សហព័ន្ធ​និស្សិត​រិះគន់​តំណាង​រាស្ត្រ​ទាំង​១២៣​រូប​ថា​មិន​យក​ចិត្ត​ទុក​ដាក់​បម្រើ​ពលរដ្ឋ

0:00 / 0:00

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​នៅ​ថ្ងៃ​ទី​១៨ ខែ តុលា រិះគន់​តំណាងរាស្ត្រ​ទាំង​១២៣​រូប​ថា មិន​បាន​យក​ចិត្ត​ទុក​ដាក់​បម្រើ​ប្រជាពលរដ្ឋ​អោយ​បាន​ពេញ​លេញ។ ការរិះគន់​នេះ​គឺ​បន្ទាប់​ពី​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បាន​ដាក់​ញត្តិ​ដល់​មន្ទីរ​រដ្ឋសភា ប្រឆាំង​ការ​បញ្ជូន​ជនភៀសខ្លួន​អូស្ត្រាលី មក​រស់នៅ​កម្ពុជា កាលពីថ្ងៃទី១៧ តុលា តែ​ពុំ​មាន​អ្នក​តំណាងរាស្ត្រ​ណា​ម្នាក់​ចេញ​មក​ទទួល។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញ​ដោយ​លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​បញ្ញវន្តកម្ពុជា​រិះគន់​ថា តំណាងរាស្ត្រ​ទាំង ១២៣ រូប​គឺ​ទាំង​អ្នកតំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ បាន​អង្គុយ​នៅ​បន្ទប់​នៃ​វិមាន​រដ្ឋ​សភា មាន​ផាសុកភាព មាន​ម៉ាស៊ីនត្រជាក់ ភ្លេច​ពី​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ ដែល​ឈរ​តវ៉ា​នៅខាងមុខ​វិមាន​រដ្ឋសភា​ទាំង​កណ្តាល​ថ្ងៃ​ក្តៅហែង។

លោក ម៉ៅ វិសេស ថ្លែង​បន្ថែម​ថា ក្រុម​របស់​លោក​មាន​បំណង​ស្វែង​រក​ជំនួយ​ពី​អ្នក​តំណាង​រាស្ត្រ ប៉ុន្តែ​បាន​ទទួល​មក​វិញ​នូវ​ភាព​ខកចិត្ត។ លោក​អំពាវ​នាវ​អោយ​អ្នកតំណាង​រាស្ត្រ​គួរ​យក​ចិត្ត​ទុក​ដាក់​បម្រើ​ពលរដ្ឋ និង​កែ​តម្រូវ​ទម្លាប់​មិនល្អ៖ «ចំពោះយើងជាប្រជាពលរដ្ឋ​យើង​មាន​ការ​សោកស្តាយ​ មែនទែន​ ដែល​តំណាងរាស្រ្តត្រូវ​បានបោះឆ្នោត​ដោយ​ប្រជាពលរដ្ឋ​ ហាក់​បី​ដូចជា​មិន​អោយ​ តម្លៃ​ដល់​ការ​ទាមទារ ​ ដល់​ញត្តិ​របស់​យើង ដែល​យើង​ចង់​លើក​ពីកង្វល់​របស់​យើង​ទៅ​ពួក​គាត់ ដែល​យើង​បាន​បោះឆ្នោត​ ឲ្យ»។

កាលពី​ថ្ងៃ​ទី​១៧ ខែ តុលា ក្រុម​បាតុករ​ដែល​មាន​ចំនួន​ប្រមាណ​៥០០​នាក់​បាន​ហែ​ក្បួន​ទៅ​ដល់​មុខ​រដ្ឋសភា​ទាមទារ​អោយ​អ្នក​តំណាងរាស្ត្រ​អន្តរាគមន៍​បញ្ឈប់​ផែនការ​របស់​រដ្ឋាភិបាល​នាំ​ជនភៀសខ្លួន​ដែល​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី​មក​កម្ពុជា។ ប៉ុន្តែ​ពេល​នោះ​ពុំ​មាន​អ្នក​តំណាងរាស្ត្រ​ចេញ​មក​ទទួល​ឡើយ។

សេចក្ដី​ថ្លែង​ការណ៍​ដដែល ចាត់​ទុក​តំណាងរាស្ត្រ​ខ្មែរ ដែល​មិន​បាន​ចេញ​មក​ទទួល​ញត្តិ​របស់​បាតុករ ថា​អន់​ជាង​ព្រឹទ្ធ​សមាជិក​របស់​ប្រទេស​អូស្ត្រាលី ដែល​បាន​សុំ​ណាត់​ជួប​បាតុករ នៅ​ខែ​វិច្ឆិកា​ខាងមុខ ដើម្បី​ស្ដាប់​ពី​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​បញ្ជូន និង​ទទួលយក​ជន​ភៀស​ខ្លួន ដែល​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី មក​កាន់​ប្រទេស​កម្ពុជា។

ឆ្លើយ​តប​បញ្ហា​នេះ​ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា លោក​នឹង​ពិនិត្យ​មើល​ថា​មាន​មូល​ហេតុអ្វី​ទើប​មិន​មាន​អ្នក​តំណាង​រាស្រ្ត​ចេញ​ទៅ​ទទួល​ញត្តិ៖ «បើ​ខ្ញុំ​នៅ​ទី​នោះ​ ខ្ញុំ​តែង​តែ​ឈប់​សួរនាំ ដើម្បី​អោយ​គេ​ទទួល។ ខ្ញុំ​មិន​ដឹង​ថា​ថ្ងៃ​ម្សិល​មិញ​ដោយ​សារ​មាន​​​ប្រធាន​គណៈកម្មការ​មួយ​ចំនួន​ជាប់​ធ្វើ​បុណ្យកឋិន​បុណ្យ អ៊ីចឹង​ប្រហែល​ជា​មិន​បាន​ចេញ​មក​ទទួល។ ប៉ុន្តែ​ខ្ញុំ​ជឿ​ ថា​បើ​ទោះ ​ជា​មិន​បាន​ចេញ​ទទួលក៏​ដោយ​ក៏​អ្នក​ធ្វើ​បាតុកម្ម​ហ្នឹង​អាច​ដាក់​នៅ​មន្រ្តីដែល​នៅ​សភា​ហ្នឹង​គឺឯកសារ​ហ្នឹង​​​ អា ច​ទៅ​ដល់​គណៈកម្មការ ​បាន ​ដូច​គ្នា។ ប៉ុន្តែ​ខ្ញុំ​សោកស្តាយ​ធម្មតា​តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ​តែង​តែ​ចេញ​ទៅ​ទទួល ។ ប៉ុន្តែ​ខ្ញុំ​នឹង​ សួរ​នាំ​ទៀត ​ថា​ហេតុ​អី​បាន ​ជា ​អត់​មាន​អ្នក​ចេញ​ទៅ​ម្សិលមិ »

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នៅ​ឡើយ​ទេ​នៅ​រសៀល​ថ្ងៃ​១៨ ខែ តុលា ដោយ​អ្នក​តំណាង​រាស្ត្រ​ខ្លះ​ទៅ​ក្រៅ​ប្រទេស ខ្លះ​មិន​លើក​ទូរស័ព្ទ និង​ខ្លះ​ទៀត​មាន​ជំងឺ​មិន​អាច​ឆ្លើយ​បាន។ឮយ៉ាងណា​កន្លងទៅ​ក៏​មាន​អ្នកតំណាង​រាស្ត្រ​គណបក្ស​នេះ​មួយ​ចំនួន​ធ្លាប់​ចេញ​ទទួល​ញត្តិ​ពលរដ្ឋ ដែល​មាន​ជម្លោះដីធ្លី និង​ក្រុម​កម្មករ​ដែល​តវ៉ា​ដែរ។

ទោះ​ជា​យ៉ាង​ណាលោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​បញ្ញវន្ត មើល​ឃើញ​ថា​រាល់ការទទួលញត្តិ​របស់​អ្នកតំណាងរាស្រ្ត​ទាំង​២​គណបក្ស​នាពេលកន្លង​ទៅ​នោះ គឺហាក់​ធ្វើ​អោយ​តែ​​រួចពីដៃ ដោយ​ពុំ​បាន​យក​ចិត្ត​ទុកដាក់​ដល់​សុខ​ទុក្ខ​ពលរដ្ឋ​អោយ​បាន​ពិតប្រាកដ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។