លោក ហ៊ុន សែន ប្រកាស​មិន​យក​ពន្ធ​ដី​កសិកម្ម​បើ​បក្ស​ប្រជាជន​ឈ្នះ​ឆ្នោត

ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ជា​ថ្មី​ម្តង​ទៀត​ថា បើ​គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ថ្មី​ខាង​មុខ​នេះ នឹង​បន្ត​អនុវត្ត​គោល​នយោបាយ​មិន​យក​ពន្ធ​លើ​ដីធ្លី​នោះ​ទេ។ ចំណែក​មន្ត្រី​គណបក្ស​ប្រឆាំង យល់​ស្រប​ចំពោះ​ការ​មិន​យក​ពន្ធ​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​មាន​ដី​តិចតួច​ធ្វើ​កសិកម្ម ប៉ុន្តែ​ដី​ដែល​ទុក​ចោល​រាប់​សិប​ពាន់​ហិកតារ​នោះ​មិន​គួរ​លើក​លែង​ទេ។

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា​មិន​ត្រូវ​លេង​ល្បែង​នយោបាយ​យក​ពន្ធ​លើ​ដីធ្លី​កសិកម្ម​នោះ​ទេ។ លោក​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី២៦ ខែ​មេសា ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឆ្នាំ​២០១២-២០១៣ ដោយ​ប្រកាស​ផ្ដាំ​ផ្ញើ​ថា បើ​ទោះ​ជា​គ្មាន​វត្តមាន​លោក​ជា​នាយក​រដ្ឋមន្ត្រី​ក៏ដោយ ក៏​មេ​ដឹកនាំ​គណបក្ស​ប្រជាជន ដែល​ត្រូវ​បន្ត​វេន​ពី​លោក គឺ​មិន​ត្រូវ​យក​ពន្ធ​ដី​កសិកម្ម​ពី​ប្រជាពលរដ្ឋ​ទេ៖ «មិន​ត្រូវ​យក​ពន្ធ​ពី​គាត់​ទេ បញ្ហា​សំខាន់​បំផុត​នោះ គឺ​ត្រូវ​ធ្វើ​ឲ្យ​គាត់​មាន​លុយ​នៅ​ក្នុង​ដៃ។ ការ​មិន​យក​ពន្ធ​លើ​ដី​កសិកម្ម​នេះ គឺ​សម្រាប់​តែ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ដឹកនាំ​ប្រទេស​ប៉ុណ្ណោះ»

បញ្ហា​នេះ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆៃ មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី​គួរ​បែង​ចែក​ឲ្យ​ដាច់​រវាង​ដី​ប្រជាពលរដ្ឋ​ដែល​មាន​ចំនួន​១០ ឬ ២០​ហិកតារ​ចុះ​ក្រោម និង​ដី​ដែល​មាន​ទំហំ​រាប់​សែន​ហិកតារ​ដែល​គ្រប់គ្រង​ដោយ​បុគ្គល​ម្នាក់។

លោក​គាំទ្រ​ចំពោះ​ការ​មិន​យក​ពន្ធ​លើ​ដីធ្លី​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​មាន​ដី​តិចតួច ប៉ុន្តែ​មិន​ត្រូវ​លើក​លែង​ចំពោះ​ដី​របស់​អ្នក​មាន​លុយ​កាក់ អ្នក​មាន​អំណាច​នោះ​ទេ៖ «ចំពោះ​ដី​របស់​មន្ត្រី​ខិលខូច អ្នក​មាន​អំណាច ឈ្មួញ​ដែល​ទទួល​បាន​ដី​សម្បទាន​ពិសេស​នោះ រាប់​ម៉ឺន រាប់​សែន​ហិកតារ​ម្នាក់ ហើយ​បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខ្មែរ​អស់ ទៅ​ជា​ផល​ប្រយោជន៍​របស់​ខ្លួន ក្រោយ​មក​បាន​លក់​ដី​នោះ​បន្ត​គ្នា​រាប់​រយ​លាន​ដុល្លារ ដោយ​គ្មាន​បាន​ប្រយោជន៍​មក​ដល់​ប្រទេស​ជាតិ​នេះ ត្រូវ​តែ​បង់​ពន្ធ​ច្បាស់​លាស់ បើ​រដ្ឋាភិបាល​ថា​ជួល​ត្រូវ​តែ​ជួល​ឲ្យ​សម​តាម​តម្លៃ​ទីផ្សារ»

លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​គិតគូរ​ពី​បញ្ហា​នេះ​យ៉ាង​ម៉ត់ចត់ ហើយ​គណបក្ស​នេះ​ក៏​មាន​គោល​នយោបាយ​មិន​យក​ពន្ធ​លើ​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ដែរ ហើយ​ថែម​ទាំង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​ឲ្យ​បាន​គ្រប់ៗ​គ្នា ប្រសិន​ជា​គណបក្ស​នោះ​ឈ្នះ​ឆ្នោត។

ចំណែក​លោក កែម ឡី អ្នក​ស្រាវជ្រាវ​លើ​ការ​អភិវឌ្ឍ​សង្គម​វិញ មាន​ប្រសាសន៍​ថា ការ​មិន​ប្រមូល​ពន្ធ​ដី​ជា​នយោបាយ​មួយ ភាគ​ច្រើន​គាំទ្រ​សម្រាប់​ឈ្មួញ មន្ត្រី​ធំៗ​ដែល​មាន​ដី​ច្រើន​ជាង​ប្រជាពលរដ្ឋ​ក្រីក្រ ឯ​រដ្ឋាភិបាល​ជា​អ្នក​ខាត​បង់​ចំណូល ហើយ​ធ្វើ​ឲ្យ​ជាប់​គាំង​ចលនា​សេដ្ឋកិច្ច ពីព្រោះ​ដី​ធំៗ​ទាំង​នោះ​ត្រូវ​គេ​ទិញ​ទុក​ចោល​ពុំ​មាន​អភិវឌ្ឍ​អ្វី​ឡើយ។

លោក​បន្ត​ថា ជា​ការ​ប្រសើរ គួរ​តែ​មាន​នយោបាយ​យក​ពន្ធ​ដី ប៉ុន្តែ​ត្រូវ​ចែក​ជា​ផ្នែកៗ​ឲ្យ​បាន​ច្បាស់​លាស់៖ «យ៉ាង​ហោច​ណាស់ ក៏​ចែក​ជា​បី​ផ្នែក​ដែរ បើ​សិន​អ្នក​ហ្នឹង​ក្រោម ៥​ហិកតារ មិន​យក​តែ​ម្តង ហើយ​ពី ៥ ទៅ ១០​ហិកតារ ត្រូវ​យក​ប៉ុន្មាន​ភាគរយ ពី ១០ ទៅ ២០ ឬ​លើស​ហ្នឹង ត្រូវ​យក​ប៉ុន្មាន បើ​មាន​ចែង​អ៊ីចឹង​ចំណេញ​ជាង»

របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) ក៏​ធ្លាប់​បាន​អះអាង​ថា នៅ​ប្រទេស​កម្ពុជា ក្នុង​ចំណោម​អ្នក​ដែល​មាន​ដី​ច្រើន​ដល់ ៥០០​ហិកតារ គឺ ៣១% ជា​អ្នក​ប្រកប​អាជីវកម្ម ២៣% ជា​មន្ត្រី​មាន​ឋានៈ​ខ្ពស់​ដែល​មាន​ងារ​ជា​ឯកឧត្ដម ២៣% ជា​ឧកញ៉ា ១៥% ជា​មន្ត្រី​យោធា​ដែល​គេ​ហៅ​ថា​ឧត្ដមសេនីយ៍ និង ៨% ជា​សមាជិក​រដ្ឋសភា។ ក្នុង​នោះ​ដែរ គ្រួសារ​ជនបទ​មួយ​ចំនួន​ធំ​ប្រមាណ ៤៦% មាន​ដី​តិច​ជាង​កន្លះ​ហិកតារ។

ក្រុម​អ្នក​អង្កេត​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច បាន​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មាន​ក្បាល​ដី​ចំនួន​ជាង ២​លាន ៨​សែន​ហិកតារ ជា​ដី​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ហើយ​តាម​តួលេខ​បញ្ជាក់​ថា កសិករ​មាន​ដី​កសិកម្ម​ជា​មធ្យម​ប្រមាណ ១​ហិកតារ​ក្នុង​មួយ​គ្រួសារ។ ផ្ទុយ​ទៅ​វិញ ការ​ស្រាវជ្រាវ​ថ្មី​នានា​បាន​បង្ហាញ​ថា គ្រួសារ​មាន​ដីធ្លី​មាន​ប្រមាណ​កន្លះ​ហិកតារ ដែល​បាន​បង្ហាញ​អំពី​អសមត្ថភាព​នៃ​ការ​កាន់​កាប់​ដី​នៅ​ប្រទេស​កម្ពុជា។

របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​បណ្ដុះ​បណ្ដាល​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា គ្រួសារ​ចន្លោះ​ពី ១២% ទៅ ១៥% នៃ​ចំនួន​គ្រួសារ​នៅ​ជនបទ គឺ​គ្មាន​ដី​កសិកម្ម​ទេ ហើយ​អ្នក​ដែល​គ្មាន​ដីធ្លី នឹង​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ប្រមាណ ២%៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។