម្រង់​ស្ថាប័ន គ.ជ.ប ជា​មុន​សិន។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​នៃ​គណៈកម្មការ​ចម្រុះ បាន​ព្រមាន​ថា បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ បញ្ឈប់​ការ​ចរចា​នោះ គឺ​គណបក្ស​នេះ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រជាពលរដ្ឋ។

ការ​ថ្លែង​ដូច្នេះ នៅ​បន្ទាប់​ពី​លោក សម រង្ស៊ី បាន​ប្រកាស​ជា​លើក​ទី​៣ ពី​ប្រទេស​អូស្ត្រាលី ថា បើ​សិន​ជា​ការ​ចរចា​គ្នា​នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ ខាង​មុខ​នេះ គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​ទេ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈប់​ចរចា ហើយ​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ជា​ថ្មី។

សមាជិក​គណៈកម្មការ​ចម្រុះ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ឈាង វុន មាន​ប្រសាសន៍​ថា លោក​សោកស្ដាយ​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឈប់​ចរចា​នោះ ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​លើ ១៤​ចំណុច​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​១៧ មីនា ហើយ​ក្នុង​នោះ​ក៏​មាន​និយាយ​ពី​ការ​កែទម្រង់​ស្ថាប័ន​បោះ​ឆ្នោត​ដែរ។

«សំឡេង»

លោក ឈាង វុន បន្ថែម​ថា ចំណុច​ទាំង ១៤​នេះ គឺ​ជា​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​ឯកភាព​ក្នុង​ការ​ជួប​ចរចា​គ្នា​របស់​គណៈកម្មការ​ចម្រុះ​គណបក្ស​ទាំង​ពីរ ក៏ប៉ុន្តែ​បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ចង់​លើក​តែ​របៀបវារៈ​តែមួយ​អំពី​ការ​កែ​ទម្រង់​ស្ថាប័ន គ.ជ.ប នេះ ត្រូវ​លើក​ឲ្យ​បាន​ច្បាស់លាស់។

«សំឡេង»

គណៈកម្មការ​ចម្រុះ​គណបក្ស​ទាំង​ពីរ បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ប្រកាស​រួម បន្ទាប់​ពី​បាន​ឯកភាព​គ្នា​កាល​ពី​ថ្ងៃ​ទី​១៧ មីនា នោះ រួម​មាន ការ​រៀបចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត រៀបចំ​បង្កើត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ កំណែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត អព្យាក្រឹតភាព សុចរិតភាព​របស់​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​គណបក្ស​នយោបាយ យន្តការ​នៃ​ការ​ដោះស្រាយ​វិវាទ ការ​សង្កេតការណ៍​បោះឆ្នោត អព្យាក្រឹតភាព​នៃ​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត បទបញ្ជា និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត កែសម្រួល និង​ពង្រឹង​ទោស​បញ្ញត្តិ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ការ​ឃោសនា​បោះ​ឆ្នោត ការ​បោះ​ឆ្នោត​មេ​ភូមិ និង​ចំណុច​ចុង​ក្រោយ គឺ​ការ​ស្ទង់​មតិ។

អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា បាន​បញ្ជាក់​ថា នៅ​ក្នុង ១៤​ចំណុច​នេះ ក៏​មាន​ការ​កែ​ទម្រង់ គ.ជ.ប ដែរ ដូច្នេះ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ មីនា ខាង​មុខ​នេះ បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា មិន​យក​ចំណុច​កែ​ទម្រង់ គ.ជ.ប មក​ជជែក​ទេ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ថា គណបក្ស​នេះ​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ចរចា​ពិត​ប្រាកដ​ទេ គណបក្ស​ប្រជាជន​កម្ពុជា ចង់​គេចវេះ​ដើម្បី​អូស​បន្លាយ និង​ទាក់​ទាញ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​តាម​រយៈ​រូបភាព​ចរចា​នេះ។

«សំឡេង»

រដ្ឋាភិបាល​កម្ពុជា អភិវឌ្ឍន៍​ប្រទេស​ក្រោយ​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ និង​ចាប់​តាំង​ពី​កម្ពុជា បាន​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ជា​លើក​ដំបូង ឆ្នាំ​១៩៩៣ មក​នោះ គឺ​ពឹង​ផ្អែក​លើ​ជំនួយ និង​កម្ចី​ពី​បរទេស។ សម្រាប់​គម្រោង​ថវិកា​ជាតិ ឆ្នាំ​២០១៤ នេះ ដែល​សភា​ឯកបក្ស​បាន​អនុម័ត​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នោះ ប្រមាណ​ជិត ៣.៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ក្នុង​ចំណោម​ថវិកា​ជាង ៣​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​រដ្ឋ​ត្រូវ​ប្រើប្រាស់​ក្នុង​មួយ​ឆ្នាំៗ​នោះ រដ្ឋាភិបាល​ត្រូវ​ការ​ជំនួយ និង​កម្ចី​ពី​បរទេស​ប្រមាណ ១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

នៅ​ខណៈ​ដែល​កម្ពុជា កំពុង​ជាប់​គាំង​នយោបាយ​នេះ ប្រទេស​ជា​ម្ចាស់​ជំនួយ​មួយ​ចំនួន​មិន​ទាន់​ផ្ដល់​ជំនួយ និង​កម្ចី​ដល់​រដ្ឋាភិបាល​ទេ គេ​រង់ចាំ​ដល់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​ជាប់​គាំង​ជាង​កន្លះ​ឆ្នាំ​នេះ​សិន។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​បាន​លើក​ឡើង​ថា របៀបវារៈ​ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នេះ មិន​ទាន់​ចំ​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​នោះ​ទេ។ បញ្ហា​សំខាន់​នោះ គឺ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ត្រូវ​ជជែក​គ្នា​អំពី​ភាព​ជាប់​គាំង​នយោបាយ និង​ការ​កែ​ទម្រង់ គ.ជ.ប ដែល​ជា​ដើមចម​ដ៏​សំខាន់​ធ្វើ​ឲ្យ​មាន​ជម្លោះ​នយោបាយ​អូស​បន្លាយ​ដល់​សព្វថ្ងៃ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា គណបក្ស​ទាំង​ពីរ​យក​ការ​ចរចា​នេះ​ជា​រឿង​សំខាន់​ក្នុង​ការ​បញ្ចប់​ជម្លោះ​នយោបាយ ក៏ប៉ុន្តែ​ធាតុពិត​ការ​ចរចា​នេះ​ហាក់បីដូចជា​នៅ​ឆ្ងាយ​ពី​គ្នា ដើម្បី​ឈាន​ដល់​ការ​បញ្ចប់​ទំនាស់​នយោបាយ​នៅ​ឡើយ ដោយសារ​ថា តំណាង​គណបក្ស​នីមួយៗ បើក​ការ​ចរចា​ផង និង​ធ្វើការ​វាយ​បក​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង។

«សំឡេង»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក យង់ គិមអេង បាន​លើក​ឡើង​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​ត្រូវ​លេង​ល្បែង​នយោបាយ​យក​ឈ្នះ​ចាញ់​នោះ​ទេ គណបក្ស​ទាំង​ពីរ​ត្រូវ​គិត​ពី​ការ​អភិវឌ្ឍ​ប្រទេស​វិញ​ជា​រឿង​សំខាន់ ពីព្រោះ​ថា ការ​ជាប់​គាំង​នយោបាយ​នេះ ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ក៏​ខាត​ប្រយោជន៍ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ខាត ពិសេស​ទៅ​ទៀត​នោះ គឺ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់។

«សំឡេង»

ជាង​នេះ​ទៅ​ទៀត អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី បាន​អះអាង​ថា ការ​ជាប់​គាំង​នយោបាយ​នេះ ជា​ការ​រាំង​ស្ទះ​ដល់​អ្នក​វិនិយោគ។ ដោយសារ​បញ្ហា​នេះ វិបត្តិ​ការងារ​ធ្វើ​របស់​យុវជន​នឹង​ប្រឈម​កាន់​តែ​ខ្លាំង ហើយ​សេដ្ឋកិច្ច​ជាតិ​ក៏​នឹង​មិន​អាច​រីក​ចម្រើន​ទៅ​មុខ​បាន​ដែរ។

«សំឡេង»

នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ អ្នក​វិភាគ​សង្កត់​ធ្ងន់​ថា គណបក្ស​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ទាល់ច្រក​រៀងៗ​ខ្លួន ពោល​គឺ​រដ្ឋាភិបាល​ឯកបក្ស​លំបាក​នឹង​កៀរគរ​រក​ជំនួយ​ពី​បរទេស។ រី​ឯ​គណបក្ស​សង្រ្គោះ​ជាតិ ទោះ​បី​ជា​មាន​ប្រជាពលរដ្ឋ​គាំទ្រ​លើសលប់​ពី​ពេល​ណា​ក្ដី ក៏​ប៉ុន្តែ​ក៏​លំបាក​ក្នុង​ការ​ធ្វើ​បាតុកម្ម​នៅ​តាម​ទី​សាធារណៈ​ដែរ ទោះ​បី​ជា​ច្បាប់​ធ្វើ​បាតុកម្ម​ត្រូវ​បាន​ធានា​នៅ​ក្នុង​ច្បាប់​បាតុកម្ម​ក៏ដោយ ពីព្រោះ​ថា ស្ថាប័ន​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​មិន​ឯករាជ្យ ស្ថិត​នៅ​ក្នុង​ក្រោម​ការ​ក្ដោបក្ដាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​ស្រុង ហើយ​រង់ចាំ​តែ​បញ្ជា​ក្នុង​ការ​ចុះ​បង្ក្រាប​បាតុករ​តែប៉ុណ្ណោះ។

ម្យ៉ាង​វិញ​ទៀត សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​យក​ទីលាន​ប្រជាធិបតេយ្យ​ធ្វើ​បាតុកម្ម​ដូច​កាល​ពី​មុន​ទៀត​ឡើយ។ នៅ​ត្រង់​ចំណុច​នេះ ទោះ​បី​ជា​អ្នក​ច្បាប់​ពន្យល់​ថា ការ​ប្រកាស​ហាមឃាត់​នេះ​​ជា​រឿង​ខុស​ច្បាប់​ក្ដី ក៏ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ ហាក់​លែង​ខ្វល់​អំពី​ច្បាប់​ទម្លាប់​ទៀត​ហើយ សំខាន់​គឺ​ខ្លួន​អាច​ទប់​ស្កាត់​បាន ក្រោម​រូបភាព​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។