តំណាងក្រុមភាគច្រើន និងក្រុមភាគតិចនៃរដ្ឋសភា មិនបានជួបគ្នាចរចាអំពីស្ថានការណ៍នយោបាយវិវឌ្ឍចុងក្រោយ ដូចការគ្រោងទុកនោះទេនៅថ្ងៃច័ន្ទ ទី៣០ វិច្ឆិកា ដោយគេបានពន្យារពេលជួបគ្នាមួយរយៈ។ ការពន្យារពេលនេះ ធ្វើឡើងបន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ធ្វើពហិការមិនចូលប្រជុំសភានៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ហើយរដ្ឋសភា បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ និងអនុម័តសេចក្ដីព្រាងច្បាប់មួយចំនួនទៀត។
តំណាងក្រុមភាគច្រើន និងក្រុមភាគតិចនៃរដ្ឋសភា ប្រកាសថា ការខកខានជំនួបកំពូលរវាងគណបក្សទាំងពីរ មិនពាក់ព័ន្ធនឹងការធ្វើពហិការមិនចូលប្រជុំសភារបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នោះទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងឲ្យដឹងនៅថ្ងៃទី៣០ វិច្ឆិកា ថា ជំនួបរវាងតំណាងក្រុមភាគច្រើន និងក្រុមភាគតិចនៅរដ្ឋសភា ត្រូវបានពន្យារមួយរយៈសិន។ លោកថា មូលហេតុដែលតំណាងក្រុមភាគច្រើនដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង មិនបានជួបពិភាក្សាគ្នាអំពីការវិវឌ្ឍន៍នយោបាយចុងក្រោយ ជាមួយក្រុមភាគតិចនៅក្នុងរដ្ឋសភានោះ ដោយសារ លោក ស ខេង ជាប់រវល់។ លោកអះអាងថា ការពន្យារពេលនេះ មិនទាក់ទងនឹងការធ្វើពហិការមិនចូលប្រជុំសភារបស់គណបក្សប្រឆាំងឡើយ។ រីឯកាលកំណត់ជំនួបជាថ្មី ក៏នៅមិនទាន់ដឹងពេលណានៅឡើយដែរ៖ «រឿងគាត់ចូល ឬមិនចូលជារឿងទទួលខុសត្រូវរបស់គាត់ផ្ទាល់ទេ អត់មានពាក់ព័ន្ធបញ្ហាវប្បធម៌សន្ទនានេះទេ»។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ វិញ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងថា គណបក្សសង្គ្រោះជាតិ បានស្នើសុំជួបគ្នាឆាប់ៗ ប៉ុន្តែពុំទាន់ទទួលបានដំណឹងត្រឡប់មកវិញនៅឡើយ។ លោកថា គោលជំហរនៃវប្បធម៌សន្ទនា មិនពាក់ព័ន្ធនឹងការធ្វើពហិការប្រជុំសភានៅពេលនេះទេ។ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងចូលប្រជុំសភាដើម្បីបំពេញការងារធម្មតាវិញ នៅពេលដែលបញ្ហាមួយចំនួនត្រូវបានដោះស្រាយនៅក្នុងកិច្ចជំនួបកំពូលរវាងគណបក្សទាំងពីរ៖ «បច្ចុប្បន្ននេះមានទំនាក់ទំនងតាមទូរស័ព្ទ គម្រោងដាក់លិខិតជាផ្លូវការនៅពេលខាងមុខ ដើម្បីកំណត់យកថ្ងៃជាក់លាក់។ យើងនៅតែសង្ឃឹមជឿជាក់ ព្រោះគណបក្សទាំងពីរធ្លាប់អះអាងថា យើងនឹងអនុវត្តវប្បធម៌សន្ទនារវាងខ្មែរ និងខ្មែរឲ្យបានជោគជ័យ។ គោលជំហររបស់គណបក្សសង្គ្រោះជាតិ នៅតែយល់ឃើញថា ការជួបគ្នានៅប្រាកដអាចធ្វើឡើងបាន»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រកាសឲ្យដឹងអំពីការពន្យារពេលជួបគ្នានេះ ធ្វើឡើងខណៈគណបក្សប្រឆាំងធ្វើពហិការមិនចូលប្រជុំរដ្ឋសភា ដើម្បីអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៦ និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីស្ថិតិ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ដែលធ្វើការឃ្លាំមើលការបោះឆ្នោតមានមតិថា មានបញ្ហាពីរសំខាន់ដែលតំណាងរាស្ត្របក្សប្រឆាំង ធ្វើពហិការមិនចូលប្រជុំសភា។ គណបក្សប្រឆាំង មិនដែលគាំទ្រច្បាប់ថវិកាដែលគ្មានការបើកទូលាយ ក្នុងការពិភាក្សាឲ្យបានព័ត៌មាន ឬរបាយការណ៍លម្អិតពីគម្រោងនៃរបាយការណ៍នោះទេ។ ចំណែកបញ្ហាទី២ ទាក់ទងនឹងរឿងសន្តិសុខ ការគំរាមកំហែង ការបំភិតបំភ័យជាអាទិភាព និងមានការសម្រេចចិត្តខុសឆ្គងជាច្រើនរបស់រដ្ឋសភា ទាក់ទងនឹងការដកអនុប្រធានទី១ រដ្ឋសភា លោក កឹម សុខា ការវាយលើតំណាងរាស្ត្រទាំងពីររបស់គណបក្សនេះ រួមទាំងការដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រពី លោក សម រង្ស៊ី ជាដើម ដែលមិនមានដំណោះស្រាយដែលធ្វើឲ្យគណបក្សសង្គ្រោះជាតិ អល់អែក និងពិចារណាពីជំហររបស់ខ្លួនក្នុងការឆ្លើយតបនេះ។
លោក គល់ បញ្ញា ថា បរិបទនេះត្រូវតែមានការជួបជជែកគ្នាជាបន្ទាន់មួយ ទើបមានដំណោះស្រាយ៖ «ត្រូវការជជែកគ្នាសិន ដើម្បីឲ្យមានការធានាមួយឲ្យយល់គ្នាថា តើបញ្ហាដែលកើតកន្លងមកនោះ តើក្នុងស្ថានភាពយ៉ាងម៉េច? ខាងរដ្ឋាភិបាល ខាងគណបក្សកាន់អំណាច មានជំហរយ៉ាងម៉េចចំពោះបញ្ហាកន្លងមកនេះ? ត្រូវការបកស្រាយពន្យល់ ដើម្បីមានទំនុកចិត្តធ្វើការជាមួយគ្នា ខ្លាចមានរឿងបន្តទៀត។ គណបក្សសង្គ្រោះជាតិ ក៏នៅមានតួនាទីអាចធ្វើសកម្មភាពមួយចំនួន ជាសកម្មភាពស្របច្បាប់ជាអ្នកតំណាងរាស្ត្រ ព្រោះ ៥៥នាក់ច្រើនដែរ ដែលអាចជំរុញឲ្យមានការទទួលខុសត្រូវបន្ថែមលើអ្វីដែលកើតកន្លងមកហើយ។ តួនាទីអ្នកតំណាងរាស្ត្រ ក៏នៅមានប្រសិទ្ធភាព»។
កាលពីល្ងាចថ្ងៃទី៤ ខែវិច្ឆិកា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅមុនពេលលោកចាកចេញទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេសនោះ លោកបានជួបពិភាក្សាសម្ងាត់ជាមួយ លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ដោយភាគីទាំងពីរឯកភាពគ្នាប្ដេជ្ញាបន្តប្រើប្រាស់វប្បធម៌សន្ទនាជាគោល ក្នុងការដោះស្រាយបញ្ហាដែលកំពុងកើតមានដ៏ចម្រូងចម្រាសនាពេលបច្ចុប្បន្ន ក៏ប៉ុន្តែ ការវិវឌ្ឍនយោបាយចុងក្រោយ នឹងធ្វើឲ្យគណបក្សទាំងពីរកាន់តែប្រេះឆាគ្នាធ្ងន់ធ្ងរនោះ នៅបន្ទាប់ពីតុលាការបានចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី និងការដក លោក កឹម សុខា ចេញពីតួនាទីជាអនុប្រធានទី១ រដ្ឋសភាជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
